ប្រធានបទជាច្រើនដែលត្រូវលើកយកមកពិភាក្សាក្នុងមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ខណៈ YEAC ជាម្ចាស់ផ្ទះរៀបចំកម្មវិធី
រាជធានីភ្នំពេញ៖ កាលពីពេលព្រឹកថ្ងៃសៅរ៍ ទី១២ វិច្ឆិកា ២០២២នេះ សហគមសហគ្រិនវ័យក្មេងអាស៊ានបានចាប់ផ្ដើមបើកដំណើរការព្រឹត្តិការណ៍មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ (7th, ASEAN YOUNG ENTERPRENURE CONCIL, AYEC CARNIVAL ) ក្រោមប្រធានបទ “រីកចម្រើនកាន់តែខ្លាំងទាំងអស់គ្នា (RISE STRONGER TOGETHER)” ដែលនឹងប្រារព្ធឡើងក្នុងរយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយនេះ ក៏មានកិត្តិយសទទួលការចូលរួមពី ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត រួមទាំងប្រសាសន៍ពីឧកញ៉ា សុខ ពិសិដ្ឋ តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ានផងដែរ ក្រោមសេចក្ដីថ្លែងសន្ទរកថាបើកកម្មវិធី។ ក្រៅពីនេះកម្មវីធីក៏ទទួលបានកិត្តិយស ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល លេខាធិការដ្ឋានអាស៊ាន លោក លោកស្រីដែលជាសមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសមាជិកសមាគមសហគ្រិនវ័យក្មេងអាស៊ាន និងបណ្ដាប្រទេសមួយចំនួនទៀត។
ព្រឹត្តិការណ៍ដ៏ឱឡារិទ្ធនាពេលព្រឹកមិញនេះ បានប្រព្រឹត្តទៅយ៉ាងរលូនក្រោមគោលជំហរដ៏ជាក់លាក់ ដែលក្រុមសមាគមសហគ្រិនវ័យក្មេងអាស៊ានចង់ឃើញបណ្តាក្រុមហ៊ុនក្នុងស្រុក និងសហគ្រិនវ័យក្មេងទាំងអស់នៃបណ្ដាប្រទេសសមាជិកអាស៊ាន ចូលរួម ខិតខំជួយពង្រឹង និងពង្រីកវិសាលភាពនៃការធ្វើអាជីវកម្ម និងពាណិជ្ជកម្មជាមួយគ្នា ដើម្បីទាញយកផលប្រយោជន៍សេដ្ឋកិច្ច និងធ្វើពាណិជ្ជកម្ម រវាងគ្នានិងគ្នា។ លើសពីនេះទៅទៀត ក្រុមសមាគមសហគ្រិនវ័យក្មេងអាស៊ានចង់ឃើញបណ្ដាលក្រុមហ៊ុន និងសហគ្រាសទាំងអស់ ខិតខំយកឈ្នះ ជំនះលើភាពអវិជ្ជមាននៃការរំខានដែលបណ្តាលមកពីវិបត្តិកូវីដ-១៩ តាមរយៈការសម្របខ្លួនទៅនឹងសម័យឌីជីថលភាវូបនីយកម្មផង ភាពជាអ្នកដឹកនាំផង ព្រមទាំងកិច្ចសហការ និងការចូលរួមរបស់ស្រ្តីផង ដើម្បីដោះស្រាយបញ្ហាប្រឈមធំៗជាមួយគ្នា និងដើម្បីអាចសម្របខ្លួនទៅនឹងរបៀបរស់នៅប្រក្រតីភាពថ្មីនេះ។
