មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩ «មគ្គុទេសក៍ស្តារអាជីវកម្មពីវិស័យអចលនទ្រព្យ និងសំណង់»​



សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបន្តកិច្ចពិភាក្សាភាគទី១១ ក្នុងក្របខណ្ឌនៃ«កម្មវិធីមគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩» ក្រោមប្រធានបទ «មគ្គុទេសក៍ស្តារអាជីវកម្មពីវិស័យអចលនទ្រព្យ និងសំណង់» នៅថ្ងៃព្រហស្បតិ៍ ទី០២ ធ្នូ ឆ្នាំ២០២១នេះ ពីម៉ោង១:៣០រសៀលដល់ម៉ោង៤:០០ល្ងាច តាមប្រព័ន្ធហ្សូមដោយមានអ្នកចូលរួមចំនួន ៩៨ នាក់ និងអ្នកទស្សនាចំនួន ២៧១នាក់ លើការផ្សាយបន្តផ្ទាល់តាមគេហទំព័រហ្វេសប៊ុករបស់សមាគម។ 

 

កិច្ចពិភាក្សាបានប្រព្រឹត្តទៅ ដោយមានវត្តមានចូលរួមពីចម្ងាយរបស់សមាជិកសមាគមសហគ្រិនវ័យក្មេងនៅថ្នាក់ជាតិ និងគ្រប់សាខាតាមបណ្តាខេត្តទាំងអស់ ពិសេសភ្ញៀវកិត្តិយស និងវាគ្មិនពីស្ថាប័នពាក់ព័ន្ធដូចខាងក្រោម៖

១. លោក ឡាយ គីមស៊ួរ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Sourkear Investment Co., LTD និងអនុប្រធានសមាគមសហគ្រិនវ័យក្មេង

កម្ពុជា 

២. ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia

៣. វេជ្ជបណ្ឌិត អៀង សុធារ៉ា ប្រធានសមាគមCambodia Japan Business Investment and Founder of Arakawa Residence 

៤. លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអគ្គនាយកវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន

៥. លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា និងស្ថាបនិក &អគ្គនាយកភូមិផ្កាត្រកួន

៦. លោក លឹម សុជាតិ ប្រធាននាយកប្រតិបត្តិLaskmi Prime Investment Co., Ltd

កម្មវិធីរសៀលនេះ លោក ឡាយ គីមស៊ួរ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Sourkear Investment Co., LTD និងអនុប្រធាន

សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងសុន្ទរកថាបើកកម្មវិធី ដោយលោកលើកទឹកចិត្តឲ្យអ្នកវិនិយោគទាំងអស់ត្រូវត្រៀមខ្លួនឲ្យល្អក្នុងវិស័យដែលខ្លួនវិនិយោគ។ លោកបានសង្កត់ធ្ងន់លើវិស័យអចលនទ្រព្យនិងសំណង់គឺជាសសរស្តម្ភសំខាន់មួយសម្រាប់ប្រទេសជាតិ។ លោកលើកទឹកចិត្តឲ្យមានការចូលរួមធ្វើការជាមួយគ្នា ជាពិសេសYEACដែលជាកន្លែងដែលបណ្តុំទៅដោយអ្នកជំនាញៗ និងអាចជួយក្នុងការដោះស្រាយបញ្ហាជារួមមួយ ហើយYEACមានរៀបចំកម្មវិធីជាច្រើនដែលជួយជាគំនិត មធ្យោបាយដល់អ្នកវិនិយោគទាំងឡាយដូចជាការរៀបចំកម្មវិធី«មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩»ជាដើម កាលពីសប្តាហ៍មុនមានការពិភាក្សាលើវិស័យបដិសណ្ឋារកិច្ច ហើយថ្ងៃនេះចូលដល់កិច្ចពិភាក្សាលើវិស័យអចលនទ្រព្យនិងសំណង់ដោយមានការចូលរួមពីវាគ្មិនល្បីៗនិងពោរពេញដោយបទពិសោធន៍ ដូច្នេះវាជាពេលវេលាមួយដែលយើងទាំងអស់គ្នាត្រូវធ្វើការរួមគ្នាក្នុងកំឡុងពេលនេះ។ 

កិច្ចពិភាក្សាក្រោមប្រធានបទ «មគ្គុទេសក៍ស្តារអាជីវកម្មពីវិស័យអចលនទ្រព្យ និងសំណង់» នៅរសៀលនេះពិតជាមានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកចូលរួមតាមប្រព័ន្ធហ្សូម និងតាមរយៈការផ្សាយផ្ទាយផ្ទាល់តាមទំព័រហ្វេសប៊ុករបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា បងប្អូនអ្នកចូលរួមស្តាប់បានចោទជាសំនួរជាច្រើនទៅវាគ្មិនយើង។ ក្នុងនោះវេជ្ជបណ្ឌិត អៀង សុធារ៉ា ប្រធានសមាគមCambodia Japan Business Investment and Founder of Arakawa Residence បានចែករំលែកទាក់ទងទៅនឹងការវិនិយោគផ្ទាល់របស់លោកគឺមិនសូវជាមានការប៉ះពាក់ទេក្នុងកំឡុងកូវីដ-១៩ ដោយសារលោកតែងតែត្រៀមខ្លួនទុកមុន វាមានការប៉ះពាល់ដែរ តែប៉ះពាល់ខាងផ្នែកលក់ ប៉ុន្តែនៅក្នុងការលក់ យើងជាអ្នកវិនិយោគត្រូវដឹងថា ពេលវេលាណាដែលការលក់ធ្លាក់ចុះ ហើយពេលវេលាណាដែលការលក់កើនឡើង។ លោកបានត្រៀមខ្លួនតាមបែបព្រះពុទ្ធសាសនា គឺការត្រៀមថវិការឲ្យគ្រប់គ្រាន់ក្នុងការសាងសង់លក់ កាលណាលោកបញ្ចប់ការសាងសង់ហើយ អញ្ចឹងដំណាក់កាលបន្ទាប់គឺត្រៀមលើការលក់។ លោកបានបន្ថែមទៀតថា កាលណាយើងសាងសង់បណ្តើរ ហើយលក់បណ្តើរ អុីចឹងយើងមិនមានការត្រៀមបានល្អទេ។ តែបើកាលណាយើងមានគម្រោងនិងត្រៀមថវិការសម្រាប់គម្រោងការសាងសង់ ដូច្នេះពេលយើងសាងសង់រួចរាល់ ការងារបន្ទាប់គឺយើងប្រឹងលក់។ លោកតែងតែត្រៀមថវិការដែលរកបាន៥០%ដើម្បីធ្វើការវិនិយោគឡើងវិញ ២៥%ប្រាក់បញ្ញើមានការកំណត់ (fixed deposit) ហើយ២៥%ទៀតសម្រាប់ចំណាយកិច្ចការក្រុមហ៊ុន។ លោកវេជ្ជបណ្ឌិតបានឲ្យដំបូន្មានសម្រាប់អ្នកវិនិយោគថ្មី យើងត្រូវមានការបត់បែនទៅតាមកាលៈទេសៈ ទៅតាមគោលការណ៍របស់រដ្ឋាភិបាល ហើយគន្លឹះមួយទៀតយើងត្រូវការមានបីចំណុចនេះថវិការដែលរកបាន៥០%ដើម្បីធ្វើការវិនិយោគឡើងវិញ ២៥%ប្រាក់បញ្ញើមានការកំណត់ (fixed deposit) ហើយ២៥%ទៀតសម្រាប់ចំណាយកិច្ចការក្រុមហ៊ុន មិនត្រូវអត់ទេ ហើយត្រូវតែមានតុល្យភាពរវាងឪកាសនិងលោភៈ។

 

