អនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWBF)
ភ្នំពេញ ០៩ កុម្ភៈ ២០២៣ - គណៈកម្មាធិការអន្តរជាតិនៃកាកបាតក្រហម (ICRC) និង សហព័ន្ធកីឡាបាល់បោះរទេះជនពិការ (CWBF) បានជួបជុំគ្នាដើម្បីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) សម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីគាំទ្រក្រុមបាល់បោះរទេះជនពិការកម្ពុជាសម្រាប់ឆ្នាំ ២០២៣។
អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយប្រធានគ្រប់គ្រងកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទារបស់ ICRC លោក Marc Zlot និង នាយកគ្រប់គ្រងនៃសហព័ន្ធកីឡាបាល់បោះរទេះជនពិការ ឯកឧត្តម លី ធុជ ដោយមានការចូលរួមពីសំណាក់លោក ស៊ឺ ម៉ុយ អគ្គលេខាធិការ CWBF និងលោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន Prince Holding Group ដែលជាដៃគូរបស់ CWBF នៅការិយាល័យ ICRC ក្នុងរាជធានីភ្នំពេញ។
កិច្ចព្រមព្រៀងនេះបញ្ជាក់ពីការប្តេជ្ញាចិត្តទៅវិញទៅមកក្នុងការបំពេញកាតព្វកិច្ច និងមុខងាររបស់ភាគីទាំងសងខាងក្នុងការគាំទ្រកីឡាបាល់បោះរទេះជនពិការនៅកម្ពុជា។
លោក Marc Zlot មានមតិយ៉ាងរីករាយថា “ICRC ទង្ទឹងរង់ចាំក្នុងការរួបរួមគ្នាជាមួយ CWBF ដើម្បីបង្កើនការលើកកំពស់សមាហរណកម្មសង្គមរបស់ជនមានពិការភាព តាមរយៈកីឡាបាល់បោះរទេះជនពិការ។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺជាមូលដ្ឋានគ្រឹះដើម្បីបង្កើតក្រុមបាល់បោះរទេះរុញនៅកម្ពុជា និងលើកកម្ពស់បរិយាប័ន្នសង្គម។”
“ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ICRC សម្រាប់ការគាំទ្រដ៏សប្បុរសនេះដល់ក្រុមបាល់បោះរទេះជនពិការកម្ពុជាចាប់តាំងពីឆ្នាំ ២០១២។ ការឧបត្ថម្ភនេះបានជំរុញទឹកចិត្តក្រុមកីឡាករ និងកីឡាការនីឲ្យទទួលបានជោគជ័យ ហើយខ្ញុំសង្ឃឹមថាក្រុមកីឡាករ និងកីឡាការនីរបស់យើងនឹងអាចនាំយកមេដាយមាសមកផ្ទះនៅពេលដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។
ក្រុមបាល់បោះរទេះជនពិការកម្ពុជាត្រូវបានឧបត្ថម្ភ ដោយ ICRC ចាប់តាំងពីឆ្នាំ 2012 ដើម្បីផ្តល់ឱកាសការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ដល់អត្តពលិកមានពិការភាព។ ក្រោយមក CWBF ត្រូវបានបង្កើតឡើងដោយ ICRC ហើយត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡារក្នុងឆ្នាំ ២០២០។
ICRC បានបន្តគាំទ្រ CWBF តាមរយៈកម្មវិធីបរិយាប័ន្នសង្គម ដែលជាផ្នែកមួយនៃកម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទា (PRP)។ កម្មវិធីបរិយាប័ន្នសង្គមនេះ ត្រូវបានរៀបចំឡើងដើម្បីធានាឲ្យបានថាជនមានពិការភាព អាចទទួលបាននូវការអប់រំ ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ កីឡា និងសកម្មភាពវប្បធម៌។
នៅក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី ១១ ឆ្នាំ ២០២២ កន្លងទៅនេះ នៅប្រទេសឥណ្ឌូនេស៊ី ក្រុមកីឡាបាល់បោះរទេះជនពិការនារី ៣x៣របស់កម្ពុជាបានស៊ុតបញ្ចូលទីក្នុងការប្រកួតជាមួយថៃ ហើយទទួលបានមេដាយមាសលើកដំបូងជូនកម្ពុជានៅក្នុងការប្រកួតនេះ។