បញ្ឈប់ការបរិភោគសាច់សត្វព្រៃ ដើម្បីការពារសុខភាពសាធារណៈ និងអភិរក្សធនធានធម្មជាតិកម្ពុជា​



ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ –  តម្រូវការនៃបរិភោគសាច់សត្វព្រៃគឺជាកត្តាចលករចម្បងមួយ ដែលជម្រុញឲ្យមានការបរបាញ់ វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់។ វាក៏ជាកត្តាដែលបង្កើនហានិភ័យនៃការចម្លងជំងឺពីសត្វទៅមនុស្សផងដែរ ដែលគំរាមកំហែងខ្លាំងដល់បរិស្ថាន និងសុខភាពសារធារណៈ។

របាយការណ៍ការអនុវត្តច្បាប់របស់ក្រុមអនុវត្តច្បាប់ចល័តប្រចាំខេត្តមណ្ឌលគិរីបានបង្ហាញថា ក្នុងរយៈពេល១៨ខែចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០២១ សាច់សត្វព្រៃសរុបចំនួន ១, ៣៥៣គីឡូក្រាម ត្រូវបានរឹបអូស ខណៈដែលសាច់ទាំងនោះមានចរាចរណ៍ក្នុងទីផ្សារជួញដូរ។ ស្របពេលជាមួយគ្នានេះដែរ មន្រ្ទីអនុវត្តច្បាប់ក្នុងខេត្តស្ទឹងត្រែង និងរតនៈគិរី រឹបអូសបានសាច់សត្វព្រៃសរុបជាង ២០០គីឡូក្រាម ពេលចុះបង្រាបនៅតាមទីផ្សារ ក្នុងរយៈពេល៦ខែចុងក្រោយនេះ។ 

ឯកឧត្តម នេត្រ ភក្រ្កា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា៖ «អ្នកបរិភោគសាច់សត្វព្រៃ ដើម្បីបំប៉នសុខភាព ឬដើម្បីព្យាបាលជំងឺផ្សេងៗ ក៏ដូចជាសម្រាប់ប៉ូវកម្លាំង ឬសម្រាប់ការលើកកត្តិយសខ្លួននោះ គឺជាការយល់ខុសទាំងស្រុង។ ផ្តុយទៅវិញ ការបរិភោគសាច់សត្វព្រៃ មិនត្រឹមតែបង្កហានិភ័យដល់សុខភាពអ្នកបរិភោគខ្លួនឯងនោះទេ ប៉ុន្តែជាអកុសល វាក៏លើកទឹកចិត្ត ឲ្យមានការបរបាញ់ ការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃដែលមានតម្លៃជាសកល។»

លោក សេង ទៀក ប្រធានអង្គការ WWFកម្ពុជា បានលើកឡើងថា៖ «សត្វព្រៃដែលមានតម្លៃជាសកល ដូចជា សត្វខ្លាធំ និង សត្វគោព្រៃបានផុតពូជរូចទៅហើយ ដោយសារការដាក់អន្ទាក់ ការបរបាញ់ និងការជួញដូរខុសច្បាប់ ដែលសកម្មភាពទាំងនេះ កំពុងនៅតែបន្តសម្លាប់សត្វព្រៃជាប្រចាំ ដែលបណ្តាលឲ្យចំនួនសត្វព្រៃផ្សេងៗទៀតនៅក្នុងតំបន់ការពារធម្មជាតិធ្លាក់ចុះយ៉ាងគំហុក។»

សត្វព្រៃដែលបានរងគ្រោះដោយសារតម្រូវការសាច់សត្វព្រៃ និងការជួញដូរខុសច្បាប់ រាប់បញ្ចូល សត្វប្រភេទក្រចកជើងចំពាម  ដូចជា សត្វឈ្លូស ជ្រូកព្រៃ ទន្សោង ប្រើស ក៏ដូចជា សត្វត្រកួត សំពោច អាញីជាដើម។  ការសិក្សាជាចង្កោមមួយដោយក្រសួងបរិស្ថាន និងអង្គការ WWFកម្ពុជា បានបង្ហាញថា ក្នុងចន្លោះឆ្នាំ២០១០ ដល់ ឆ្នាំ២០២២ ចំនួនសត្វព្រៃប្រភេទក្រចកជើងចំពាមនៅតំបន់ទេសភាពភាគខាងកើតក្នុងប្រទេសកម្ពុជា បានថយចុះគួរឲ្យកត់សម្គាល់។ ក្នុងនោះ សត្វទន្សោងថយចុះ៨៩% ឈ្លូសថយចុះ៦៥% និងជ្រូកព្រៃថយចុះ១៥%។ ការសិក្សាដដែលនេះ ក៏បានបង្ហាញដែរថា វត្តមាននៃសត្វរមាំង ខ្ទីង និងប្រើស នៅក្នុងតំបន់ព្រៃទេសភាពមានកម្រិតទាប។

