ការសិក្សារបស់ក្រុមហ៊ុន Visa លើកំណើននៃការទូទាត់តាមរយៈឌីជីថល ខណៈពេលដែលប្រជាជនកម្ពុជាងាកចេញពីការប្រើប្រាស់សាច់ប្រាក់សុទ្ធ
ភ្នំពេញ ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២២ នៅថ្ងៃនេះក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានចេញផ្សាយការសិក្សាចុងក្រោយរបស់ខ្លួន ដែលបានបញ្ជាក់ថា ប្រជាជនកម្ពុជាចំនួនប្រមាណ ៣២ ភាគរយ គ្រោងនឹងឈប់ប្រើប្រាស់សាច់ប្រាក់សុទ្ធ បន្ទាប់ពីការកើនឡើងនៃជំងឺរាតត្បាត Covid-19។ បើយោងតាមការសិក្សា របស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជននេះ បានបង្ហាញពីការផ្លាស់ប្តូរយ៉ាងលឿន ពីការប្រើប្រាស់សាច់ប្រាក់សុទ្ធ ទៅជាការទូទាត់តាមរយៈឌីជីថល និងតាមរយៈបច្ចេកវិទ្យា Contactless ជាពិសេស គឺតាមរយៈ QR កូដ និងកាបូបអេឡិចត្រូនិច (e-Wallet)។
ជំងឺរាតត្បាតកូវីត បានពន្លឿននូវការទូទាត់តាមរយៈឌីជីថលក្នុងចំណោមអ្នកប្រើប្រាស់នៅកម្ពុជា ដោយសារពួកគេជឿជាក់ថា ការមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ នឹងធ្វើឱ្យសង្គមកាន់តែមានអនាម័យ (មានប្រមាណ ៤៣%) កាន់តែមានប្រសិទ្ធភាព (មានប្រមាណ៣៩%) និង ល្អសម្រាប់បរិស្ថាន (ប្រមាណ៣៧%) ។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “ដោយសារតែជម្រើសនៃការទូទាត់តាមរយៈឌីជីថលមានច្រើន យើងកំពុងធ្វើដំណើរឆ្ពោះទៅរកការផ្លាស់ប្តូរពីជំនាន់មួយ គឺអំពីរបៀបដែលប្រជាជនកម្ពុជាជ្រើសរើសការទូទាត់ និងការទទួលប្រាក់។ នៅក្រុមហ៊ុន Visa យើងកំពុងតាមដានយ៉ាងជិតស្និទ្ធអំពីដំណើរការអភិវឌ្ឍទៅរកការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ តាមរយៈការប្រើប្រាស់ព័ត៌មានទីផ្សារ ដើម្បីធានាបាននូវការគាំទ្រដល់ដៃគូអាជីវកម្មក្នុងស្រុកឲ្យទទួលបានទម្រង់ទូទាត់ប្រាក់ឌីជីថលដែលកាន់តែឆ្លាតវៃ ឆាប់រហ័ស និងមានសុវត្ថិភាពជាងមុន”។
ចាប់តាំងពីមានការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ការប្រើសាច់ប្រាក់សុទ្ធ បានធ្លាក់ចុះ ២២ ភាគរយ បើធៀបទៅនឹងឆ្នាំមុនៗ។ អ្នកប្រើប្រាស់កម្ពុជាម្នាក់ក្នុងចំណោមប្រាំនាក់ បានព្យាយាមសាកល្បងឈប់ប្រើសាច់ប្រាក់សុទ្ធ ហើយជាលទ្ធផលស្ទើរតែពាក់កណ្តាល (ប្រមាណ៤៦%) អះអាងថា ពួកគេអាចឈប់ប្រើសាច់ប្រាក់សុទ្ធ បានយូររហូតដល់ទៅជាងមួយសប្តាហ៍។ ក្នុងចំណោមអ្នកដែលមិនបានសាកល្បងឈប់ប្រើសាច់ប្រាក់សុទ្ធ មានប្រហែល ២៩ ភាគរយ មានជំនឿចិត្តថា ពួកគេអាចពឹងផ្អែកលើជម្រើសនៃការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់សុទ្ធបានរហូតដល់ទៅមួយខែឬយូរជាងនេះ។
