មហោស្រពវប្បធម៌អន្តរជាតិ កម្ពុជា ២០២៤​ ក្រោមមូលបទ​ “វប្បធម៌ពិភពលោករបស់យើងទាំងអស់គ្នា”​



ភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤៖ មហោស្រពវប្បធម៌អន្តរជាតិ កម្ពុជា ២០២៤​ ក្រោមមូលបទ​ “វប្បធម៌ពិភពលោករបស់យើងទាំងអស់គ្នា” ត្រូវបានប្រារព្ធធ្វើឡើង និងបញ្ចប់ទៅដោយជោគជ័យ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ហើយបានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏អស្ចារ្យយូរអង្វែងក្នុងបេះដូងអ្នកចូលរួមទស្សនាទាំងអស់ សរុប ជាង ៧០០០​ នាក់ ដែលបានអញ្ជើញចូលរួមអបអរភាពចម្រុះ និងការរួបរួមគ្នានៃវប្បធម៌ពិភពលោក។

ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះបានប្រព្រឹត្តទៅនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ អគារ F & G ហើយបានក្លាយ ជាវេទិកាកៀរគរបណ្ដាប្រទេសនានា​ សរុប ៤១​ ប្រទេស ក្នុងស្មារតីចូលរួមអបអរការផ្លាស់ប្តូរវប្បធម៌ និង លើកស្ទួយការយល់ពីគ្នាទៅវិញទៅមក។ ការសម្ដែងសិល្បៈ និងទស្សនីយភាពវប្បធម៌ចម្រុះក្នុងព្រឹតិ្តការណ៍នេះ ទៀតសោតបានផ្ដល់នូវបទពិសោធស្វែងយល់អំពីវប្បធម៌ពិភពលោកយ៉ាងពិតប្រាកដ។

គួរបញ្ជាក់ផងដែរថា ការអបអរ​វប្បធម៌​បេតិកភណ្ឌ​ដ៏​សម្បូរបែប​របស់​កម្ពុជាគឺជាចំណុចសំខាន់​នៃព្រឹត្តិការណ៍នេះ។ តាមរយៈការតាំងពិព័រណ៍ ការសម្តែងសិល្បៈ និងការបង្ហាញនំចំណីម្ហូបអាហារដ៏សម្បូរបែប អ្នកចូលរួមទាំងអស់អាចស្វែងយល់អំពីប្រពៃណី និងទំនៀមទម្លាប់ដ៏ពិសេសប្លែកខុសពីគេរបស់ប្រទេសកម្ពុជាយើង ក៏ដូចជាជំរុញការអបអរអត្តសញ្ញាណវប្បធម៌ជាតិផងដែរ។

ថ្លែងក្នុងឱកាសនេះ នាយកប្រតិបត្តិនៃក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន ឯ.ក បានមានប្រសាសន៍ថា៖ «យើងពិតជារំភើបរីករាយឥតឧបមាដែលមហោស្រពវប្បធម៌អន្តរជាតិ កម្ពុជា ២០២៤ ទទួលបានការគាំទ្រ យ៉ាងពេញទំហឹងពីសំណាក់បងប្អូន កូនក្មួយអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ។ នេះសបញ្ជាក់ឱ្យឃើញពីភាព អស្ចារ្យនៃការផ្លាស់ប្ដូរវប្បធម៌ ដើម្បីលើកស្ទួយការរួបរួមគ្នា និងការយល់ពីគ្នាទៅវិញទៅមករបស់បណ្ដាប្រទេសនានា ក្នុងសកលលោក។»

ក្រៅពីនេះ  ក៏មានការតាំងពិព័រណ៍ម្ហូបអាហារវប្បធម៌ ដែលជាឱកាសសម្រាប់អ្នកចូលរួមទស្សនា ស្វែងយល់ និងភ្លក្សរសជាតិនំចំណីម្ហូបអាហារប្លែកៗពីគ្នា មកពីជុំវិញពិភពលោកផងដែរ។ មិនថាអាហារបែបខ្មែរ ឬបរទេសឡើយ សុទ្ធតែបានបន្សល់ទុកនូវបទពិសោធដ៏អស្ចារ្យ​ស្មានមិនដល់!

តាងនាមក្រុមការងាររៀបចំកម្មវិធី  ម្ចាស់កម្មវិធី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ដែលបានផ្ដល់ ការគាំទ្រដ៏ខ្ពង់ខ្ពស់ និងជួយឱ្យព្រឹត្តិការណ៍នេះទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់។ យើងខ្ញុំសូមថ្លែង អំណរគុណជាពិសេសចំពោះស្ថានទូត នៃបណ្ដាប្រទេសនានា ដែលបានចូលរួមបង្ហាញពីបេតិកភណ្ឌ វប្បធម៌របស់ប្រទេសខ្លួន និងលើកស្ទួយការយល់ដឹងអំពីវប្បធម៌រវាងគ្នានិងគ្នា។

បន្ថែមពីនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកឧបត្ថម្ភកម្រិត Platinum របស់យើង ពោលគឺ Talik AVL ដែលតែងតែបានផ្ដល់ការគាំទ្រឥតឈប់ឈរ និងចូលរួមចំណែកដ៏មានតម្លៃ ក្នុងការ ជួយឱ្យព្រឹត្តិការណ៍មហោស្រពនេះអាចប្រព្រឹត្តទៅបានប្រកបដោយផ្លែផ្កា។

បើទោះជាព្រឹត្តិការណ៍ដ៏អស្ចារ្យក្នុងឆ្នាំនេះបានបញ្ចប់ហើយក្ដី ក្រុមការងារយើងខ្ញុំនៅតែបន្តអបអរការ រួបរួមគ្នា និងភាពចម្រុះនៃវប្បធម៌ជានិច្ច ដើម្បីត្រៀមលក្ខណៈរៀបចំមហោស្រពវប្បធម៌អន្តរជាតិ កម្ពុជា នៅឆ្នាំក្រោយៗទៀត។

X
5s