សន្និបាតប្រចាំឆ្នាំ ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និង ការចុះអនុស្សរណៈនៃការយោគយល់ជាមួយ CorporateConnections Cambodia
នារសៀលថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំសន្និបាតប្រចាំឆ្នាំ ២០២៤ ដើម្បីធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រ និងបង្ហាញជូននូវរបាយការណ៍សំខាន់ៗទៅកាន់ភាគីពាក់ព័ន្ធ រួមមានសមាជិកសមាជិកា និងស្ថាប័នដៃគូអភិវឌ្ឍន៍នានា ក្នុងនោះរួមមាន របាយការណ៍សកម្មភាពក្នុងឆ្នាំ ២០២៤ ផែនការសកម្មភាពក្នុងឆ្នាំ២០២៥ របាយការណ៍ហិរញ្ញវត្ថុឆ្នាំ ២០២៤ ផែនការហិរញ្ញវត្ថុនៅឆ្នាំ២០២៥ និងការស្ទង់មតិដើម្បីសិក្សាពីទំនុកចិត្តលើស្ថានភាពអាជីវកម្ម និងហិរញ្ញវត្ថុរបស់ម្ចាស់អាជីវកម្មនៅកម្ពុជាសម្រាប់ឆ្នាំ ២០២៥ ក៏ដូចជាការស្វែងយល់ពីតម្រូវការក្នុងអាជីវកម្មរបស់សមាជិកសមាជិកា។
សន្និបាតប្រចាំឆ្នាំ ២០២៤ នេះផងដែរ ក៏មានការចែករំលែកពីវាគ្មិនជំនាញៗ ទៅលើប្រធានបទសំខាន់ៗដូចជា ការពង្រីកអាជីវកម្មតាមរយៈការទទួលបានហិរញ្ញប្បទានជាទុន និងទីផ្សារមូលធន ការវិនិយោគលើអាជីវកម្មប្រកបដោយចីរភាព និងការត្រៀមខ្លួនសម្រាប់សហគ្រិនវ័យក្មេងកម្ពុជា។
ទន្ទឹមនឹងនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជាក៏បានចុះអនុស្សរណៈនៃការយោគយល់ជាមួយ CorporateConnections Cambodia ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីចូលរួមក្នុងគំនិតផ្ដួចផ្ដើមសកម្មភាពផ្សេងៗដែលផ្ដល់អត្ថប្រយោជន៍ដល់សមាជិកសមាជិការបស់ស្ថាប័នទាំងពីរ ដូចជាការរៀបចំកម្មវិធីផ្គូផ្គងអាជីវកម្ម ដំណើរទស្សនកិច្ចអាជីវកម្មទៅក្រៅប្រទេស និងវគ្គបណ្ដុះបណ្ដាល ព្រមទាំងសិក្ខាសាលានានាផងដែរ។