ចំណុច​សំខាន់​ៗ ​ដែល​​​អ្នក​គួរ​​យល់​ដឹង​អំពី​ការវិវឌ្ឍន៍ដ៏អស្ចារ្យ​នៃ​សេដ្ឋកិច្ច​របស់​មហាយក្ស​ចិន​​​​​



មហា​អំណាច​ចិន មាន​អតីតកាល​ធ្លាប់​ស្ថិត​នៅ​ក្នុង​លំដាប់​ទី​១​នៃ​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ឆ្នាំ​១៨២០ ជាមួយ​នឹង​ចំនួន​ផលិតផល​ក្នុង​ស្រុក​សរុប​ច្រើន​ជាង​គេ​បំផុត យ៉ាងណាមិញ​ក្រោយ​មក​ចាប់តាំង​ពី​ចុង​សតវត្ស​ទី​១៩ សេដ្ឋកិច្ច​របស់​មហា​អំណាច​ពិភពលោក​មួយ​នេះ បាន​ធ្លាក់​មក​នៅ​ត្រឹម​លំដាប់​ទី​២​វិញ។ ការណ៍​នេះ បាន​ជំរុញ​ឲ្យ​ការ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​របស់​ខ្លួន បាន​ចាប់​កំណើត​ឡើង​ក្នុង​ឆ្នាំ​១៩៧៨ នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក តេង សៀវភីង។

ក្នុង​ដំណាក់កាល​ដំបូង ភាព​មិន​អំណោយផល​នៃ​យុទ្ធសាស្ត្រ​ថ្មី​របស់​ខ្លួន បាន​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​ភាព​ក្រីក្រ​របស់​ប្រជាជន និង​មាន​ចំនួន​ផលិតផល​ក្នុង​ស្រុក​សរុប​ក្នុង​១​កាពីតា តិច​ជាង​ពាក់​កណ្ដាល​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​នៅ​អាសីុ​គិត​ជា​មធ្យម​ទៅ​ទៀត។ រហូត​ដល់​ឆ្នាំ​២០១៤ សមិទ្ធផល​ដ៏​ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ ក៏​បាន​កើតឡើង។ សន្ទុះ​កើន​ឡើង​នៃ​ចំនួន​ផលិតផល​ក្នុង​ស្រុក​ក្នុង​១​កាពីតា បាន​កើន​ឡើង​លើស​ពី​មុន​៤៩​ដង ចាប់​ពី​១៥៥​ដុល្លារ​ក្នុង​ឆ្នាំ​១៩៧៨ រហូត​ដល់​៧,៥៩០​ដុល្លារ​ក្នុង​ឆ្នាំ​២០១៤ និង​បាន​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​ដល់​មនុស្ស​៨០០​លាន​នាក់។ តើ​មហាអំណាច​ពិភពលោក​មួយ​នេះ អាច​ធ្វើ​បែប​នេះ​បាន​យ៉ាង​ដូចម្ដេច? ពួកគេ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ផ្ដោត​ទៅលើ​កម្លាំង​ពលកម្ម និង​ការ​នាំ​ចេញ​ផលិតផល​ក្នុង​តម្លៃ​ថោក​ទៅ​កាន់​ពិភពលោក។ ទោះជាយ៉ាងណា ចាប់​តាំង​ពី​ឆ្នាំ​១៩៩០​រហូត​មក​ទល់​ឆ្នាំ​មុន​កន្លង​ទៅ​នេះ កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ដំណើរការណ៍​យឺត​ជា​ខ្លាំង ដែល​តាមរយៈ​របាយការណ៍​ផ្ដល់​ពី​ប្រទេស​ចិន​នូវ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ខ្លួន មាន​កំណើន​ត្រឹមតែ​៦,៧%​ភាគរយ​ប៉ុណ្ណោះ​សម្រាប់​រយៈពេល​៣​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៦។ បញ្ហា​នៅ​ពី​ក្រោយ​ភាព​យឺតយ៉ាវ​នៃ​សេដ្ឋកិច្ច​ប្រទេស​នេះ ទី១​គឺ​ជា​ការ​កើន​ឡើង​នូវ​ចំនួន​ប្រជាជន​ចិន ដែល​ជា​លទ្ធផល​នូវ​ផល​ប៉ះពាល់​ដល់​កម្លាំង​ពលកម្ម​ការងារ​ក្នុង​ស្រុក ទី២ គឺ​ជា​ផលិតកម្ម និង​ទី៣ គឺ​ប្រាក់​ចំណូល​របស់​រដ្ឋ​សម្រាប់​ការ​វិនិយោគ​ទុន​នៅ​ក្រៅ​ប្រទេស។ ភាព​យឺតយ៉ាវ​នេះ ថែម​ទាំង​មាន​ការ​ប៉ះពាល់​ជា​អវិជ្ជមាន​ទៅដល់​ការ​ផលិត​របស់​ឧស្សាហកម្ម និង​ប្រាក់​ចំណូល​របស់​សហគ្រាស​កម្មសិទ្ធិ​រដ្ឋ។ ការ​ប៉ះពាល់​នេះ កើត​មាន​ឡើង​ចំពោះ​ឧស្សាហកម្ម​ធំៗ​ដូចជា ដែកថែប ធ្យូងថ្ម និង​សីុម៉ង់ ដែល​សុទ្ធ​តែ​ជា​ផ្នែក​ដ៏​សំខាន់​ដែល​ជំរុញ​សម្ទុះ​សេដ្ឋកិច្ច​ប្រទេស​នេះ។ ឯ​សហគ្រាស​កម្មសិទ្ធិ​រដ្ឋ រក​ប្រាក់​ចំណូល​បាន​តិច​ជាង​សហគ្រាស​របស់​ឯកជន​ជា​ច្រើន ហើយ​ការ​កើន​ឡើង​នៃ​ការ​ក្ស័យធន​របស់​សហគ្រាស​រដ្ឋ ក៏​ចាប់​ផ្ដើម​មាន​ជា​បន្ត​បន្ទាប់ ទោះជាយ៉ាងណា ភាគច្រើន​នៃ​សហគ្រាស​រដ្ឋ​ទាំងនោះ​គ្រាន់​តែ​ជា​សហគ្រាស​ធន់​តូច និង​ធន់​កណ្ដាល​ប៉ុណ្ណោះ។