ក្នុងឱកាសនេះផងដែរ លោក ស៊ាង សុបញ្ញា ប្រធានក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងនាមជាអ្នករៀបចំកម្មវិធីមហោស្រពសហគ្រិនវ័យក្មេងអាស៊ាន បានលើកឡើងថា «សមាគមសហគ្រិនវ័យក្មេងកម្ពុជាចង់ឲ្យបណ្ដាលប្រទេសអាស៊ានទាំងអស់មានការយោគយល់គ្នា បង្កើនឱកាសនៃការវិនិយោគជាមួយគ្នាទៅវិញទៅមកកាន់តែច្រើន ឈរលើភាពស្មើគ្នាមិនមានប្រទេសណាមួយនៅក្រោយប្រទេសណានោះឡើយ» ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត ក៏បានមានលើកឡើងថា នេះគឺជាកម្មវិធីដ៏ធំមួយដែលកម្ពុជាបានរៀបចំក្នុងការជួបជុំដោយផ្ទាល់ បន្ទាប់ពីមានការរីករាយដលនៃជំងឺកូវីដ១៩ នៅទូទាំងសកលលោក។ យើងលើកទឹកចិត្តឱ្យសហគ្រាសធុនតូចនិងមធ្យម SMEs គួរតែរៀនសម្រាប់ខ្លួនទៅតាមសម័យកាលឌីជីថលថ្មី ដើម្បីយកឈ្នះក្នុងសម័យកូវីដ-១៩ និងបរិបទសង្គមថ្មី។ យើងទទួលស្គាល់ថាការទទួលបានហិរញ្ញវត្ថុសម្រាប់អាជីវកម្ម Access to Finance គឺជារឿងមួយដ៏ពិបាកជាពិសេសស្របពេលដែលយើងកំពុងប្រឈមមុខជាមួយនឹងវិបត្តិកូវីដ 19។ បញ្ហាសំខាន់ទី ២ គឺសំដៅទៅលើមនុស្ស ការបម្លាស់ទីរបស់មនុស្ស បញ្ហាកង្វះធនធានមនុស្ស (មនុស្សគ្មានជំនាញក្នុងការធ្វើការ និងជំនាញសម្រាប់អាជីវកម្ម) និងការរីកចម្រើននៃបច្ចេកវិទ្យាគឺជាបញ្ហាសំខាន់របស់ SME និងអាជីវកម្មទាំងអស់។ ប៉ុន្តែអ្វីដែលជាបញ្ហាសំខាន់ជាងនេះទៅទៀតនៅក្នុងសម័យនេះគឺផ្ដល់ទៅលើ ecosystem និងការរីកចម្រើននៃបច្ចេកវិទ្យា។ Digital transformation និងការរីកចម្រើននៃបច្ចេកវិទ្យាក៏ដូចជា Tech Startup បានធ្វើឲ្យអាជីវកម្មជាច្រើនកំពុងផ្លាស់ប្ដូរខ្លួនទៅជា Unicorn។ យើងឃើញនៅក្នុងប្រទេសថៃ សិង្ហបុរី ក្រុមហ៊ុនមិនតិចទេដែលបានក្លាយខ្លួនជា Unicorn និងបណ្ដាប្រទេសផ្សេងទៀត អាជីវកម្មដែលជា Tech Startups គឺកំពុងតែមានសន្ទុះរីកចម្រើនខ្លាំង។
គួរបញ្ជាក់ផងដែលថា ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYEC) គឺត្រូវបានប្រមូលផ្ដុំឡើងដោយសហគ្រិនវ័យក្មេងក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន ដែលបង្កើតឡើងនៅក្នុងគោលបំណងជួយស្រួលដល់ដំណើរការបង្កើតគោលនយោបាយផ្សេងៗរបស់អាស៊ាន។ ក្រុមប្រឹក្សានេះ ត្រូវបានស្នើឡើងដោយក្រុមប្រឹក្សាធុរ:កិច្ចអាស៊ាន (ASEAN BUSINESS ADVOSORY COUNCIL-ABAC) នៅឆ្នាំ ២០១៥ និងមានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលនៃបណ្ដាលប្រទេសសមាជិកអាស៊ានទាំង១០។ ក្រោយមក កិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYEC) និងមហោស្រពសហគ្រិនវ័យក្មេងអាស៊ានតែងតែត្រូវបានរៀបចំឡើងដោយប្រទេសដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៦ មក៕