ការបរិភោគ និងការជួញដូរសត្វព្រៃ ក៏ជាកត្តាបង្កឱកាសសម្រាប់ការប៉ះពាល់ដោយផ្ទាល់រវាងមនុស្សនិងសត្វព្រៃផងដែរ តួរយ៉ាង តាមរយៈសកម្មភាពជួញដូរនៅតាមទីផ្សារ និងភោជនីយដ្ឋាន ដែលជាឱកាសបង្កើនហានិភ័យនៃការចម្លងមេរោគពីសត្វទៅ

មនុស្ស។ ការបរិភោគសាច់សត្វព្រៃមិនត្រឹមតែ បង្កើនហានិភ័យធ្ងន់ធ្ងរដល់សុខភាព មនុស្សប៉ុណ្ណោះទេ តែវាក៏បានបង្កឱកាសដល់ការចម្លងមេរោគពីសត្វទៅមនុស្ស ក្នុងគ្រប់ដំណាក់កាលទាំងអស់នៃខ្សែសង្វាក់ជួញដូរសាច់សត្វព្រៃនេះ៖ ការបរបាញ់ខុសច្បាប់ ការដឹកជញ្ជូន  ការរក្សាទុក ការកែច្នៃ ការជួញដូរ  និងការលក់ដូរសាច់សត្វព្រៃ។ 

អ្នកនិយមបរិភោគសាច់សត្វព្រៃភាគច្រើនមិនបានយល់ដឹងពីហានិភ័យ ដែលខ្លួនប្រឈម និងផលវិបាកដល់ គ្រួសារ សហគមន៍ និងសង្គមនោះទេ នៅពេលដែលខ្លួនសម្រេចចិត្តទិញសាច់ព្រៃទាំងនោះ។ បើតាមការប៉ានប្រមាណ ក្នុងចំណោមជំងឺឆ្លងប្រភេទថ្មីៗ ដែលស្រដៀង ឬមានស្ថានភាពគ្រោះថ្នាក់ជាងជំងឺកូវីដ១៩  មានយ៉ាងហោចណាស់៦០% សុទ្ធសឹងតែជាជំងឺឆ្លងពីសត្វទៅមនុស្ស។ ជាក់ស្តែង ការផ្ទុះឡើងនៃជំងឺឆ្លងដូចជា ជំងឺឆ្លងផ្លូវដង្ហើម SARS  ជំងឺផ្លូវដង្ហើមមជ្ឈិមបូព៍ា MERS ជំងឺផ្តាសាយជ្រូក H1N1 ជំងឺគ្រុនផ្តាសាយបក្សី H5N1 ជាដើម សុទ្ធតែជាប្រភេទជំងឺឆ្លងពីសត្វទៅមនុស្ស។ 

យុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃដែលត្រូវបានប្រារព្ធបើកជាផ្លូវការនៅថ្ងៃនេះ ដោយក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី រដ្ឋបាលខេត្តមណ្ឌលគិរី អង្គការWWF និងដៃគូរផ្សេងទៀត មានគោលបំណងបញ្ឈប់ការបរិភោគ និងការជួញដូរសត្វព្រៃ ហើយអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមប្តេជ្ញាចិត្តមិនបរិភោគសាច់សត្វព្រៃ ដោយចូលទៅគេហទំព័រ៖ https://zerowildmeat.org/kh/ ។ យុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃជាផ្នែកនៃយុទ្ធនាការធំ៖ «យុទ្ធនាការអន្ទាក់សូន្យ» ដែលត្រូវបានរៀបចំឡើង ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយាដែលមិនត្រឹមត្រូវរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការបរិភោគសាច់សត្វព្រៃ ហើយងាកមកចូលរួមអភិរក្សសត្វព្រៃកម្ពុជា និងការពារសុខភាពសាធារណៈឲ្យចៀសផុតពីជំងឺឆ្លងនានានៅពេលអនាគត។ 

