​​វិធីសាស្ត្រ​​ច្នៃ​ខ្លួន​ឯង​​ឲ្យ​ក្លាយ​ជា​មនុស្ស​មាន​តម្លៃ​



បើ​អ្នក​ចង់​ផ្លាស់ប្ដូរ​នរណា​ម្នាក់​រួម​ទាំង​ខ្លួនឯង​ផង​នោះ អ្នក​ត្រូវ​ផ្លាស់ប្ដូរ​វិធី​នៃ​ការ​គិត​របស់​ពួកគេ​ចំពោះ​ខ្លួនឯង​ជា​មុន​សិន។ បើ​អ្នក​បណ្ដុះ​គ្រាប់​ពូជ​បែប​ណា វា​នឹង​លូតលាស់​ចេញ​នូវ​គ្រាប់​ពូជ​ដូច​គ្នា​ទៅ​នឹង​អ្វី​ដែល​អ្នក​បាន​បណ្ដុះ​មក​នោះ​ហើយ។ ការ​គិត​របស់​មនុស្ស​ម្នាក់​ក៏​មិន​ខុស​គ្នា​ដែរ។ ពួកគេ​នឹង​ស្រូប​ទាញ​របស់​ល្អៗ​ចូល​ក្នុង​ជីវិត បើ​ពួកគេ​តែង​មាន​ទម្លាប់​បណ្ដុះ​គ្រាប់​ពូជ​នៃ​ការ​គិត​របស់​ខ្លួន​នូវ​គំនិត​វិជ្ជមាន បើ​មិន​ដូច្នោះ​ទេ​រឿង​អាក្រក់​ក្ដៅ​ក្រហាយ​ទាំងឡាយ​ក៏​នឹង​ចូល​មក​ក្នុង​ជីវិត​ពួកគេ​ដូច​គ្នា បើ​គ្រាប់​ពូជ​ដែល​បាន​បណ្ដុះ​ជា​គ្រាប់​ពូជ​នៃ​គំនិត​អវិជ្ជមាន​នោះ។

ការ​មិន​ឲ្យ​តម្លៃ​លើ​ខ្លួនឯង វា​មិន​ខុស​គ្នា​អ្វី​ពី​ការ​ខ្វះ​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​នោះ​ទេ។ បើ​កាលណា​អ្នក​មិន​ជឿជាក់​លើ​ខ្លួនឯង​ហើយ តើ​អ្នក​នឹង​មាន​កម្លាំង​ជំរុញ​ចិត្ត​មក​ពី​ណា ដើម្បី​ទប់ទល់​នឹង​ស្ថានការណ៍​លំបាកៗ​ដែល​តែងតែ​កើតឡើង​មិន​អាច​ចៀស​បាន​នៅ​ក្នុង​ជីវិត​នោះ ? ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​បង្កើន​ការ​ឲ្យ​តម្លៃ​លើ​ខ្លួនឯង៖

១) ត្រួតពិនិត្យ​លើ​ការ​គិត​ដែល​អ្នក​តែង​មាន​មក​លើ​ខ្លួនឯង

សម្បជញ្ញៈ​របស់​មនុស្ស ឬ​ជា​ចិត្ត​ក្រៅ​ខ្លួន​ដែល​អាច​បែងចែក​ខុសត្រូវ​បាន គ្រប់គ្រង​ទៅលើ​ចិត្ត​មួយ​ដំណាក់កាល​ទៀត​ដែល​នៅ​ក្រោម​ការ​បញ្ជា​ពី​វា នោះ​គឺ​អនុ​សម្បជញ្ញៈ។ សម្បជញ្ញៈ​អាច​ទទួល​ដឹង​បាន​តាមរយៈ​ញាណ​ទាំង៥​របស់​មនុស្ស ហើយ​នៅ​ពេល​វា​ទទួល​យក​គំនិត​ណាមួយ​ហើយ អនុ​សម្បជញ្ញៈ​ក៏​នឹង​ស្ដាប់​តាម​ហើយ​ព្រម​ទទួល​យក​នូវ​គំនិត​នោះ​ដែរ។ អនុ​សម្បជញ្ញៈ​គឺជា​ចិត្ត​ដែល​បង្គាប់​បញ្ជា​ទៅលើ​រាល់​ទង្វើ​និង​សកម្មភាព​របស់​មនុស្ស។ ហេតុនេះ នៅ​ពេល​វា​ទទួល​យក​គំនិត​បែប​អន់ថយ​ហើយ វា​ក៏​នឹង​បញ្ជា​ឲ្យ​អ្នក​ប្រព្រឹត្ត​នូវ​អ្វី​ដែល​ផ្ដល់​ផល​អវិជ្ជមាន​មក​លើ​ខ្លួន​អ្នក​វិញ​ដែរ។ នេះ​គឺជា​ច្បាប់​ធម្មជាតិ។ ជា​ប្រការ​សំខាន់​បំផុត​ដែល​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ជានិច្ច​នូវ​រាល់​ការ​គិត​ដែល​អ្នក​កំពុង​មាន។

២) តើ​អ្វី​ដែល​អ្នក​ធ្វើ​បាន​ល្អ​បំផុត? 

