ពិធីអបអរសាទរការទទួលពានរង្វាន់ «ពានរង្វាន់ពិសេសពីប្រទេសប៊្រុយណេ» « Emerging Social Enterprise » ពានរង្វាន់សហគ្រាសទាក់ទងនឹងពានរង្វាន់ធុរកិច្ចអាស៊ាន 2021 (ABA 2021)
ភ្នំពេញ, ថ្ងៃអង្គារ៍ទី៣០ វិច្ឆិកា ឆ្នាំ២០២១ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានប្រារព្ធពិធីអបអរសាទរការទទួលពានរង្វាន់ «ពានរង្វាន់ពិសេសពីប្រទេសប៊្រុយណេ» « Emerging Social Enterprise » ដែលជាពានរង្វាន់សហគ្រាសទាក់ទងនឹងពានរង្វាន់ធុរកិច្ចអាស៊ាន 2021 (ABA 2021) ពិធីទទួលពានរង្វាន់នេះធ្វើឡើង តំណាលគ្នានឹងការប្រកាសនិងប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភីពានរង្វាន់ធុរកិច្ចអាស៊ាន 2021 (ABA 2021) ដែលនៅក្នុងនោះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានទទួលពានរង្វាន់ពិសេសពីប្រទេសប៊្រុយណេ « Emerging Social Enterprise » ។
ពិធីទទួលពានរង្វាន់ជាសមាគមឆ្នើមនេះ មានវត្តមានចូលរួមពីថ្នាក់ដឹកនាំសមាគម ភ្ញៀវកិត្តិយសនិងទូតប៊្រុយណេប្រចាំនៅប្រទេសកម្ពុជាដែលមានរាយនាមដូចខាងក្រោម៖
១. លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយក វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន
២. ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត
៣. ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា
៤. ឯកឧត្តម ឃុត ចាន់ដារ៉ា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ , តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន
៥. លោក Kelvin Ng Tien Loong Second Secretary and Deputy Chief of Mission of Brunei Darussalam in Phnom Penh
ថ្លែងក្នុងកម្មវិធីទទួលពានរង្វាន់ជាសមាគមឆ្នើម លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានមានប្រសាសន៍ថា៖ YEAC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2009 ហើយបាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការគាំទ្រសមាជិករបស់យើង និង MSMEs ជាច្រើននៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើន លើជំនាញឌីជីថល អាជីវកម្មបែបបរិយាប័ន និងច្នៃប្រឌិត។ យើងមានអំណរយ៉ាងខ្លាំងដែលបានទទួលរង្វាន់ពិសេសនេះ។
វាគឺជាភស្តុតាងដែលថាការខិតខំប្រឹងប្រែងរបស់យើងកំពុងត្រូវបានទទួលស្គាល់ ហើយថាយើងកំពុងដើរលើផ្លូវត្រូវក្នុងការរួមចំណែកដល់ធុរកិច្ច និងសេដ្ឋកិច្ចរបស់កម្ពុជា។ សមិទ្ធផលទាំងអស់នេះមិនមែនកើតឡើងដោយចៃដន្យឬដោយសាអ្នកណាតែម្នាក់នោះទេ គឺជាការចូលរួមចំណែកពីគ្នាយើង ជាពិសេសមាជិកសមាជិការបស់សមាគមដែលនៅតែសកម្មនិងចូលរួម បើទោះបីជាយើងស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជម្ងឺរាតត្បាតសកលប៉ុន្មានឆ្នាំមកនេះក្តី។ ពានរង្វាន់នេះគឺជាការជំរុញទឹកចិត្តសម្រាប់យើងនិងក្រុមការងារក្នុងការបន្តធ្វើឲ្យកាន់តែប្រសើរលើសេវាកម្ម និងការជួយទៅដល់សមាជិកបន្ថែមទៀត ហើយបន្តខិតខំប្រឹងប្រែងបម្រើសហគមន៍ ជាពិសេសប្រព័ន្ធអេកូឡូស៊ីសហគ្រិន (MSMEs Ecosystem)នៅកម្ពុជា។
ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត បានកោតសរសើរ
និងអបអរសាទរសមាគមសហគ្រិនវ័យក្មេងកម្ពុជាដែលទទួលបាននូវពានរង្វាន់ដ៏អស្ចារ្យនេះ លោកបានស្នើឲ្យសមាគមបន្តនូវកិច្ចការដ៏ល្អនេះសម្រាប់ជួយដល់ MSMEs ដែលជាការចូលរួមចំណែកដ៏សំខាន់សម្រាប់អភិវឌ្ឍនសង្គមនិងសេដ្្ឋកិច្ចកម្ពុជា ជាពិសេសក្នុងឳកាសដែល សមាគមសហគ្រិនវ័យក្មេងកម្ពុជាទទួលសិទ្ធនិងភារៈក្នុងការដឹកនាំក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ និងជាម្ចាស់ផ្ទះសម្រាប់រៀបចំមហោស្រពសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ (AYE Carnival 2022)។
អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា
សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និង យុវជន តាមរយៈ ការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។
សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាអោយមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការតបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេង មានសមាជិកចំនួន៤០០ ដែលជាម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យម ដែលមានសាខាតាមខេត្តចំនួន៤ កំពង់ចាម សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ នឹងគ្រោងពង្រីកទៅកាន់ខេត្តផ្សេងទៀតជាពិសេសខេត្តតាមបណ្តាមាត់សមុទ្រ និងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់ និងមានធុរកិច្ចច្រើន៕