ឯកឧត្តម នេត្រ ភក្រ្កា រដ្ឋលេខាធិការមានប្រសាសន៍បន្ថែមថា៖ «នេះគឺជាពេលវេលាដ៏សំខាន់មួយ ដែលអ្នកនិយមចូលចិត្តបរិភោគ និងជួញដូរសត្វព្រៃទាំងអស់មកចូលរួម ដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាន ដើម្បីបញ្ឈប់ការបរិភោគ ឬជួញដូរសត្វព្រៃ ហើយប្រែក្លាយសកម្មភាពទាំងនោះមកជាការការពារសត្វព្រៃ និងធនធានធម្មជាតិ សម្រាប់ជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ធម្មជាតិ និងជាប្រយោជន៍ដល់ការការពារប្រព័ន្ធអេកូឡូស៊ីទាំងក្នុងប្រទេសកម្ពុជា និងក្នុងសកលលោក។ ការទប់ស្កាត់ និងការបញ្ឈប់ការជួញដូរ និងការបរិភោគសាច់សត្វព្រៃ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ ទន្ទឹមនឹងការពង្រឹងការអនុវត្តច្បាប់ ក្រសួងបរិស្ថាន និងដៃគូរក៏បានផ្តោតជាសំខាន់ទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ដើម្បីបង្កើនចំណូល បង្កើតមុខរបរ ផ្តល់ជម្រើសថ្មីជូនដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយសំពាធទៅលើធនធានធម្មជាតិ។ ការចួលរួមរបស់គ្រប់មជ្ឈដ្ឋានទាំងអស់មានភាពចាំបាច់ ដើម្បីឈានទៅសម្រេចនូវគោលដៅរួម គឺថែរក្សាសត្វព្រៃនៅក្នុងព្រៃធម្មជាតិ ដើម្បីទាញផលប្រយោជន៍សេដ្ឋកិច្ចតាមរយៈទេសចរណ៍ធម្មជាតិ ខណៈបន្តចូលរួមការពារប្រព័ន្ធអេកូឡូស៊ីឲ្យបានរឹងមាំ និងអភិរក្សធនធានជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិ។»

យុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃ នឹងអនុវត្តក្នុងដំណាក់កាលដំបូងមានរយៈពេល៦សប្តាហ៍ក្នុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២២នេះ។ យុទ្ធនាការ នឹងសហការជាមួយភោជនីយដ្ឋានចំនួន៣២កន្លែង នៅក្នុងខេត្តមណ្ឌលគិរី ដើម្បីលើកទឹកចិត្តឲ្យចូលរួមប្តេជ្ញាចិត្តបញ្ឈប់ការលក់ម្ហូបសាច់សត្វព្រៃ និងបន្តផ្សព្វផ្សាយអំពីយុទ្ធនាការនេះឲ្យបានទូលំទូលាយ។ 

លោក សេង ទៀក បានបន្ថែមថា៖ «ការយល់ដឹងរបស់ អ្នកទិញ អ្នកលក់ អ្នកជួញដូរអំពីហានិភ័យដល់សុខភាព តាមរយៈការបរិភោគ និងការជួញដូរសត្វព្រៃ មានសារៈសំខាន់ណាស់ ដើម្បីអាចឲ្យពូកគេចូលរួមប្តេជ្ញាចិត្តបញ្ឈប់ការទិញ ការលក់ ការជួញដូរ និងបរិភោគ។ 

លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរីមានប្រសាសន៍ថា៖ «វិធានការអនុវត្តច្បាប់របស់ខេត្តមណ្ឌលគិរី មានដូចជាសេចក្តីណែនាំលេខ៥ បានរួមចំណែកកាត់បន្ថយវត្តមានផលិតផលសត្វព្រៃ និងសាច់សត្វព្រៃនៅតាមផ្សារ និងភោជនីយដ្ឋានក្នុងខេត្ត។ ប៉ុន្តែ តម្រូវការសាច់សត្វព្រៃដែលនៅតែបន្តមាន បានគំរាមកំហែងដល់ជីវិតរបស់សត្វព្រៃ ហើយបង្កើនបទល្មើសសត្វព្រៃបន្ថែមទៀត ក៏ដូចជាអាចបង្កហានិភ័យនៃការអាចចម្លងជំងឺពីសត្វទៅមនុស្ស។ ក្នុងនាមរដ្ឋបាលខេត្តមណ្ឌលគិរី ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ឲ្យនិយាយថាទេចំពោះសាច់សត្វព្រៃ ហើយចូលរួមក្នុងការថែរក្សាធនធានធម្មជាតិកម្ពុជាឲ្យបានគង់វង្ស។» 

