កម្មវិធីសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា CODE-C លើកទី៣ ចាប់ផ្តើមចុងខែនេះហើយ
ដោយមានការគាំទ្រពី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នឹងរៀបចំ “កម្មវិធីសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍ បច្ចេកវិទ្យា CODE-C: Developer Conference 2024” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ដល់ ២៩ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:00 ព្រឹក ដល់ម៉ោង ៥:00 ល្ងាច នៅអគារមជ្ឍមណ្ឌលនវានុវត្តន៍ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT Innovation Center) ។
នេះគឺជាឆ្នាំទី៣ នៃកម្មវិធីសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា-CODE-C ដ៏ធំបំផុត ក្នុងប្រទេសកម្ពុជា ដែលប្រមូលផ្តុំ អ្នកអភិវឌ្ឍន៍សុសវែរ អ្នកចូលចិត្តបច្ចេកវិទ្យា អ្នកដឹកនាំឧស្សាហកម្ម បច្ចេកវិទ្យា ក៏ដូចជាសិស្សនិស្សិត ដែលកំពុងសិក្សាផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីស្វែងយល់ពីនិន្នាការ និង ភាពជឿនលឿនចុងក្រោយ នៃបច្ចេកវិទ្យាឌីជីថលក្នុងស្រុក និងតំបន់។
សន្និសីទនេះនឹងផ្តោតលើប្រធានបទធំៗចំនួន៦៖
- បញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ (AI & Data Science)៖ ស្វែងយល់ពីថាមពលនៃ បញ្ញាសិប្បនិម្មិត (AI) ម៉ាស៊ីនសិក្សា (Machine Learning) និងការយល់ដឹងពីទិន្នន័យ (Data)។
- វេប ៣.០ (Web 3.0) ៖ ស្វែងយល់អំពីបណ្តាញវិមជ្ឈការ ប្លុកឆេន និងអនាគតនៃអន្តរកម្មលើ អ៊ីនធឺណិត។
- វិស្វកម្មសុសវែរ (Software Engineering) ៖ សិក្សាពីអ្នកជំនាញអំពីការអនុវត្ត គំរូសរសេរកូដ និងស្ថាបត្យកម្មសុសវែរ។
- បច្ចេកវិទ្យាកុំព្យូទ័រក្លោដ (Cloud Computing)៖ ស្វែងយល់ពីរបៀបដែលសេវាកម្មក្លោដ ផ្តល់ធនធានប្រព័ន្ធកុំព្យូទ័រ ដូចជាការផ្ទុកមូលដ្ឋានទិន្នន័យ បណ្តាញ និងការវិភាគ។
- ការអភិវឌ្ឍហ្គេម (Game Development) ៖ បង្កើនចំណេះដឹងក្នុងការរចនា បង្កើតហ្គេម និងក្រាហ្វិកគំនូរជីវចល។
- ឌីជីថលក្នុងវិស័យសុខាភិបាល (Digital Health) ៖ ស្វែងយល់ពីចំណុចប្រសព្វនៃបច្ចេកវិទ្យា និងការថែទាំសុខភាពនាពេលអនាគត។
កម្មវិធីសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរនិងពិព័រណ៍បច្ចេកវិទ្យា-CODE-C 2024 មានវាគ្មិនសរុបជាង ៤៥នាក់ ដែលនឹងផ្តល់បទបង្ហាញលើប្រធានបទសំខាន់ៗដូចជា ការអភិវឌ្ឍសុសវែរ វេប៣.០ បច្ចេកវិទ្យាកុំព្យូទ័រក្លោដ បញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ សុវត្ថិភាពអ៊ីនធឺណិត ការអភិវឌ្ឍហ្គេមអនឡាញ ការរចនាប្រកប ដោយភាពច្នៃប្រឌិត ឌីជីថលក្នុងវិស័យសុខាភិបាល និងការតាំងពិព័រណ៍អាជីវកម្មឌីជីថល និងធុរកិច្ចថ្មី រហូត ទៅដល់ ៥០ស្តង់។ ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីអ្នកបង្កើតសុសវែរ អ្នកជំនាញបច្ចេកវិទ្យាឌីជីថល មកពីបណ្តាក្រសួង ក្រុមហ៊ុនវិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាបនិកអាជីវកម្មឌីជីថលថ្មី អ្នកផ្តល់សេវាកម្ម ឌីជីថល និងនិស្សិតបច្ចេកវិទ្យាឌីជីថលប្រហែល ៣ ០០០ នាក់។
សន្និសីទអ្នកអភិវឌ្ឍន៍សុសវែរនិងពិព័រណ៍បច្ចេកវិទ្យា-CODE-C 2024 ទទួលបានការចូលរួមឧបត្ថម្ភដោយ មូលនិធិស.អ. (CBRD Fund) និង Smart Axiata និងសហការឧបត្ថម្ភដោយ ក្រុមហ៊ុនHuawei និង ធនាគារ ABA ។
🎟 ចុះឈ្មោះឥឡូវនេះតាម៖
🌎គេហទំព័រ: https://codec.cadt.edu.kh/
📱កម្មវិធីទូរសព្ទ: https://onelink.to/bookmeplus
📱អ៊ីម៉ែល [email protected]
📱ទូរសព្ទ +855 – 85 556 558