ដោយសារតែ កូវីដ-១៩ បន្តរជះឥទ្ធិពលជុំវិញសាកលលោក វាជាការសំខាន់ណាស់ដែលត្រូវពិភាក្សាលើផលប៉ះពាល់ដែលកំពុងមាន និងចំបងៗលើវិស័យពាណិជ្ជកម្ម និងអាជីវកម្មលក់រាយ។ សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមវិស័យពាណិជ្ជកម្ម និងអាជីវកម្មលក់រាយ គឺជាវិស័យធុរកិច្ចដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជាហើយវាជាការចែកចាយនូវផលិតផលនៅលើទីផ្សារសម្រាប់តម្រូវការប្រើប្រាសចុងក្រោយក្នុងខ្សែសង្វាក់អាជីវកម្ម។ វិស័យ ពាណិជ្ជកម្ម និងអាជីវកម្មលក់រាយ បានរងនូវផលប៉ះពាល់ជាច្រើនដូចជា ផលវិបាកនៃវិសមាមាត្រការងារ ការពឹងផ្អែកលើកម្លាំងពលកម្មដែលមានប្រាក់ឈ្នួលទាប និងរងឥទ្ធិពលពីវិស័យផ្សេងៗដូចជាវិស័យទេសចរណ៍ជាដើម។ យោងតាមការវាយតម្លៃផលប៉ះពាល់បឋម YEAC បានបង្ហាញថា ជាង ៨០% នៃពាណិជ្ជកម្មនិងអាជីវកម្មលក់រាយទទួលរងផលប៉ះពាល់ រំខានខ្លាំដល់ប្រតិបត្តិការអាជីវកម្មនិងសង្វាក់តម្លៃ ពីការបិតនូវច្រកអន្តរជាតិ វិធានការជាបន្តបន្ទាប់ដែលបានដាក់ចេញដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ការកាត់ផ្តាច់សង្វាក់ចែកចាយ ការបិទទីផ្សារ ការដឹកជញ្ជូន ភាពផុយស្រួយនៃការងារ ការទទួលបានហិរញ្ញប្បទានគាំពារ ឬឥណទានធនាគារជាដើម។

 

ផលប៉ះពាល់នៃការរាតត្បាតនៃជម្ងឺកូវីដ-១៩ធ្វើឲ្យអ្នកវិនិយោគខាងវិស័យអចលនទ្រព្យប្រឈមមុខនឹងការពន្យារពេលនូវការបញ្ចប់គម្រោងសាងសង់ ដែលនេះជាការគំរាមកំហែងនិងអាចប៉ះពាល់ដល់ប្រាក់ចំណេញរបស់គម្រោង។ ដោយសារតែការរំខាននិងប៉ះពាល់ទាំងនេះ អ្នកម៉ៅការនិងអ្នកវិនិយោគខាងវិស័យអចលនទ្រព្យនិងសំណង់ជាច្រើននៅជុំវិញពិភពលោកត្រូវចាប់ផ្តើមរៀបចំដំណើរការរៀបចំនូវពេលវេលានិងធនធានហិរញ្ញវត្ថុបន្ថែម។ ជម្ងឺរាតត្បាតក្នុងរយៈពេលវែងអាចប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់សំណង់ ដែលអាចឲ្យមានកាផ្លាស់ប្តូរឆ្ពោះទៅរកភាពសម្បូរបែបនៃអ្នកផ្គត់ផ្គង់ អ្នកផ្គត់ផ្គង់ក្នុងតំបន់កាន់តែច្រើន និងបង្កើនការប្រើប្រាស់អ្នកផ្គត់ផ្គង់ក្នុងតំបន់ និងការកើនឡើងនូវសារពើភណ្ឌក្នុងស្រុកនៃសមាសធាតុសំខាន់ៗឬសម្ភារៈផ្សេងៗ។

