ដំណោះស្រាយសហគមន៍បែបច្នៃប្រឌិត បានលុបបំបាត់កាកសំណល់ប្លាស្ទិកប្រមាណ ១៨០ តោននៅកម្ពុជា
ក្រុងព្រះសីហនុ ប្រទេសកម្ពុជា៖ វាត្រូវការការចូលរួមពីភូមិមួយ ដើម្បីសម្អាតភូមិមួយឱ្យស្អាត។ នេះគឺជាគោលការណ៍មួយដែលដឹកនាំក្រុមហ៊ុន TONTOTON ក្នុងការបង្កើតដំណោះស្រាយសហគមន៍បែបច្នៃប្រឌិត ដែលមានសមត្ថភាពអាចលុបបំបាត់សំណល់ប្លាស្ទិករាប់ពាន់តោនពីបរិស្ថានធម្មជាតិ ដែលមិនអាចកែច្នៃឡើងវិញបានក្រោយពេលប្រើប្រាស់រួច ហើយរារាំងវាមិនឱ្យហូរចូលទៅដល់សមុទ្រ។ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការសម្អាត យុទ្ធនាការអប់រំ និងលើកកម្ពស់ការយល់ដឹងបែបបរិយាប័ន្នត្រូវបានរៀបចំឡើង តាមរយៈការប្រជុំតាមភូមិ និងសាលារៀន ការជួបជុំសង្គមរបស់ក្រុមអ្នកប្រមូលសំរាម ការចែកចាយផ្ទាំងរូបភាព និងខិត្តប័ណ្ណផ្សព្វផ្សាយ ក៏ដូចជាការដាក់រូបសញ្ញាដែលមានភាពទាក់ទាញនៅតាមដងទង់ជាតិ និងស្ទីគ័រតំណាងឱ្យទឹកដីស្អាតដែលមានពណ៌បៃតងខៀវដិតច្បាស់។
លោក Barak Ekhstein ដែលជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន TONTOTON បានមានប្រសាសន៍ថា «ភាពម្ចាស់ការនៅក្នុងសហគមន៍ គឺជាគន្លឹះជោគជ័យនៃគម្រោងរបស់យើង។ វាជារឿងសំខាន់ណាស់ ដែលអ្នកភូមិជាអ្នកមើលការខុសត្រូវដោយផ្ទាល់ក្នុងការថែរក្សាបរិស្ថានរបស់ពួកគេឱ្យបានស្អាត ហើយយល់ដឹងពីសារៈប្រយោជន៍ និងមានឧបករណ៍ត្រឹមត្រូវ ក៏ដូចជាការលើកទឹកចិត្ត ដើម្បីធានានាបាននូវបរិស្ថានប្រកបដោយនិរន្តរភាព»។ លោកបានមានប្រសាសន៍បន្ថែមថា៖ «តាមរយៈហេតុផលនេះ យើងបានបង្កើតប្រព័ន្ធមួយដែលសំឡេង និងសកម្មភាពរបស់អ្នករាល់គ្នា ត្រូវបានគិតគូរពិចារណា ដោយសារយើងមិនអាចធ្វើវាតែម្នាក់ឯងបានទេ» ។
ដោយបានមើលឃើញពីភាពជោគជ័យនៃគម្រោងនៅក្នុងប្រទេសវៀតណាម ក៏ដូចជានៅក្នុងប្រទេសកម្ពុជានាពេលនេះ កម្មវិធីឥណទានប្លាស្ទិក TONTOTON ដែលបានចាប់ផ្តើមធ្វើការប្រមូល និងសម្អាតនៅតាមភូមិចំនួន ៣ ក្នុងក្រុងព្រះសីហនុ លើកាកសំណល់ប្លាស្ទិកប្រមាណ ១៨០ តោនក្នុងរយៈពេលបីខែដំបូងនៃកិច្ចប្រតិបត្តិការ នឹងធ្វើការបង្ហាញពីភាពជោគជ័យនៃសកម្មភាព និងធ្វើបទបង្ហាញពីផែនការរួមនៃការតភ្ជាប់គ្នារវាងភូមិ និងសហគមន៍ក្រោមគោលដៅរួមមួយហោថា «ឆ្នេរសមុទ្រគ្មានប្លាស្ទិក» តាមរយៈកម្មវិធីសម្ពោធឱ្យដំណើរការដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខនៅខេត្តព្រះសីហនុ។
ក្រោមប្រធានបទ «សន្និសីទសម្ពោធដាក់ឱ្យដំណើរការដំណោះស្រាយសហគមន៍ដើម្បីឆ្នេរសមុទ្រគ្មានប្លាស្ទិក”» ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងរួមគ្នារវាងក្រសួងបរិស្ថាន រដ្ឋាភិបាលខេត្តព្រះសីហនុ ស្ថានទូតជប៉ុន កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការ UN-Habitat អង្គការ Global Plastic Action Partnership ក្រុមហ៊ុន ClimeCo ដែលជាក្រុមហ៊ុនឧបត្ថម្ភគាំទ្រ ក្រុមហ៊ុន Chip Mong Insee ជាក្រុមហ៊ុនដៃគូដំណោះស្រាយ បណ្តាអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនឯកជន ដៃគូ ប្រព័ន្ធផ្សព្វផ្សាយនានា និងជាពិសេសសមាជិកសហគមន៍។
លោក Kristin Hughes អង្គការ Global Plastic Action Partnership (GPAP) បាននិយាយថា៖ «ជាផ្នែកមួយនៃសកម្មភាពរបស់ GPAP យើងទទួលស្គាល់ការច្នៃប្រឌិតថាជាកត្តាជំរុញដ៏សំខាន់ក្នុងការដោះស្រាយការបំពុលប្លាស្ទិក។ តាមរយៈបណ្តាញច្នៃប្រឌិតប្លាស្ទិកសកលរបស់យើង យើងមានការប្តេជ្ញាចិត្ត និងរំភើបក្នុងការធ្វើការជាមួយអ្នកច្នៃប្រឌិតដែលតែងបំផុសគំនិតច្នៃប្រឌិតល្អៗ ដូចជា TONTOTON ដែលកំពុងបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាពទាំងក្នុងកម្រិតជាតិ និងសកលលោកផងដែរ»។
ឆ្នេរសមុទ្រគ្មានប្លាស្ទិក លុបបំបាត់ចន្លោះប្រហោងក្នុងការគ្រប់គ្រងសំណល់ប្លាស្ទិក ទន្ទឹមនឹងការផ្តល់ភាពអង់អាចទៅដល់ សហគមន៍មូលដ្ឋាន។ តាមរយៈការផ្តោតលើសំណល់ប្លាស្ទិកដែលមិនអាចកែច្នៃឡើងវិញបានក្រោយពេលប្រើប្រាស់រួច អ្វីគ្រប់យ៉ាងដែលទីផ្សារកែច្នៃប្រើប្រាស់ឡើងវិញមិនអាចទទួលយកមកវិញ នឹងត្រូវបានគ្រប់គ្រងដោយប្រព័ន្ធរបស់ក្រុមហ៊ុន TONTOTON។ កម្មវិធីនេះផ្តោតគោលដៅលើទីតាំងតំបន់ឆ្នេរដែលទទួលរងការបំពុលខ្លាំងបំផុត ដែលជាធម្មតាមិនត្រូវបានគ្រប់គ្រងដោយរមណីយដ្ឋាន ឬអាជីវកម្មឯកជន និងនៅក្រៅក្រសែភ្នែករបស់អ្នកទេសចរ។ ទន្ទឹមនឹងនោះដែរ ប្រព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុន TONTOTON ក៏មានសកម្មភាពសហគមន៍មូលដ្ឋាន ដែលរួមមានការលើកកម្ពស់ការយល់ដឹង ការប្រជុំសហគមន៍ក្នុងព្រឹត្តិការណ៍នានា ការដាក់រូបសញ្ញា ការចូលរួមរបស់អ្នកប្រមូលសំរាម និងកិច្ចសហប្រតិបត្តិការពហុភាគី ដែលនឹងផ្តល់ផលវិជ្ជមាន និងទ្រទ្រង់កម្មវិធីប្រកបដោយនិរន្តរភាព។