វា​ជា​សំណួរ​ដែល​សួរ​រក​ពី​ចំណុច​ខ្លាំង​របស់​អ្នក​នេះ​ហើយ។ នរណា​ម្នាក់​ក៏​មាន​ចំណុច​ពិសេស​ដែល​ជា​ភាព​ខ្លាំង​របស់​ខ្លួន​ដែរ។ ការ​ទទួល​ខុសត្រូវ​របស់​អ្នក​ទៅលើ​ជីវិត​ខ្លួនឯង គឺជា​ការ​ស្វែងរក​ឲ្យ​ឃើញ​នូវ​ចំណុច​ខ្លាំង​នោះ។ នៅ​ពេល​អ្នក​ដឹង​ពី​អ្វី​ដែល​ខ្លួន​ធ្វើ​បាន​ល្អ​បំផុត​ហើយ និង​បាន​ប្រើប្រាស់​ចំណុច​ខ្លាំង​នោះ​ដើម្បី​បំពេញ​ប្រយោជន៍​ដល់​អ្នកដទៃ​ទៀត​នោះ អ្នក​នឹង​រក​ឃើញ​នូវ​តម្លៃ​របស់​ខ្លួន​ជា​មិន​ខាន។

៣) ការ​អភ័យទោស

អ្វី​ក៏​ដោយ​ក៏​មិន​អាច​មក​រំខាន​សេចក្ដី​ស្ងប់​អ្នក​បាន​ដែរ ដរាប​ណា​វា​មិន​ទទួល​បាន​ការ​អនុញ្ញាត​ពី​អ្នក​នោះ។ អ្នក​ក៏​ត្រូវ​ចងចាំ​គ្រប់​ពេល​ដែល​ចិត្ត​អ្នក​ពោរពេញ​ដោយ​ភាព​ចង្អៀតចង្អល់​មិន​ព្រម​អភ័យទោស​ដល់​ខ្លួនឯង ឬ​អ្នកដទៃ គឺ​អ្នក​ខ្លួនឯង​នោះ​ទេ​ដែល​ប្រគល់​អំណាច​ឲ្យ​រឿង​ទាំងនោះ​មក​រំខាន​ដល់​អ្នក ប៉ះពាល់​ដល់​សេចក្ដី​សុខ​ស្ងប់​នៃ​ចិត្ត និង​ផ្នែក​ផ្សេងៗ​នៃ​ជីវិត។ នៅ​ពេល​ចិត្ត​អ្នក​ចង្អៀតចង្អល់​ក្ដៅ​ក្រហាយ អ្នក​កំពុង​តែ​មិន​ផ្ដល់​តម្លៃ​លើ​ខ្លួនឯង​ហើយ ហើយ​មាន​តែ​ចិត្ត​ស្ងប់​ប៉ុណ្ណោះ ទើប​អាច​នាំ​សេចក្ដី​សុខ​មក​អ្នក​បាន។

៤) ចងចាំ​ថា​អ្នក​មិនមែន​ជា​អ្វី​ដែល​ជា​ស្ថានការណ៍​របស់​អ្នក​នោះ​ទេ

គ្មាន​ជោគជ័យ​ណា​ដែល​អាច​សម្រេច​បាន​ដោយ​អវត្តមាន​នូវ​ការ​បរាជ័យ​នោះ​ឡើយ។ មាន​បរាជ័យ​ទើប​មាន​ជោគជ័យ ឲ្យ​តែ​បុគ្គល​នោះ​ចេះ​រៀន​សូត្រ​ពី​មេរៀន​ដែល​បរាជ័យ​បាន​បង្រៀន​ពួកគេ ដើម្បី​កែប្រែ​អភិវឌ្ឍ​ឲ្យ​ល្អ​ជាង​ខ្លួនឯង​កាល​ពី​ម្សិលមិញ។ ផ្ទុយទៅវិញ អ្នក​គឺជា​មនុស្ស​បរាជ័យ​ពិត​ប្រាកដ​ណាស់ បើ​អ្នក​យក​ការ​បរាជ័យ​នោះ​មក​កំណត់​ជោគវាសនា​ជីវិត​អ្នក​បញ្ចប់​ត្រឹម​នេះ ដោយ​មិន​តស៊ូ​រើ​បម្រះ​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ psychologytoday

X
5s