សិក្ខាសាលាស្តីពី «ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា»​



នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ និយ័តករបរធនបាលកិច្ច (ន.ប.ធ) បានរៀបចំសិក្ខាសាលាស្តីពី «ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

កម្មវិធីសិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្ដល់ព័ត៌មាន និងបញ្រ្ជាបការយល់ដឹងអំពីវិស័យបរធនបាលកិច្ចដល់អ្នកសារព័ត៌មានដែលបម្រើការងារនៅស្ថានីយ៍ទូរទស្សន៍ ស្ថានីយ៍វិទ្យុ និងអង្គភាពសារព័ត៌មាននានា។ 

ថ្លែងក្នុងឱកាសបើកអង្គពិធីនេះដែរ ឯកឧត្តម សុខ ដារ៉ា បានមានប្រសាសន៍ថា វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា មិនមែនជាវិស័យថ្មីអ្វីទេ វាត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩១ មកម៉្លេះ ហើយនេះគឺជាការធ្វើពិពិតកម្មវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងធ្វើឲ្យវិស័យហិរញ្ញវត្ថុកាន់តែរឹងមាំ និងក្លាយជាផ្នែកមួយជួយពង្រឹងសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។ 

ជាមួយគ្នានេះ ឯកឧត្តមក៏បានបន្តទៀតថា៖ «សិក្ខាសាលានៅថ្ងៃនេះធ្វើឡើងជាពិសេសជាមួយអ្នកសារព័ត៌មាន ព្រោះអ្នកសារព័ត៌មានគឺជាដៃគូយ៉ាងសំខាន់ក្នុងការចែករំលែកអ្វីដែលជាចំណេះដឹងថ្មី ទៅកាន់អ្នកសាធារណៈជន។ សម្រាប់និយ័តករបរធនបាលកិច្ច អ្នកសារព័ត៌មានជាដៃគូយុទ្ធសាស្រ្ត និងជាតួអង្គមិនអាចខ្វះបាន ក្នុងការធ្វើអន្តរការិយកម្មព័ត៌មានទាន់ពេល និងច្បាស់លាស់ ក្នុងគ្រប់ដំណាក់កាលនៃកិច្ចដំណើរការអភិវឌ្ឍវិស័យបរធនបាលកិច្ច ទៅកាន់សាធារណជន និងតួអង្គពាក់ព័ន្ធ»៕

X
5s