តាមរយៈការសិក្សាក៏បានបង្ហាញពីសន្ទុះនៃការទទួលយកការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ និងតាមរយៈឌីជីថលផងដែរ ជាពិសេសតាមរយៈការប្រើកាត និង QR កូដ។ បច្ចុប្បន្ន ៣៨ ភាគរយ នៃប្រជាជនកម្ពុជា ជ្រើសយកការទូទាត់តាមរយៈកាត ហើយស្ទើរតែ ៧នាក់ ក្នុងចំណោម ១០នាក់ (ស្មើរ ៦៨%) កំពុងប្រើទាំងកាបូបអេឡិចត្រូនិច នឹង កាត ដែលនេះបង្ហាញពីចំណូលចិត្តនៃការប្រើប្រាស់របស់ពួកគេទៅថ្ងៃអនាគត។ ទន្ទឹមនឹងនេះ ការទូទាត់តាមរយៈ QR កូដ មានការកើនឡើងបីដងក្នុងមួយឆ្នាំ ដែលបច្ចុប្បន្ននេះអ្នកប្រើប្រាស់មានចំនួន ៣៦ ភាគរយ នៅក្នុងប្រទេសកម្ពុជាបាននឹងកំពុងប្រើប្រាស់វា។ ការទូទាត់តាមរយៈ QR កូដ គឺជាទម្រង់ទូទាត់ប្រាក់ដែលពេញនិយមបំផុតដែលស្ថិតនៅលំដាប់ទីពីរនៅក្នុងចំណោមជម្រើសនៃវិធីសាស្រ្តទូទាត់ប្រាក់ទាំងអស់ ជាពិសេសនៅក្នុងផ្សារទំនើប នឹងហាងលក់ទំនិញ។
អ្នកប្រើប្រាស់ បានបង្ហាញពីទំនោរចិត្តលើការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ ព្រោះវាជាជម្រើសដ៏ល្អដែលមានបញ្ចូលមុខងារទូទាត់ប្រាក់ភ្ជាប់ជាមួយ។ ធនាគារឌីជីថល ក៏បានចាប់ដៃគូជាមួយធនាគារបែបប្រពៃណីផងដែរ ខណៈដែល ៦០ភាគរយ នៃអ្នកប្រើប្រាស់ឥឡូវនេះ ប្រើប្រាស់កម្មវិធីធនាគារចល័ត នឹងបានកោតសរសើរដល់សុវត្ថិភាពនៃការទូទាត់តាមរយៈទូរស័ព្ទដៃ (មានប្រមាណ ៥១%) ព្រមទាំងអត្ថប្រយោជន៍សុខភាពដែលទាក់ទងនឹងការកាត់បន្ថយការប្រាស្រ័យទាក់ទងដោយផ្ទាល់ (មានប្រមាណ ៥០%) ។
អ្នកស្រី ជុំ ម៉ូនីកា បានបន្ថែមទៀតថា៖ “អ្នកប្រើប្រាស់ជឿជាក់ថា កម្ពុជានឹងក្លាយជាសង្គមដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធក្នុងរយៈពេល១០ឆ្នាំខាងមុខ ដោយមិនគិតពីផលនៃការប៉ះទង្គិចនៃមេរោគ COVID-19។ ក្រុមហ៊ុន Visa មានសេចក្តីរីករាយក្នុងការគាំទ្រដល់អ្នកប្រើប្រាស់ និងពាណិជ្ជករ សម្រាប់ទទួលយកការផ្លាស់ប្តូរនេះ រួមជាមួយនឹងសេវាកម្មទូទាត់ប្រាក់ឈានមុខគេនៅក្នុងពិភពលោក ស្របនឹងការយល់ដឹងកាន់តែច្បាស់អំពីទីផ្សារ ដើម្បីជួយពួកគេក្នុងការសម្របខ្លួន ព្រមទាំងយកឈ្នះលើបញ្ហាប្រឈមនានា”៕
###
អំពីក្រុមហ៊ុន Visa Inc.
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង 200 ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
កញ្ញា ត្រាង ង្វៀន (Trang Nguyen) កញ្ញា គ្រី សុវណ្ណារី
Head of Corporate Communications ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd
Visa Vietnam, Cambodia and Laos តំណាងក្រុមហ៊ុន Visa Inc.
ទូរស័ព្ទ ៖ +84 902 831 891 ទូរស័ព្ទ ៖ +855 11733368
អ៊ីម៉ែល៖ [email protected] អ៊ីម៉ែល៖ [email protected]