"ទិវាសហគ្រិនភាពកម្ពុជា ២០២៤" ក្រោមមូលបទ "វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន"
នាព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) និងស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍ បានរៀបចំ "ទិវាសហគ្រិនភាពកម្ពុជា ២០២៤" ក្រោមមូលបទ "វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន" ក្នុងគោលបំណងលើកកម្ពស់សហគ្រិនភាព និងផ្សារភ្ជាប់បណ្ដាញសហគ្រិនកម្ពុជាដែលមានសក្ដានុពល ម្ចាស់អាជីវកម្ម និងវិនិយោគិន ដែលជាសសរទ្រូងដ៏សំខាន់មួយក្នុងការជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ទិវាសហគ្រិនភាពកម្ពុជា ២០២៤ ដ៏ឱឡារិកនេះ មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី្រកសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្ដម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងសិស្សនិស្សិតសរុបប្រមាណជាជាង ១៣០០ នាក់។
ទិវានេះតែងតែត្រូវបានប្រទេសជាច្រើនរៀបចំឡើងរៀងរាល់ចុងឆ្នាំដូចៗគ្នា ប្រមាណជាជាង ២០០ ប្រទេស ហើយមានអ្នកចូលរួមសរុបប្រហែល ១០ លាននាក់។ អស់រយៈពេល ១១ ឆ្នាំកន្លងមក យើងតែងតែប្រារព្ធធ្វើ
ទិវាសប្ដាហ៍សហគ្រិនភាពសកល (GEW) ជារៀងរាល់ឆ្នាំ ប៉ុន្តែនៅឆ្នាំ ២០២៤ នេះ យើងបានផ្លាស់ប្ដូរពី ទិវាសប្ដាហ៍សហគ្រិនភាពសកល (Global Entrepreneurship Week) មកកាន់ ទិវាសហគ្រិនភាពកម្ពុជា (Cambodian Entrepreneurship Day) ដើម្បីបង្ហាញពីការរៀបចំ និងអបអរសាទរ តំណាងជាតិកម្ពុជា។