រវាង​ចន្លោះ​ឆ្នាំ​២០១០ និង​២០១២ កត្តា​ដ៏​សំខាន់​មួយ​ជំរុញ​ឲ្យ​មាន​ការ​រីកចម្រើន និង​ភាព​មាន​ការងារ​ធ្វើ​របស់​ប្រជាជន គឺ​ជា​ផ្នែក​ឯកជន ដែល​បង្កើត​បាន​នូវ​៩០%​នៃ​ផលិតផល​នាំ​ចេញ​សរុប​របស់​ប្រទេស​ចិន​ទាំងមូល។ ក្នុង​នោះ ផ្នែក​ដ៏​ចម្បង​ទាំង​៣​ដែល​ជំរុញ​កំណើន​ផលិតផល​ក្នុង​ស្រុក មាន​ផ្នែក​សេវាកម្ម​ចំនួន​៤៨,១% ផ្នែក​ឧស្សាហកម្ម​ចំនួន​៤២,៧% និង​ផ្នែក​កសិកម្ម​ចំនួន​៩,២%។ មិនតែប៉ុណ្ណោះ ប្រាក់​ចំណូល​ទទួល​បាន​ពី​សេវាកម្ម​មាន​ចំណែក​៨០%​នៃ​ប្រាក់​ចំណូល​របស់​សេដ្ឋកិច្ច ៣៦,១%​ក្នុង​ការ​បង្កើត​ការងារ ស្រប​ពេល​ដែល​កសិកម្ម​បង្កើត​ការងារ​បាន​៣៣% និង​៣០,៣%​ជា​ផ្នែក​ឧស្សាហកម្ម។ យើង​អាច​សន្និដ្ឋាន​បាន​ផង​ដែរ​ថា កំណើន​នៃ​ការ​ចំណាយ​របស់​ប្រជាជន​ទៅលើ​សេវាកម្ម ឆ្លុះ​បញ្ចាំង​ពី​ភាព​រីកចម្រើន​នៃ​ជីវភាព​របស់​ប្រជាជន។ មិនតែប៉ុណ្ណោះ ប្រទេស​ចិន​គឺ​ជា​ប្រទេស​មួយ​ដែល​ស្ថិត​ក្នុង​លំដាប់​ទី២​ក្នុង​នាម​ជា​អ្នក​ផ្ដល់ និង​លំដាប់​កំពូល​ជា​អ្នក​ទទួល​បាន​ពី​ការ​វិនិយោគទុន​ដោយ​ផ្ទាល់​ពី​បរទេស (Foreign Direct Investment) ឬ​ហៅ​កាត់​ថា FDI។ ទស្សនវិស័យ​ដ៏​ជាក់លាក់​មួយ​ដែល​មហាអំណាច​ពិភពលោក​មួយ​នេះ​កំពុង​ព្យាយាម​បំពេញ​ឲ្យ​សម្រេច​ជោគជ័យ​ត្រឹម​ឆ្នាំ​២០៣០ គឺ​ជា​ការ​ក្លាយ​ខ្លួន​មហាអំណាចសេដ្ឋកិច្ច​ពិភពលោកដ៏ធំជាងគេបំផុត​ម្ដង​ទៀត ទោះ​ជា​មាន​ឧបសគ្គ​ជា​ច្រើន​ដែល​កំពុង​រាំង​ស្ទះ​ខ្លួន​ក៏​ដោយ៕

ដោយ៖ ស្រីពៅ ប្រភព៖ worldforum

X
5s