លោកវេជ្ជបណ្ឌិត យី សេងដឿន អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា៖ «សុខភាពតែមួយមានសារៈសំខាន់សម្រាប់ការពារសុខភាពសាធារណៈពីហានិភ័យនៃការឆ្លងជំងឺពីសត្វទៅមនុស្សទាំងនាពេលបច្ចុប្បន្ន និង ពេលអនាគត» ។ យើងត្រូវតែធ្វើការរួមគ្នាដើម្បីបញ្ចៀសការទិញ ការលក់ ការដឹកជញ្ជូន បរិភោគនិងប្រើប្រាស់ប្រភេទសត្វព្រៃ បង្កឲ្យមាន ហានិភ័យខ្ពស់ក្នុងការចម្លងជំងឺពីសត្វទៅមនុស្ស ពីព្រោះសត្វព្រៃមួយចំនួនជាប្រភពនៃការផ្ទុកមេរោគ ហើយអាចចម្លងទៅមនុស្សបានគ្រប់ពេលតាមរយៈការប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយសត្វព្រៃទាំងនោះដែលផ្ទុកមេរោគ។» 

អ្នកស្រី Jan Vertefeuille ទីប្រឹក្សាជាន់ខ្ពស់ផ្នែកកិច្ចការសាធារណៈនៃអង្គការWWFប្រចាំនៅសហរដ្ឋអាមេរិក បានលើកឡើងថា៖ «ខណៈដែលយើងមិនអាចកំណត់ទុកមុនថា តើនៅពេលណានឹងមានការផ្ទុះឡើងនៃជំងឹឆ្លងពីសត្វទៅមនុស្សនោះទេ យើងអាចធ្វើការអប់រំឥរិយាបថនៃការនិយមសាច់សត្វព្រៃ ដែលវាជាកត្តា ដែលបង្កើនហានិភ័យនៃការចម្លងជំងឺឆ្លងពីសត្វទៅ

មនុស្ស។ យើងសង្ឃឹមថាអ្នកនិយមបរិភោគសាច់សត្វព្រៃទាំងអស់នឹងចូលរួមជាមួយយើងក្នុងការផ្លាស់ប្តូរឥរិយាបថ ហើយច្រានចោលនូវការបរិភោគសាច់សត្វព្រៃ ដែលសកម្មភាពបែបនេះវានឹងរួមចំណែកបង្កាការផ្ទុះឡើងនៃជំងឺឆ្លងថ្មីៗទៀត។» 

លោក អ៊ួ សុភក្តី នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី មានប្រសាសន៍ថា៖ «នេះគឺជាពេលវេលាដែលយើងត្រូវរួមគ្នាបន្ទាន់ ក្នុងការរៀបចំ និងអនុវត្តនូវវិធីសាស្ត្រថ្មីដោយមានភាពឆ្នៃប្រឌិត ដើម្បីដោះស្រាយវិបត្តិដល់ឬសគល់នៃការធ្លាក់ចុះ និងការជួញដូរសត្វព្រៃ ហើយរួមគ្នាអនុវត្តកម្មវិធីស្តារសត្វព្រៃ និងធម្មជាតិឡើងវិញ។»

យុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃក៏នឹងបញ្ជៀបសារសំខាន់ៗរបស់ខ្លួនដល់សាធារណៈជនទូទាំងប្រទេសតាមរយៈបណ្តាញសង្គមនានា។ លើសពីនេះ យុទ្ធនាការក៏នឹងមានរៀបចំឲ្យមានការផ្សព្វផ្សាយបន្ថែមតាមរយៈការរៀបចំកិច្ចពិភាក្សា ដែលមានការចូលរួមពីអ្នកជំនាញសុខាភិបាលស្តីអំពីហានិភ័យសុខភាពសាធារណៈ ដែលអាចកើតចេញពី ការបរិភោគសាច់សត្វព្រៃ។ យុទ្ធនាការស្រដៀងគ្នានេះ ក៏ត្រូវបានបើកដំណើរការនៅក្នុងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីគ្នេយ៍ រាប់បញ្ចូលប្រទេសវៀតណាម និងឡាវ ដែលមានការគាំទ្រដោយអង្គការWWF និងដៃគូរផ្សេងទៀតក្នុងប្រទេសទាំងនោះ ដូចជា ក្រុមហ៊ុនផ្សព្វផ្សាយ Vero និង TwoWays PR ៕  

 

 

X
5s