តាមទស្សនវិទូក្រិក ផ្លាតុង តើព្រលឹងរបស់មនុស្សចែកចេញជាប៉ុន្មានផ្នែក ?​



តើ​អ្វី​មាន​ឥទ្ធិពល​កំណត់​ពី​ភាព​ចុះ​សម្រុង​គ្នា​នៃ​គ្រប់​ផ្នែក​ទាំងឡាយ​ក្នុង​ជីវិត​របស់​អ្នក ? នៅ​ក្នុង​បទ​សន្ទនា​ដ៏​ល្បីល្បាញ​បំផុត​មួយ​ដែល​មាន​ឈ្មោះ​ថា "សាធារណរដ្ឋ" (Republic) របស់​ទស្សនវិទូ​ក្រិក​បុរាណ ផ្លាតុង មនុស្ស​យើង​ម្នាក់ៗ​មាន​ព្រលឹង​៣ គឺ​ព្រលឹង​នៃ​វិចារណញ្ញាណ (rational soul) ព្រលឹង​នៃ​ចំណង់​ឬ​តណ្ហា (appetitive soul) និង​ព្រលឹង​នៃ​វេទនារម្មណ៍ (spirited soul)។

ព្រលឹង​នៃ​វិចារណញ្ញាណ គឺជា​ផ្នែក​ដែល​គ្រប់គ្រង​ទៅលើ​ហេតុផល ជា​ផ្នែក​គិត​ត្រិះរិះ​វិភាគ មាន​សមត្ថភាព​បែងចែក​អ្វី​ពិត​និង​អ្វី​មិន​ពិត និង​ជា​ផ្នែក​ដែល​ទទួល​ខុសត្រូវ​ទៅលើ​ការ​សម្រេច​ចិត្ត។

ព្រលឹង​ទី២​របស់​មនុស្ស​ដែល​ជា​ព្រលឹង​នៃ​ចំណង់​ឬ​តណ្ហា​នេះ ជា​គ្រឹះ​នៃ​ការ​កកើត​រាល់​ចំណង់​មិន​ឈប់ឈរ​របស់​មនុស្ស មាន​ដូចជា​ការ​ឃ្លាន​អាហារ​និង​ការ​ស្រេក​ទឹក។

ទី៣ ព្រលឹង​ចុងក្រោយ​ដែល​ជា​ព្រលឹង​នៃ​វេទនារម្មណ៍ គឺជា​ផ្នែក​នៃ​ព្រលឹង​មួយ​ដែល​ជា​កំណើត​នៃ​ចំណង់​ចង់​បាន​ជ័យជម្នះ ភាព​ថ្លៃថ្នូរ​និង​កិត្តិយស ព្រមទាំង​ជា​ផ្នែក​នៃ​ក្រម​សីលធម៌​វិចារណញ្ញាណ​របស់​បុគ្គល​ម្នាក់។ សិស្ស​របស់​កំពូល​ទស្សនវិទូ​សូក្រាត​រូប​នេះ ក៏​បាន​ពន្យល់​ផង​ដែរ​ថា ផ្នែក​នៃ​ការ​រិះគិត​ហេតុផល គឺជា​អ្នក​ដឹកនាំ រីឯ​ផ្នែក​សម្រាប់​ចំណង់​តណ្ហា គឺជា​អ្នក​ស្ដាប់​តាម​ការ​បង្គាប់​បញ្ជា​របស់​វិចារណញ្ញាណ។

បើ​ព្រលឹង​នៃ​វេទនារម្មណ៍​ឯណោះ​វិញ ប្រៀប​ដូចជា​អន្តរការី​ភ្ជាប់​ទំនាក់ទំនង​រវាង​ព្រលឹង​នៃ​វិចារណញ្ញាណ និង​ព្រលឹង​នៃ​ចំណង់ វា​មាន​តួនាទី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រាកដ​ថា​រាល់​បញ្ជា​ពី​ផ្នែក​រិះគិត​ហេតុផល​បាន​អនុវត្ត​សកម្មភាព។ យោង​តាម​ផ្លាតុង បុគ្គល​ម្នាក់​ចាត់​ទុក​ថា​ជា​បុគ្គល​ត្រឹមត្រូវ​និង​ប្រកប​ដោយ​ភាព​យុត្តិធម៌​បាន កាលណា​ពួកគេ​មាន​ព្រលឹង​ទាំង៣​ដែល​មាន​តុល្យភាព​គ្នា មានន័យ​ថា​ព្រលឹង​ទាំង៣​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ស្មើៗ​គ្នា។ ការ​លម្អៀង​មាន​ទំនោរ​ទៅ​រក​ផ្នែក​នៃ​ព្រលឹង​ណាមួយ​ជាង វា​បង្កើត​បាន​ជា​បុគ្គលិកលក្ខណៈ​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ។

ជា​ឧទាហរណ៍ បើ​បុគ្គល​ណា​ដែល​មាន​ចិត្ត​ចង្អៀតចង្អល់ មាន​តណ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ពួកគេ​នឹង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ព្រលឹង​នៃ​ចំណង់ ដែល​ជា​ហេតុ​នាំ​ឲ្យ​វា​ក៏​បង្គាប់​បញ្ជា​ទៅលើ​ទង្វើ​របស់​ពួកគេ​ឲ្យ​មាន​ឥរិយាបថ​បែប​នោះ​ដែរ។ មូលហេតុ​នៃ​ការ​កកើត​ឡើង​នៃ​អារម្មណ៍​ទុក្ខសោក និង​ភាព​ឈឺចាប់​របស់​មនុស្ស ក៏​ដោយសារ​តែ​ពួកគេ​មិន​បាន​គ្រប់គ្រង​ខ្លួនឯង​ជាមួយ​នឹង​វិន័យ​ជា​គោលការណ៍​សម្រាប់​ដឹកនាំ​ជីវិត ផ្ដល់​តុល្យភាព​ដល់​ព្រលឹង​ទាំង៣ ឲ្យ​អ្វីៗ​គ្រប់​ផ្នែក​នៃ​ជីវិត​ពួកគេ​បំពេញ​តួនាទី​បាន​ចុះ​សម្រុង​គ្នា​នោះ​ឯង៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ rationallyspeaking.blogspot.com & academichelp.net

X
5s