ការឈ្វេងយល់ពីអាកប្បកិរិយាកូន ជាកត្ដាជម្រុញឲ្យមានភាពជិតស្និតក្នុងក្រុមគ្រួសារ​



ទំនាក់ទំនងរវាងឪពុកម្ដាយ និងកូនៗបានក្លាយជាបញ្ហាមួយក្នុងសង្គមនាពេលបច្ចុប្បន្ន។ កូនៗភាគច្រើនបាននិយាយថា ឪពុកម្ដាយមិនយល់ពីគេ មិនបានដឹងពីចំណង់ចំណូលចិត្ត មិនបានដឹងពីអ្វីដែលគេកំពុងត្រូវការ ហើយឪពុកម្ដាយចូលចិត្តបង្ខំគេឲ្យធ្វើអ្វីដែលគេមិនចង់បាន ខណៈដែលឪពុកម្ដាយនិយាយថា កូនមិនសូវជាស្ដាប់ដំបូន្មាន ឬធ្វើតាមអ្វីដែលឪពុកម្ដាយចង់ឲ្យគេបានល្អ។

នៅក្នុងថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ២០២២ ត្រូវនឹងទិវាគុណម្ដាយ ក្រុមហ៊ុន Talent Excellence Development Partner បានរៀបចំកម្មវិធី «លោកឪពុក អ្នកម្ដាយក្នុងយុគសម័យថ្មី» ដើម្បីចូលរួមចំណែកពិសេសលើកកម្ពស់ស្ដ្រីដែលជាមាតាគ្រប់រូបដោះស្រាយរាល់បញ្ហាទំនាក់ទំនងជាមួយកូនៗ ដែលកម្មវិធីនេះរៀបចំឡើងផ្សារទំនើបអូឡាំព្យ៉ារ ជាន់ផ្ទាល់ដី។ 

ការប្រាស្រ័យទាក់ទងរវាងមាតាបិតាទៅកាន់កូនៗ យើងគ្រប់គ្នាបានសង្កេតឃើញហើយថា ម្ដាយបានដើរតួនាទីស្ទើរច្រើនជាងបុរស ទាំងការអប់រំទូន្មាន ប្រៀបប្រដៅ ទាំងការជជែកពិភាក្សា និងការលួងលោមជាដើម តែក៏មិនបានមានន័យថាលោកឪពុកគ្មានចំណែកក្នុងកិច្ចការងារនេះទេ គ្រាន់តែភាគរយអាចនឹងតិចជាងតែប៉ុណ្ណោះ។ ស្របពេលជាមួយគ្នានេះ ភាពប្រទាំងប្រទិស ការទាស់សម្ដីគ្នា ការយល់ច្រលំក៏កើតមានឡើងច្រើនដែរ រវាងកូននិងម្ដាយ។

លោកស្រីយូ បូរី បានលើកឡើងថា ដើម្បីអាចឲ្យលោកអ្នកនិងកូនៗចុះសម្រុងគ្នា និងអាចបង្កើតបរិយាកាសស្និតស្នាលក្នុងរង្វង់គ្រួសារបានកាន់តែល្អ ចង់ឲ្យឪពុកម្តាយគ្រប់រូបស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់កូនឲ្យឃើញ ហើយក៏ត្រូវដឹងនិងស្វែងយល់ពីចំណុចខ្សោយ និងចំណុចខ្លាំងខ្លួនឯងឲ្យឃើញដូចគ្នា ទើបលោកអ្នកអាចធ្វើការសន្ទនា និងចរចាជាមួយកូនបានល្អ។ ការស្វែងយល់ពីអាកប្បកិរិយា DISC របស់កូនម្នាក់ៗជារឿងដែលសំខាន់ ព្រោះថាទោះបីពួកគេជាកូនៗរបស់អ្នកក៏ដោយ តែច្បាស់ណាស់ថាកូនម្នាក់ៗសុទ្ធតែមានអត្តចរិកមិនដូចគ្នាទេ ច្បាស់ជាមានកូនស្លូត កូនដែលចូលចិត្តធ្វើអ្វីតាមចិត្តជាដើម -ល-។ ដូច្នេះ បើលោកឪពុកអ្នកម្ដាយបានសិក្សាពីអត្តចរិករបស់កូនបានច្បាស់ បានសិក្សាពីអ្វីដែលកូនៗម្នាក់ៗចង់បាន ទាំងការរៀបចំខ្លួន ទាំងការសិក្សា និងអនាគតរបស់គេ នោះប្រាកដថាលោកអ្នកអាចនឹងបំពេញចិត្តពួកគាត់ និងអាចពន្យល់ពីហេតុផលនិងអ្វីដែលលោកអ្នកចង់ផ្តល់ជូនពួកគេ។

ដោយឡែក អ្នកចូលរួមកម្មវិធីនេះក៏បានលើកឡើងដែរថា កម្មវិធីនេះល្អខ្លាំងមែនទែនសម្រាប់អ្នកដែលជាឪពុកម្ដាយអាចសិក្សាបន្ថែមពីកូន កែប្រែនូវរាល់ចំណុចខ្វះខាតដែលមានកន្លងមក ហើយអាចបង្កើនទំនាក់ទំនងកាន់តែល្អជាមួយកូនៗរបស់ពួកគាត់បាន។ សម្រាប់អ្នកចូលរួមដែលជាក្មេងៗ ក៏អាចទទួលបាននូវចំណេះដឹងបន្ថែមទៀតដែរ លើការហ៊ាននិយាយជាមួយឪពុកម្ដាយ ក្លាហានប្រាប់ពីអ្វីដែលពួកគេចង់បានមិនថាជាម្ហូបអាហារដែលពួកគេចង់ញ៉ាំ ទម្លាប់និយាយស្ដីដែលពួកគេចង់បាន ឬក៏មុខវិជ្ជាដែលពួកគេចង់រៀន និងបំណងអនាគតដែលពួកគេចង់សម្រេចបាននោះទេ៕

X
5s