ក្បួនពិសេសៗ ដើម្បីក្លាយជាសិស្សពូកែនៅមហាវិទ្យាល័យ ហើយជោគជ័យខ្លាំងក្នុងវិស័យការងារ
និស្សិត៩នាក់ក្នុងចំណោមនិស្សិត១០នាក់ ដែលកត្តាជំរុញកម្លាំងចិត្តពួកគេឲ្យខិតខំរៀនសូត្រ មានមូលដ្ឋានគ្រឹះមកពីលទ្ធផលនៃនិទ្ទេសAដូចៗគ្នា។ តើមូលហេតុអ្វីទើបបានជាការទទួលបាននិទ្ទេសA បានដើរតួនាទីជាកាតាលីករដ៏ចម្បងសម្រាប់ជំរុញការខិតខំប្រឹងប្រែងរបស់និស្សិតម្នាក់ៗខ្លាំងម្ល៉េះ? ពួកគេសុទ្ធតែមានការយល់ឃើញដូចគ្នាចំពោះការទទួលបាននិទ្ទេសល្អនៅក្នុងការសិក្សា ជាការផ្ដល់ឥទ្ធិពលដល់ពួកគេសម្រាប់ឱកាសការងារល្អៗក្នុងពេលអនាគត ឬជាមុខមាត់កិត្តិយសជាដើម។
យ៉ាងណាមិញ នៅពេលអ្នកប្រឡូកខ្លួនចូលកាន់តែជ្រៅក្នុងមជ្ឈដ្ឋានសង្គម និងបទពិសោធន៍ជាក់ស្ដែង និទ្ទេសល្អរបស់អ្នកកាលពីរៀននៅសាលា ក្លាយជារឿងឥតប្រយោជន៍ គ្មាននរណាគេចាប់អារម្មណ៍នោះឡើយ។ អ្វីដែលគេត្រូវការ គឺជាសមត្ថភាពប្រតិបត្តិបានផលពិតប្រាកដដោយប្រើប្រាស់ចំណេះដឹងដែលអ្នកបានរៀនកន្លងមក។ ដូច្នេះ ថាតើអ្វីទៅដែលធ្វើឲ្យនិស្សិតសាកលវិទ្យាល័យទទួលជោគជ័យនៅក្នុងការសិក្សា ក៏ដូចជាជីវិតបាន?
១) ដេញតាមជំនក់ចិត្តរបស់អ្នក មិនមែននិទ្ទេសAនោះឡើយ៖ ភាពច្នៃប្រឌិត និងមហិច្ឆតាដែលដុះចេញពីទឹកចិត្តដ៏ពុះកញ្ជ្រោលរបស់បុគ្គលម្នាក់ នឹងយកឈ្នះលើនិទ្ទេសAគ្រប់កាលៈទេសៈណាៗទាំងអស់។ ដើម្បីអាចធ្វើបែបនោះបាន ទាល់តែអ្នកលះបង់នូវគំនិតដែលគិតងប់ងុលតែទៅលើការប្រឹងប្រែងឲ្យទទួលបានពិន្ទុខ្ពស់ជាងគេនៅក្នុងថ្នាក់ ហើយងាកទៅផ្ដោតលើភាពរីកចម្រើននៃចំណេះដឹងរបស់ខ្លួនដោយការងឿងឆ្ងល់ និងចំណាប់អារម្មណ៍ទៅលើរាល់ប្រធានបទដែលអ្នកកំពុងសិក្សាស្វែងយល់។
២) អាននិងគិតវិភាគប្រកបដោយភាពសកម្ម៖ នៅពេលអ្នកសិក្សាស្វែងយល់ពីអ្វីមួយ អ្នកត្រូវដាក់ចិត្តជាអ្នកចង់ដឹងចង់ឮយ៉ាងពិតប្រាកដ ជាអ្នកមានគោលបំណងដ៏សុទ្ធចិត្តក្នុងការពង្រីកនូវចំណេះដឹងរបស់ខ្លួន ព្រមទាំងទទួលស្គាល់ពីភាពឆោតល្ងង់របស់ខ្លួនគ្រប់ពេលនៃការរៀនសូត្រ។ នៅពេលអ្នកអាន អ្នកត្រូវស្វែងរកនូវគំនិតប្រឆាំងទៅនឹងគំនិតដែលបានលើកឡើងដោយអ្នកនិពន្ធនៅក្នុងអត្ថបទនីមួយៗ ហើយធ្វើការសង្កេតពីវិធីដែលអ្នកនិពន្ធប្រើប្រាស់ភស្តុតាង ដើម្បីគាំទ្រនូវការលើកឡើងរបស់ពួកគេ។
៣) កំណត់នូវគោលដៅជីវិត ហើយធ្វើយ៉ាងណាឲ្យវាក្លាយមកជាការពិត៖ ការកំណត់នូវគោលដៅសម្រាប់ជីវិតក្នុងពេលអនាគតកំឡុងពេលអ្នកនៅរៀនក្នុងសាកលវិទ្យាល័យនៅឡើយ ព្រមទាំងប្រើរូបារម្មណ៍ ឬការស្រមើស្រមៃរបស់អ្នក បង្កើតចេញជារូបភាពនៃភាពជោគជ័យរបស់អ្នកទៅលើគោលដៅនោះ នឹងជួយបំផុសនូវកម្លាំងចិត្តរបស់អ្នកឲ្យមានភាពរស់រវើកជានិច្ច។ ម្យ៉ាងទៀត អ្នកនឹងយល់ថាអ្នកមានគោលបំណងច្បាស់លាស់ក្នុងការរស់នៅជីវិតរបស់ខ្លួននៅលើលោកនេះ ហើយជាលទ្ធផល គ្រប់វិនាទីនៃដង្ហើមចេញចូលរបស់អ្នក នឹងមានតម្លៃសម្រាប់អ្នក ក្នុងការសម្រេចនូវទស្សនវិស័យឲ្យបានជោគជ័យ នោះច្បាស់ណាស់ថា សមិទ្ធផលនៅក្នុងជីវិតអ្នកនឹងបានឆ្លាក់ចេញមកជារូបរាងពិតប្រាកដដោយមិនមានមន្ទិលអ្វីសោះឡើយ។
៤) មានឆន្ទៈក្នុងការរួមចំណែកជួយអ្នកជុំវិញខ្លួន៖ ដោយប្រើប្រាស់នូវការចេះដឹងរបស់ខ្លួនទាំងប៉ុន្មាន ដើម្បីសាងប្រយោជន៍ទៅកាន់អ្នកដទៃ ឆន្ទៈដ៏មានតម្លៃនេះ នឹងបន្ថែមសោភណភាពសម្រាប់ជីវិតអ្នកយ៉ាងស្រស់បំព្រង និងពោរពេញដោយអត្ថន័យក្នុងជីវិតរស់នៅ និងចំណេះដឹងដែលខ្លួនបានបណ្ដុះកន្លងមក ដែលនឹងមានជីវិតជាអមតបន្សល់ទុករៀងរហូតទៅ៕
ដោយ៖ ស្រីពៅ