MSMEs ជាច្រើននៅក្នុងវិស័យចម្រុះផ្សេងៗ បានរងផលប៉ះពាល់ ដូចជាអាជីវកម្មលក់ដុំ លក់រាយ ការដឹកជញ្ជូន សេវាកម្មស្នាក់នៅ ម្ហូបអាហារ អចលនទ្រព្យ សេវាកម្មវិជ្ជាជីវៈ និងសេវាកម្មលក្ខណៈបុគ្គលដទៃទៀត។ ជាទូទៅក្រុមហ៊ុនខ្នាតតូចមានភាពផុយស្រួយផ្នែកហិរញ្ញវត្ថុ និង មានសាច់ប្រាក់បម្រុងតិចជាងក្រុមហ៊ុនខ្នាតធំ ដែលជាហេតុធ្វើឱ្យពួកគេមិនសូវមានភាពធន់នឹងវិបត្តិ។ ក្រុមហ៊ុនទាំងនេះមានសមត្ថភាពសង្វាក់ផ្គត់ផ្គង់ទន់ខ្សោយជាងដៃគូធំៗ និងមានអំណាចចរចាតិចតួច ដើម្បីអនុវត្តលក្ខខណ្ឌទូទាត់ដ៏ទាក់ទាញ។ ពួកគាត់មានភាពយឺតយ៉ាវទៅនឹងការទទួលយក ឬសម្របខ្លួនតាមពាណិជ្ជកម្មបែបបច្ចេកវិទ្យាឌីជីថល។

ឆ្លើយតបនឹងបញ្ហាប្រឈមនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្រេចផ្តួចផ្តើមកិច្ចពិភាក្សាស្តីពី “មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩” ចេញពីទស្សនៈរបស់វិស័យឯកជន ក្នុងគោលបំណងវិភាគរកមូលហេតុ ផលប៉ះពាល់ និងដំណោះស្រាយដែលនឹងរួមចំណែកគាំទ្រសហគ្រិនទាំងអស់ ក្នុងការពិនិត្យឡើងវិញនូវផែនការអាជីវកម្ម និងឱកាសនានា ដើម្បីជម្រុញការងើបឡើងវិញប្រកបដោយចីរភាព។

កម្មវិធីមគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩ នឹងប្រព្រឹត្តទៅក្រោមទម្រង់ជាកិច្ចពិភាក្សាពិសេស និងតាមវិស័យចំនួន១១ ចាប់ពីខែសីហាដល់ខែធ្នូ ឆ្នាំ២០២១ ដោយមានការបោះពុម្ពជាសៀវភៅ និងផ្សាយជាសេរ៊ីនៃសម្លេងបន្តបន្ទាប់ ដែលសាធារណៈជនអាចដកស្រង់ជាបទពិសោធន៍ និងការណែនាំ។ ប្រធានបទទាំង១១ មានជាអាទិ៍ដូចខាងក្រោម៖

កិច្ចពិភាក្សាទី១៖ កូវីដ-១៩ និង ផលប៉ះពាល់ទៅលើភូមិសាស្ត្រនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងលើសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។

កិច្ចពិភាក្សាទី២៖ យុទ្ធសាស្ត្រវិនិយោគសម្រាប់សហគ្រិន

កិច្ចពិភាក្សាទី៣៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យអប់រំឯកជន

កិច្ចពិភាក្សាទី៤៖ ទស្សនៈពីគ្រឹះស្ថានហិរញ្ញវត្ថុ

កិច្ចពិភាក្សាទី៥៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យកសិកម្ម និងកសិពាណិជ្ជកម្ម

កិច្ចពិភាក្សាទី៦៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យពាណិជ្ជកម្ម និងអាជីវកម្មលក់រាយ

កិច្ចពិភាក្សាទី៧៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យឡូជីស្ទីក និងដឹកជញ្ជូន

កិច្ចពិភាក្សាទី៨៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យផលិតកម្ម

កិច្ចពិភាក្សាទី៩៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យពាណិជ្ជកម្មអេឡិកត្រូនិក ពាណិជ្ជកម្មអនឡាន និងពាណិជ្ជកម្មបែបឌីជីថល

កិច្ចពិភាក្សាទី១០៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យបដិសណ្ឋារកិច្ច

កិច្ចពិភាក្សាទី១១៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យអចលនទ្រព្យ និងសំណង់

 

អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និង យុវជន តាមរយៈ ការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាអោយមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការតបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេង មានសមាជិកចំនួន៤០០ ដែលជាម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យម ដែលមានសាខាតាមខេត្តចំនួន៤ កំពង់ចាម សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ នឹងគ្រោងពង្រីកទៅកាន់ខេត្តផ្សេងទៀតជាពិសេសខេត្តតាមបណ្តាមាត់សមុទ្រ និងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់ និងមានធុរកិច្ចច្រើន៕

 

X
5s