សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការចុះអនុស្សរណ:នៃការយោគយល់គ្នារវាង សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងធនាគារកាណាឌីយ៉ា
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលជាសមាគមបណ្ដុំទៅដោយសហគ្រិនវ័យក្មេងកម្ពុជាដ៏មានសក្ដានុពល បានចុះអនុស្សរណ:នៃការយោគយល់គ្នាជាមួយធនាគារកាណាឌីយ៉ា ក្នុងគោលបំណងផ្ដល់ឥណទានគ្មានទ្រព្យធានាដោយមានលក្ខណ្ឌពិសេសដល់សមាជិក-សមាជិកានៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាពិសេសសហគ្រិនស្ត្រី។
ភាពជាដៃគូយុទ្ធសាស្ត្ររវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជានិងធនាគារកាណាឌីយ៉ា នឹងផ្ដល់ឱកាសដល់សមាជិក-សមាជិកានៃសមាគមទាំងអស់ ក្នុងការទទួលបាននូវឥណទានដោយមិនតម្រូវឱ្យមានទ្រព្យបញ្ចាំ។ ការណ៍នេះបានអនុញ្ញាតឱ្យអាជីវកម្មធុនតូច និងមធ្យម អាចទទួលបាននូវឥណទានសម្រាប់ប្រើប្រាស់ជាទុនបង្វិល ឥណទានសម្រាប់ប្រើប្រាស់ក្នុងការវិនិយោគ ឬ ពង្រីកអាជីវកម្មដែលមានស្រាប់បន្ថែមទៀត បន្ទាប់ពីវិបត្តិកូវីដ១៩បានកន្លងផុតទៅ។
នេះគឺជាលើកទីមួយហើយដែលសមាគមបានចុះអនុស្សរណ:នៃការយោគយល់គ្នាជាមួយធនាគារកាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជកម្មឈានមុខគេយូរមកហើយនៅកម្ពុជា ដើម្បីគាំទ្រដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សមាជិករបស់សមាគមនិង សហគ្រាសធុនមីក្រូ តូច និងមធ្យម។ លើសពីនេះ ការសហការនេះក៏ជាផ្នែកមួយនៃគម្រោងធានាការស្ដារអាជីវកម្មដែលដឹកនាំដោយរាជរដ្ឋាភិបាល (BRGS) ក្រោមសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលធនាគារកាណាឌីយ៉ាគឺជាធនាគារមួយក្នុងចំណោមធនាគារដំបូងគេដែលបានចូលរួមក្នុងគម្រោងមួយនេះ។
នៅក្នុងគម្រោងមួយនេះ សមាជិកដែលត្រូវបានជ្រើសរើសពីសហគមន៍ធុរកិច្ចនឹងមានលទ្ធភាពទទួលបានប្រាក់កម្ចីហិរញ្ញវត្ថុដោយមិនត្រូវការទ្រព្យបញ្ចាំ នៅពេលពួកគេស្នើសុំប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុដែលបានចូលរួមក្នុងគម្រោង។ គួរបញ្ជាក់ថា ប្រាក់កម្ចីទាំងនោះនឹងត្រូវបានធានាដោយសាជីវកម្មធានាឥណទានកម្ពុជា។
ធនាគារកាណាឌីយ៉ា ដែលត្រូវបានទទួលស្គាល់ដោយទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិថាជាធនាគារសហគ្រាសធុនតូច និងមធ្យមល្អបំផុតប្រចាំឆ្នាំ២០១៨ និងឆ្នាំ២០២២ គឺជាធនាគារដែលផ្តល់ប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា។ ធនាគារកាណាឌីយ៉ា តែងតែចាត់ទុកអាជីវកម្មខ្នាតតូច និងមធ្យមថាជាផ្នែកសំខាន់មួយនៃអាជីវកម្ម ហើយតែងតែបន្តគាំទ្រគំនិតផ្តួចផ្តើមដែលដឹកនាំដោយរាជរដ្ឋាភិបាល និងធ្វើការជាមួយសហគមន៍ធុរកិច្ច ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន និងធានាដល់កំណើនអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាទាំងមូល។
តាមរយៈប្រព័ន្ធអេកូឌីជីថល ផលិតផលដែលមានច្នៃប្រឌិត និងដំណោះស្រាយការទូទាត់ងាយស្រួល ធនាគារកាណាឌីយ៉ាក៏មានគោលបំណងផ្ដល់ភាពងាយស្រួលបន្ថែមទៀតទាក់ទងនឹងការទទួលបាននូវហិរញ្ញវត្ថុរបស់អតិថិជននៃសហគ្រាសធុនតូច និងមធ្យម។
លោក Raymond Sia Say Guan អគ្គនាយក និងជានាយកប្រតិបត្តិរបស់ធនាគារកាណាឌីយ៉ា មានទំនុកចិត្តថា កិច្ចសហការរវាងធនាគារកាណាឌីយ៉ា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា នឹងជះឥទ្ធិពលជាវិជ្ជមានដល់កំណើននៃសហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មក្នុងស្រុកនៅទូទាំងប្រទេសកម្ពុជា។ លោកបានមានប្រសាសន៍ថា «ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូនេះ ធនាគារកាណាឌីយ៉ានឹងពង្រឹងទំនាក់ទំនងជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងបន្តរួមចំណែកដល់ការរីកលូតលាស់នៃសហគ្រាសធុនតូច និងមធ្យម និងសហគមន៍ធុរកិច្ចទាំងមូល។ បន្ថែមលើនេះ អាទិភាពមួយក្នុងចំណោមអាទិភាពផ្សេងទៀតរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា គឺការធានាថាសមាជិករបស់ខ្លួនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលបានហិរញ្ញប្បទានសមរម្យ។ ហើយឥណទានគ្មានទ្រព្យធានាដែលធនាគារកាណាឌីយ៉ានឹងផ្តល់ផ្តាច់មុខសម្រាប់សមាជិករបស់សមាគម នឹងជួយឱ្យអាជីវកម្មជាច្រើនមានលទ្ធភាពទទួលបានទុនដែលពួកគេត្រូវការដើម្បីពង្រឹង និងពង្រីកប្រតិបត្តិការអាជីវកម្មរបស់ពួកគេបន្ថែម។ ម្យ៉ាងវិញទៀត កំណើនសហគ្រាសធុនតូច និងមធ្យមនឹងជំរុញដល់វឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា តាមរយៈការជំរុញផលិតភាពកាន់តែច្រើន ការបង្កើតការងារ និងឱកាសផ្សេងទៀតនៅក្នុងវិស័យការងារ»។
ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់សមាគម ក្នុងការគាំទ្រសមាជិកឲ្យមានលទ្ធភាពទទួលបានហិរញ្ញប្បទាន ទាំងបំណុល និងហិរញ្ញប្បទានប្រកបដោយសមធម៌។ ឧកញ៉ាក៏បានកោតសរសើរចំពោះការផ្តល់ជូនឥណនទានគ្មានទ្រព្យធានាដ៏ពិសេស និងជាលើកដំបូងដែលមិនធ្លាប់មានពីធនាគារកាណាឌីយ៉ា ដល់សមាជិករបស់សមាគម។ ឧកញ៉ាមានប្រសាសន៍ថា «នេះគឺជាធនាគារពាណិជ្ជដំបូងគេបង្អស់ដែលចាប់ដៃគូជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងការផ្តល់ប្រាក់កម្ចីដោយមិនត្រូវការទ្រព្យបញ្ចាំដល់សមាជិករបស់សមាគម។ នេះសបញ្ជាក់ឱ្យឃើញថា ធនាគារកាណាឌីយ៉ាពិតជាផ្តល់អាទិភាព និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ យើងនឹងបន្តធ្វើការក្នុងភាពជាដៃគូជាមួយធនាគារកាណាឌីយ៉ា ជាធ្លុងមួយ ក្នុងការផ្តល់សេវាហិរញ្ញប្បទានដើម្បីផលប្រយោជន៍រួមដល់សមាជិករបស់សមាគម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាជារួម»។
អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា
សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និង យុវជន តាមរយៈ ការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។
សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានចក្ខុវិស័យជួយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ឈានទៅរកការធ្វើអាជីវកម្មបែបឌីជីថល បរិយាប័ន្ន និងភាពច្នៃប្រឌិត។ ដូច្នេះហើយ បញ្ហាប្រឈមទាំង ៦ ដែលជាអាទិភាពនៅក្នុងទិសដៅយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២០ – ២០២៥ នឹងជាផែនទីយុទ្ធសាស្ត្រសម្រាប់ផែនការប្រតិបត្តិការរបស់សមាគមផងដែរ។ វាក៏បានផ្តល់ឱ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជានូវតួនាទីយ៉ាងសំខាន់ និងប្រកបដោយភាពច្នៃប្រឌិតក្នុងការបម្រើផលប្រយោជន៍ដល់សហគ្រិនវ័យក្មេងកម្ពុជាទាំងមូល។ ទាំងអស់នេះគឺជាឱកាសចូលរួមចំណែកក្នុងបរិយាកាសអាជីវកម្មដែលមានភាពប្រសើរជាងមុន ដោយការអនុវត្តជំនាញជាក់ស្ដែង បទពិសោធន៍ ឥទ្ធិពល និងធនធានរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា។
អំពីធនាគារកាណាឌីយ៉ា
ធនាគារកាណាឌីយ៉ាជាធនាគារពាណិជ្ជក្នុងស្រុក និងមានផ្ដល់សេវាកម្មពេញលេញឈានមុខគេនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩១។ នៅឆ្នាំ២០២២ ធនាគារកាណាឌីយ៉ាបានទទួលពានរង្វាន់ “Dream Company to Work For” ពីកម្មវិធី World HRD Congress និងទទួលបានពានរង្វាន់ “The Best Managed Bank in Cambodia” ពីក្រុមហ៊ុន The Asian Banker ក៏ដូចជាទទួលបានពានរង្វាន់ “Best Domestic Bank” និង “Best SME Bank” នៅកម្ពុជា ពីកម្មវិធីពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិឆ្នាំ២០២២។ ហើយថ្មីៗនេះផងដែរ ធនាគារកាណាឌីយ៉ាក៏បានទទួលពានរង្វាន់ “The Best Domestic Bank in Cambodia” ពីកម្មវិធី Asiamoney Awards។ ធនាគារកាណាឌីយ៉ាត្រូវបានទទួលស្គាល់ដោយ The Asian Banker និងពានរង្វាន់ “The Strongest Bank by Balance Sheet in Cambodia” ក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នា និង “The Best Retail Bank in Cambodia” ក្នុងឆ្នាំ២០២១។ គិតត្រឹមឆ្នាំ២០២២ ធនាគារមានសាខាចំនួន ៦៥ កន្លែង និងទូម៉ាស៊ីនស្វ័យប្រវត្តិ រួមមាន ATMs, CRMs និង Virtual Teller Machines ជាង ៤០០ នៅទូទាំងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់យើង៖ www.canadiabank.com.kh
សម្រាប់ព័ត៌មានបន្ថែមអំពីការទទួលបាននូវឥណទានគ្មានទ្រព្យធានា សូមទំនាក់ទំនង៖
កញ្ញា នាង សុវ៉ាតថា
ប្រធានគ្រប់គ្រងគម្រោង
អ៊ីម៉ែល៖ [email protected]
ទូរស័ព្ទលេខ: +855 96 334 8935/ 16 999 762