ពិធីសម្ពោធជាផ្លូវការ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តក្រចេះ
ខេត្តក្រចេះ៖ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានរៀបចំកម្មវិធីសម្ពោធ «សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តក្រចេះ» ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម សួស សេរីសួស្តី អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្រុមប្រឹក្សាភិបាល សមាជិក សមាជិការបស់សមាគម និងមានការចូលរួមពីម្ចាស់អាជីវកម្មប្រមាណជាជាង ២០០រូប ដែលបានចូលរួមដោយផ្ទាល់នៅឯសណ្ឋាគារ ហ៊ ប៊ុន្នី។
ពិធីបើកសម្ពោធសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកករចេះនេះផងដែរ ត្រូវបានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ ដោយថ្នាក់ដឹកនាំខេត្ត ប្រធានសមាគម ក៏ដូចជាដៃគូសហការពាក់ព័ន្ធ និងសមាជិក សមាជិកាសមាគម ដែលជាម្ចាស់អាជីវកម្មទាំងអស់បានប្ដេជ្ញាបន្តខិតខំប្រឹងប្រែងចូលរួមលើកស្ទួយ និងអភិវឌ្ឍអាជីវកម្មធុនមីក្រូ តូច និងមធ្យម គ្រប់វិស័យនៅក្នុងខេត្តក្រចេះ ដើម្បីចូលរួមចំណែកដល់វឌ្ឍនភាពសេដ្ឋកិច្ចខេត្តក្រចេះក៏ដូចជាប្រទេសកម្ពុជាទាំងមូល។
«សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) នឹងមានសាខានៅគ្រប់ខេត្តក្រុងទាំងអស់នៅត្រឹមឆ្នាំ២០២៦» នេះជាការបញ្ជាក់ពី ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងពិធីសម្ពោធជាផ្លូវការ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តក្រចេះ ដែលជាសាខាទី៦ របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា។
សូមបញ្ជាក់ថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានបំណងបង្កើតឱ្យមានចរន្តសេដ្ឋកិច្ច ពីខេត្តមួយទៅខេត្តមួយ ដើម្បីអភិវឌ្ឍអាជីវកម្មក្នុងប្រទេសឱ្យរឹងមាំ និងដើម្បីភ្ជាប់ឱកាសនិងទីផ្សារអន្តរជាតិជាពិសេសទីផ្សារអាស៊ាន ដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាសមាជិកតំណាងឱ្យសហគ្រិនវ័យក្មេងកម្ពុជាទាំងអស់។
អំពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា
សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) វ៉ាយអ៊ីអេស៊ី ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង មកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និងយុវជន តាមរយៈការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបសង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។
សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានចក្ខុវិស័យជួយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ឈានទៅរកការធ្វើអាជីវកម្មបែបឌីជីថល បរិយាប័ន្ន និងភាពច្នៃប្រឌិត។ ដូច្នេះហើយ បញ្ហាប្រឈមទាំង ៦ ដែលជាអាទិភាពនៅក្នុងទិសដៅយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២០ – ២០២៥ នឹងជាផែនទីយុទ្ធសាស្ត្រសម្រាប់ផែនការប្រតិបត្តិការរបស់សមាគមផងដែរ។ វាក៏បានផ្តល់ឱ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជានូវតួនាទីយ៉ាងសំខាន់ និងប្រកបដោយភាពច្នៃប្រឌិតក្នុងការបម្រើផលប្រយោជន៍ដល់សហគ្រិនវ័យក្មេងកម្ពុជាទាំងមូល។ ទាំងអស់នេះគឺជាឱកាសចូលរួមចំណែកក្នុងបរិយាកាសអាជីវកម្មដែលមានភាពប្រសើរជាងមុន ដោយការអនុវត្តជំនាញជាក់ស្ដែង បទពិសោធ ឥទ្ធិពល និងធនធានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា។