ពិធី«ការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ» រវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និង អង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO)
ភ្នំពេញ នារសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ - សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC-វ៉ាយ អ៊ី អេ ស៊ី)បានរៀបចំ កិច្ចជំនួបសមាជិកដែលជាម្ចាស់អាជីវកម្ម (CEO GATHERING) លើកទី២ ក្នុងឆ្នាំ ២០២២ ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមពី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សមាជិក សមាជិកាសមាគម និងដៃគូពាក់ព័ន្ធប្រម៉ាណ២០០នាក់ នៅផ្សារទំនើបអូឡាំព្យាម៉ល។ ក្នុងកិច្ចជំនួបម្ចាស់អាជីវកម្មដ៏មានសារៈសំខាន់នេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបានចុះហត្ថលេខាលើអនុស្សរណៈជាដគូជាមួយអង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO) នៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការលើកស្ទួយវិស័យធុរកិច្ច និងពាណិជ្ជកម្ម កម្ពុជា-ជប៉ុន។ អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈមានលោក លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (President of YEAC) និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ និង លោកស្រី ម៉ារីសា ហារុតា (Marisa Haruta) តំណាងអង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO) ប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំសមាជិកសមាជិការនៃសមាគមទាំងពីរ។
កិច្ចសហប្រតិបត្តិការជំរុញវិស័យពាណិជ្ជកម្ម
អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាដៃគូនេះ នឹងរួមចំណែកៈ
1. ចូលរួមបង្កើតបរិយាកាធុរកិច្ចល្អ ដើម្បីលើកទឹកចិត្តក្រុមហ៊ុនឯកជនជប៉ុន មកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត
2. សហការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ច និងវិនិយោគ រួមមានដូចជា ជំនួបពាណិជ្ជកម្ម សិក្ខាសាលា សន្និសីទពិព័រណ៍ពាណិជ្ជកម្ម និងបេសកកម្មធុរកិច្ចជាដើម និង
3. ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងមានផលិតភាពបន្ថែមទៀតរវាង សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និង JETRO
លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (President of YEAC) និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២បានមានប្រសាសន៍ថា៖ "ការទទួលបានឳកាសទីផ្សារ និងវិនិយោគគឺជាទិសដៅយុទ្ធសាស្រ្តអាទិភាពក្នុងចំណោមទិសដៅយុទ្ធសាស្រ្តទាំងប្រាំមួយរបស់សមាគម ។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បាននិងកំពុងកសាងទំនាក់ទំនងយ៉ាងសកម្មជាមួយដៃគូពាក់ព័ន្ធ ក្នុងកិច្ចសហការ និងបង្កើតវេទិកានានាដើម្បីបង្ហាញការតភ្ជាប់ពាណិជ្ជកម្មសម្រាប់សមាជិករបស់ខ្លួនក្នុងតំបន់ និងជុំវិញពិភពលោក ក៏ដូចជាឳកាសវិនិយោគផ្សេងៗសម្រាប់អាជីវកម្មសមាជិក។ កិច្ចសហការនេះនឹងក្លាយជាសកម្មភាពយុទ្ធសាស្ត្រសម្រាប់ YEAC ដើម្បីជួយសមាជិកសមាគមឱ្យទទួលបានឳកាសទីផ្សារកាន់តែច្រើន ទាំងនៅក្នុងស្រុក តំបន់ និងអន្តរជាតិ ជាពិសេសតាមរយៈដៃគូជាមួយ JETRO"
គួរបញ្ជាក់ផងដែរថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បានសហការធ្វើកម្មវិធីជាច្រើនរួមគ្នា។ ដូច្នេះពិធីចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការនាពេលនេះ ជាសញ្ញាវិជ្ជមានមួយ ដែលជួយពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រត្តិការរបស់ស្ថាប័នទាំងពីរដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យឯកជន ក្នុងកិច្ចការពាណិជ្ជកម្ម និងគាំទ្រកិច្ចសហប្រតិបត្តិការធុរកិច្ចកម្ពុជា-ជប៉ុន ។ បន្ថែមពីលើនេះទៅទៀត កិច្ចសហប្រតិបត្តិការនេះ នឹងជួយរក្សានូវទំនាក់ទំនងល្អ និងកិច្ចប្រឹងប្រែងរួមគ្នា របស់ស្ថាប័នទាំងពីរ ដើម្បីធានាឲ្យបាននូវផលប្រយោជន៍ជាអតិបរមាសម្រាប់សហគ្រិន។
អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា
សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និង យុវជន តាមរយៈ ការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។
សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាអោយមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេង មានសមាជិកចំនួនប្រមាណ៤០០ ដែលជាម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យម ដែលមានសាខាតាមខេត្តចំនួន៤ កំពង់ចាម សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ នឹងគ្រោងពង្រីកទៅកាន់ខេត្តផ្សេងទៀតជាពិសេសខេត្តតាមបណ្តាមាត់សមុទ្រ និងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់ និងមានធុរកិច្ចច្រើន៕