ចូលរួមជាមួយ អេ អឹម ខេ ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២២
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើបុគ្គលិក ដែលធ្វើឲ្យគ្រឹះស្ថានទទួលបានពានរង្វាន់និយោជកឆ្នើមក្នុងប្រទេសកម្ពុជា ដល់ទៅ២ឆ្នាំជាប់ៗគ្នា គឺឆ្នាំ២០២១ និងឆ្នាំ២០២២ ពីស្ថាប័នអន្តរជាតិ World HRD Congress។ អេ អឹម ខេ នឹងចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២២ ដើម្បីផ្ដល់ឱកាសការងារដល់សិស្ស និស្សិត និងអ្នកស្វែករងការងារធ្វើជាច្រើនមុខតំណែងទូទាំង ២៥ ខេត្ត-រាជធានី។
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២២ នឹងរៀបចំឡើងនៅថ្ងៃទី ២៨ និង ២៩ ខែតុលា នេះ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់ ដែលមានក្រុមហ៊ុន អង្គការ និងស្ថាប័នធំៗជាង ១៥០ មកចូលរួម និងផ្ដល់ឱកាសការងារដល់សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើប្រមាណជាង ២ម៉ឺនកន្លែង។
អ្នកស្រី ដេត សុជាតិ នាយិកាប្រតិបត្តិរងធនធានមនុស្ស បានមានប្រសាសន៍ថា “ការបង្កើតឱកាសការងារ និងការអភិវឌ្ឍធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការរួមចំណែកលើកស្ទួយជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិ។ សព្វថ្ងៃនេះ អេ អឹម ខេ មានបុគ្គលិកចំនួនជិត ៤ពាន់នាក់ ហើយយើងក៏នៅបន្ដផ្ដល់ឱកាសការងារជាច្រើនកន្លែងបន្ថែមទៀត ដោយយើងមិនត្រឹមតែផ្ដល់នូវប្រាក់ប្រាក់បៀវត្សដែលប្រកួតប្រជែងប៉ុណ្ណោះទេ យើងថែមទាំងគាំទ្របុគ្គលិកក្នុងការអភិវឌ្ឍ និងរីកចម្រើនទៅមុខ រួមជាមួយបរិយាកាសការងារល្អ តម្លាភាព និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២២ បេក្ខជនអាចត្រៀម CVs ដើម្បីមកដាក់ភ្លាម និងសម្ភាសន៍ភ្លាមៗ និងចូលរួមសកម្មភាពផ្សេងៗទៀត ដើម្បីមានឱកាសឈ្នះរង្វាន់អនុស្សាវរីយ៍ជាច្រើននៅក្នុងស្ដង់របស់ អេ អឹម ខេ។”
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥0កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។