ការមើលមិនឃើញ និងមិនគិតគូរ - ជាការពិត នេះគឺជារឿងអកុសលមួយ នៅពេលដែលគេកម្របានស្តាប់ឮពីសហគមន៍ងាយរងគ្រោះ ដែលជាជនរងគ្រោះមុនគេដ៏ពិតប្រាកដពីការបំពុលកាកសំណល់ប្លាស្ទិកជាបន្តបន្ទាប់ ។ ផ្អែកតាមតថភាពនេះ បានបំផុសឱ្យមានកម្មវិធីឥណទានប្លាស្ទិក TONTOTON សំដៅពង្រីកប្រតិបត្តិការរបស់ខ្លួនទៅកាន់ឆ្នេរសមុទ្រកម្ពុជា ដោយចាប់ផ្តើមពីភូមិដាច់ស្រយាលចំនួនបី (៣) ពោលគឺភូមិទំនប់រលក អូរវៀតណាម និងភូមិថ្មីក្នុងក្រុងព្រះសីហនុ។ ផ្តើមពីចំណុចនេះ កម្មវិធីនឹងចាប់ផ្តើមធ្វើការស្វែងរកភូមិជាច្រើនទៀត ដែលត្រូវការអន្តរាគមន៍បន្ទាន់ក្នុងការគ្រប់គ្រងសំណល់ប្លាស្ទិក ។ នៅដំណាច់ឆ្នាំ ២០២២ យ៉ាងហោចណាស់ នឹងមានមជ្ឈមណ្ឌលប្រមូលសំរាមចំនួន ៥ កន្លែង ធ្វើសកម្មភាពយ៉ាងសកម្មក្នុងការប្រមូលយកកាកសំណល់ ប្លាស្ទិកពីក្រុមសហគមន៍ប្រមូលសំរាមនៅតាមឆ្នេរសមុទ្រកម្ពុជា ដែលឈានទៅដល់គោលដៅរបស់ខ្លួនក្នុងការលុបបំបាត់ការលេចធ្លាយកាកសំណល់ប្លាស្ទិកប្រមាណ ៣,០០០ តោន។
លោក Barak បានឲ្យដឹងថា៖ «លទ្ធផលគឺអាចមើលឃើញយ៉ាងច្បាស់ និងយ៉ាងឆាប់រហ័ស។ ឥឡូវនេះ នៅភូមិអូរវៀតណាមដែលមានផ្ទះតៀមលើទឹកជាច្រើន យើងអាចមើលឃើញទឹក ដែលពីមុនធ្លាប់តែគ្របដណ្តប់ទៅដោយកាកសំណល់ប្លាស្ទិកយ៉ាងក្រាស់។ នៅមជ្ឈមណ្ឌលប្រមូលសំរាមទំនប់រលករបស់យើង ឥឡូវនេះយើងប្រមូលយកសំរាមចាប់ពី ២០០គីឡូក្រាមក្នុងថ្ងៃរហូតដល់ ១០ តោនក្នុងមួយថ្ងៃ។
ព័ត៌មានអំពីកម្មវិធីប្រមូលទិញសំរាមនេះត្រូវបានឮសុះសាយ ហើយមានសមាជិកសហគមន៍កាន់តែច្រើនឡើងៗ បាននឹងកំពុងចុះឈ្មោះធ្វើជាអ្នកប្រមូលសំរាមអចិន្ត្រៃយ៍។ សព្វថ្ងៃនេះ ប្រជាជនមកពីភូមិឆ្ងាយៗក៏មកមជ្ឈមណ្ឌលប្រមូលសំរាមរបស់ TONTOTON ដើម្បីផ្លាស់ប្តូរកាកសំណល់ប្លាស្ទិករបស់ពួកគេដើម្បីយកប្រាក់។ រថយន្តប្រមូលសំរាមរបស់ក្រុមហ៊ុន TONTOTON ក៏ធ្វើដំណើរពីភូមិមួយទៅភូមិមួយ ដើម្បីទទួលយកសំរាមប្លាស្ទិកពីប្រជាពលរដ្ឋដែលមិនមានមធ្យោបាយដឹកជញ្ជូនគ្រប់គ្រាន់។
គំរូអាជីវកម្មរបស់ក្រុមហ៊ុន TONTOTON ផ្តល់ភាពអង់អាចដល់សហគមន៍ ដោយផ្តល់នូវវិធីសាស្ត្រដល់ពួកគេក្នុងការទទួលខុសត្រូវលើការថែរក្សាបរិស្ថានរបស់ពួកគេឱ្យបានស្អាត ហើយជាមួយគ្នានោះដែរ ទទួលបានប្រាក់ចំណូលទៀងទាត់ក្នុងលក្ខខណ្ឌការងារដែលមានសុវត្ថិភាព ឬនិយាយឲ្យងាយ ប្តូរសំរាមយកសាច់ប្រាក់។
ក្រុមហ៊ុន TONTOTON ធ្វើការក្រោមពិធីការអព្យាក្រឹតប្លាស្ទិកក្នុងសមុទ្រ តាមកម្មវិធីគ្មានប្លាស្ទិកក្នុងសមុទ្រដែលត្រូវបានធ្វើសវនកម្ម និងមានការបញ្ជាក់ពីស្ថាប័នគ្រប់គ្រងភាគីទីបី។ ពិធីការនេះផ្តល់នូវបទបញ្ជាប្រកបដោយតម្លាភាពទៅលើការទទួលបានសំណងឥណទានប្លាស្ទិក ក៏ដូចជាលើក្រមសីលធម៌ ដែលនឹងផ្តល់ការការពារដល់កម្មករនិយោជិតទាំងអស់ដែលចូលរួមពាក់ព័ន្ធនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូល៕