អេ អឹម ខេ ទទួលបាន “ពានរង្វាន់និយោជកឆ្នើមក្នុងប្រទេសកម្ពុជា” ៣ឆ្នាំជាប់គ្នា​



ដើម្បីទទួលបានពានរង្វាន់និយោជកឆ្នើម គឺពិតជាមិនងាយស្រួលនោះទេ ប៉ុន្ដែ អេ អឹម ខេ នៅតែខិតខំព្យាយាមដើម្បីរក្សានូវកិត្តិនាមនេះ។ ទទួលបាន “ពានរង្វាន់និយោជកឆ្នើមក្នុងប្រទេសកម្ពុជា” បីឆ្នាំជាប់គ្នា គឺជាការឆ្លុះបញ្ចាំងឲ្យឃើញថា អេ អឹម ខេ បានរក្សាតំណែងរបស់ខ្លួនបានយ៉ាងល្អ។ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ គឺជាពេលវេលាដ៏សំខាន់មួយ ដែល អេ អឹម ខេ ទទួលបាននូវពានរង្វាន់ “និយោជកឆ្នើម” ជាលើកទី៣  ពីស្ថាប័ន World HRD Congress ដែលកម្មវិធីបានរៀបចំឡើងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយគណៈកម្មការជ្រើសរើសចង់បង្ហាញការទទួលស្គាល់ពីការប្ដេជ្ញាចិត្ត និងការវិនិយោគរបស់គ្រឹះស្ថានក្នុងការយកចិត្តទុកដាក់ចំពោះបុគ្គលិករបស់ពួកគេ។ អេ អឹម ខេ បានឆ្លងកាត់ការតាមដាន និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់ពីគណៈកម្មការមុនពេលត្រូវបានជ្រើសរើសក្លាយជាម្ចាស់ពានរង្វាន់នេះ ដើម្បីប្រាកដថាពិតជាបានអនុវត្តល្អប្រសើរ និងមានការយកចិត្តទុកដាក់ជាមួយបុគ្គលិករបស់ខ្លួនមែន។ 

ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ អេ អឹម ខេ បានរីកចម្រើនកាន់តែធំ និងកាន់តែរឹងមាំ ហើយបានផ្ដល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើនសម្បូរបែប ក៏ដូចជាការវិនិយោគបន្ថែមទៅលើធនធានមនុស្ស និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញការផ្លាស់ប្ដូរពីតម្រូវការរបស់អតិថិជនឲ្យទាន់ពេលវេលា។ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេលើសេវាប្រាក់បញ្ញើក្នុងប្រទេសកម្ពុជា ដែលបានបម្រើឲ្យអតិថិជនរាប់លាននាក់ទូទាំងប្រទេសកម្ពុជា អេ អឹម ខេ បានដឹងយ៉ាងច្បាស់ថា បុគ្គលិកគឺជាធនធានយ៉ាងសំខាន់ដែលរួមចំណែកក្នុងភាពជោគជ័យនេះ។

អ្នកស្រី ដេត សុជាតិ នាយិកាប្រតិបត្តិធនធានមនុស្ស អេ អឹម ខេ បានមានប្រសាសន៍ថា “ទោះបីជាពួកយើងបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់បុគ្គលិករបស់យើង ក៏ថ្នាក់គ្រប់គ្រងរបស់យើងនៅតែបន្ដសួរខ្លួនឯងជារៀងរាល់ថ្ងៃ ដើម្បីប្រាកដថាបុគ្គលិករបស់យើងទទួលបានអត្ថប្រយោជន៍ល្អប្រសើរ។ កិច្ចការចម្បងរបស់យើងប្រចាំថ្ងៃគឺ សុវត្ថិភាព និងសេចក្ដីពេញចិត្តរបស់បុគ្គលិកយើង។ មិនថាស្ថិតក្នុងស្ថានភាពដ៏លំបាក(កូវីដ១៩) ក៏យើងមិនកាត់បន្ថយបុគ្គលិកសូម្បីតែម្នាក់។ ពានរង្វាន់នេះបានឆ្លុះបញ្ចាំង ក៏ដូចជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងល្អៗដែលយើងបានធ្វើ និងការលើកទឹកចិត្តយើងឲ្យបន្ដអនុវត្តបន្ថែមទៀតដល់បុគ្គលិករបស់យើង។ សំខាន់ជាងនេះទៅទៀត ពានរង្វាន់នេះមិនមែនផ្ដោតលើបុគ្គលណាម្នាក់នៅក្នុង អេ អឹម ខេ នោះទេ ពាននេះគឺសម្រាប់អ្នកគ្រប់គ្នា រួមទាំងម្ចាស់ភាគហ៊ុន និងបុគ្គលិកទាំងអស់។ វាគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាបាននូវវប្បធម៌ការងារល្អ បរិយាកាសការងារល្អ ការប្ដេជ្ញាចិត្តខ្ពស់ពីសំណាក់បុគ្គលិក និងថ្នាក់គ្រប់គ្រង ការបើកទូលាយ តម្លាភាព ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ ដូចជាភាពច្នៃប្រឌិត ស្របជាមួយនឹងការបណ្តុះនូវគុណតម្លៃស្នូល ទៅកាន់បុគ្គលិកគ្រប់ជាន់ថ្នាក់។”

គួរបញ្ជាក់ផងដែរថា ថ្នាក់គ្រប់គ្រង និងក្រុមប្រឹក្សាភិបាលរបស់ អេ អឹម ខេ តែងតែតាមដាន និងយកចិត្តទុកដាក់រាល់ការអនុវត្តនូវយន្តការក្នុងការរក្សាសុខុមាលភាព និងភាពពេញចិត្តរបស់បុគ្គលិកចំពោះ អេ អឹម ខេ ។ របាយការណ៍នេះក៏មានកំណត់នូវសូចនាករជាប្រចាំដែលហៅថា “ទំនួលខុសត្រូវចំពោះបុគ្គលិក” សម្រាប់តាមដានថាតើ អេ អឹម ខេ បានធ្វើអ្វីខ្លះដើម្បីបំពេញចិត្តបុគ្គលិករបស់ខ្លួន។

 

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ 

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។

 

X
5s