មានសុបិន្តចង់ក្លាយជាអ្នកការទូតតែមិនដឹងធ្វើយ៉ាងណា? ជំហានទាំង៥នេះអាចជួយអ្នកបាន
តាំងពីទំនាក់ទំនងមិនផ្លូវការប្រចាំថ្ងៃរវាងអ្នកជាមួយមិត្តភ័ក្ដិឬក្រុមគ្រួសារ រហូតឆ្លងទៅដល់ទំនាក់ទំនងកិច្ចការប្រទេសជាតិ តួនាទីរបស់ការធ្វើទំនាក់ទំនងគ្នាបានចងភ្ជាប់មនុស្សយើងម្នាក់ៗមិនឲ្យដាច់ពីគ្នាដោយមិនអាចខ្វះបាន។ នៅក្នុងការរួមចំណែកពន្លឿនការអភិវឌ្ឍរបស់សង្គមជាតិមួយ អ្នកការទូតបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ចូលរួមសម្រេចបាននូវគោលដៅនេះ។
ហេតុនេះ ដើម្បីដុសខាត់ខ្លួនឯងឲ្យក្លាយជាអ្នកការទូតដ៏ចំណានមួយរូបបាន តើបុគ្គលម្នាក់ត្រូវមានលក្ខណៈសម្បត្តិយ៉ាងដូចម្ដេចខ្លះ ?
១) ជំនក់ចិត្តដ៏ក្លៀវក្លា
ទស្សនវិទូក្រិក អារីស្តូតបានលើកឡើងថា "ភាពពេញចិត្តនឹងការងារបង្កើតនូវភាពល្អឥតខ្ចោះទៅលើលទ្ធផលរបស់វា"។ អ្នកត្រូវប្រាកដចិត្តជាមួយខ្លួនឯងជាមុនសិន មុននឹងសម្រេចចិត្តបូជាកម្លាំងកាយចិត្តនិងពេលវេលារបស់អ្នកដើម្បីធ្វើវា ព្រោះថាអ្វីក៏ដោយសារក៏មិនងាយស្រួលសម្រាប់អ្នកដែលមិនចង់ធ្វើវាដែរ។ ដូច្នេះ បើអ្នកពេញចិត្តនឹងធ្វើវា នោះអ្នកនឹងមានឆន្ទៈព្យាយាមដុសខាត់សមត្ថភាពរបស់ខ្លួនបន្តិចម្ដងៗឲ្យខ្ពស់ហួសពីឧបសគ្គនៃការងារនោះ។
២) មានចំណេះដឹងជាពិសេសពាក់ព័ន្ធនឹងទំនាក់ទំនងអន្តរជាតិនិងប្រវត្តិសាស្ត្រ
នៅពេលអ្នកទៅចរចាជាមួយប្រទេសដទៃទៅលើកិច្ចការឫផែនការឫគោលនយោបាយផ្សេងៗ អ្នកប្រៀបបាននឹងអ្នកតំណាងឲ្យប្រទេសរបស់ខ្លួន និងប្រជាជនទាំងអស់របស់ខ្លួនដូច្នោះ។ បើអ្នកតំណាងដ៏សំខាន់យ៉ាងនេះ មិនសូវយល់ដឹងស៊ីជម្រៅពីប្រទេសជាតិខ្លួន និងប្រទេសជាតិដែលជាភាគីទំនាក់ទំនងម្ខាងទៀត តើអ្នកនឹងអាចសង្ឃឹមពីសម្ពន្ធភាពដ៏រលូនដែលនឹងផ្ដល់ផ្លែផ្កាដល់កិច្ចការប្រទេសជាតិយ៉ាងដូចម្ដេចបាន ?
៣) ទុកពេលត្រិះរិះវិភាគមុននឹងបញ្ចេញគំនិត
សង្គមនឹងឲ្យតម្លៃកាន់តែខ្លាំងប្រសិនបើបុគ្គលណាម្នាក់អាចបញ្ចេញគំនិតយោបល់របស់ខ្លួនទៅលើបញ្ហាអ្វីមួយបានឆាប់រហ័ស ព្រោះវាបង្ហាញពីភាពរហ័សរហួននិងភាពឈ្លាសវៃនិងការយល់ដឹងច្រើនរបស់ពួកគេ។ ដោយឡែក ការបញ្ចេញគំនិតដោយមិនបានវិភាគ ប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ និងយកចិត្តទុកដាក់ស្ដាប់ភាគីពិភាក្សាជាមុនសិនទេនោះ វានឹងនាំមកនូវការធ្វេសប្រហែសដែលនាំទៅរកកំហុសឆ្គងដោយមិនអាចចៀសបានទៅវិញ។
៤) កំណត់គោលការណ៍ឲ្យខ្លួនឯងនូវការចរចាដ៏មានវិន័យនិងប្រកបដោយប្រសិទ្ធភាព
ការចរចាប្រកបដោយប្រសិទ្ធភាពរបស់អ្នកការទូតដ៏ចំណានមួយរូប មិនមែនកំណត់នៅត្រង់ថាតើសំណើពួកគេទទួលបានការយល់ព្រមឬអត់នោះទេ។ អ្វីដែលសំខាន់នៅត្រង់ថាតើខ្លឹមសារនៃការចរចារបស់អ្នក ផ្ដល់ប្រយោជន៍ដល់ប្រជាជនក្នុងសង្គមជាតិរបស់អ្នកដូចម្ដេចខ្លះ ហើយវាចាំបាច់ឲ្យអ្នកត្រូវដឹងផងដែរថា ពេលណាគួរបដិសេធនិងពេលណាគួរយល់ព្រមតាមសំណើភាគីម្ខាងទៀត។
៥) បទពិសោធន៍ការងារ
ការទទួលបានការបណ្ដុះបណ្ដាលជាមួយនឹងប្រព័ន្ធអប់រំដ៏មានកម្រិតខ្ពស់នៅសាលា មិនមែនមានន័យថាអ្នកមានសមត្ថភាពគ្រប់គ្រាន់ស័ក្ដិសមនឹងបម្រើការងារនៅក្នុងផ្នែកណាមួយដោយអាជីពនោះទេ។ ទ្រឹស្ដីខ្លះមិនដូចការអនុវត្តជាក់ស្ដែងនោះឡើយ ដូច្នេះអ្នកត្រូវហាត់ពត់លត់ដំខ្លួនឯងជាមួយនឹងការងារផ្នែកការទូតនេះនៅតាមស្ថាប័នផ្សេងៗដោយជាក់ស្ដែងជាមុនសិន សឹមគិតគូរប្រឡូកការងារអាជីព៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ belfercenter