ពិធី «ផ្ទេរសិទ្ធិភារៈដឹកនាំក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងអាស៊ាន (ASEAN Young Entrepreneurs Council-AYEC) ពីប្រទេស ប៊្រុយណេ មកកម្ពុជា»​



ប្រទេសប៊្រុយណេ នាម៉ោង ៤៖៣០រសៀល ថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ២០២១ - លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (President of YEAC) បានទទួលទង់ជាប្រធានក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងអាស៊ាន (ASEAN Young Entrepreneurs Council-AYEC) ពីប្រទេសប្រ៊ុយណេ មកកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជានឹងទទួលភារៈជាម្ចាស់ផ្ទះ និងដឹកនាំក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងអាស៊ាន (AYEC) ក្នុងការរៀបចំព្រឹត្តិការណ៍នានា រួមមាន កិច្ចពិភាក្សាគោលនយោបាយលើកិច្ចការធុរកិច្ចតំបន់អាស៊ាន ធុរកិច្ចបង្កើតថ្មី បរិវត្តកម្មឌីជីថលសម្រាប់ SMEs, សេដ្ឋកិច្ចច្នៃប្រឌិត ក្លឹបសហគ្រិនស្រ្តីអា-ស៊ាន ជាពិសេស កិច្ចប្រជុំធំប្រចាំឆ្នាំ និងមហោស្រពសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ (Young Entrepreneurs Carnival 2022) ដែលមានការចូលរួមពីប្រទេសសមាជិកអាស៊ាន សហគ្រិនអាស៊ាន និងដៃគូពាក់ព័ន្ធ។ 

 

ការទទួលភារៈជាម្ចាស់ផ្ទះនិងដឹកនាំក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងអាស៊ាន (AYEC) ធ្វើឡើង តំណាលគ្នានឹងរាជ-   រដ្ឋាភិបាលកម្ពុជាដែលជាប្រធានអាស៊ាន ឆ្នាំ២០២២។  

 

ក្នុងពិធីផ្ទេរសិទ្ធិភារៈដឹកនាំក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងអាស៊ាន លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៏ថា÷ ការទទួលសិទ្ធនិងភារៈក្នុងការដឹកនាំក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ និងជាម្ចាស់ផ្ទះសម្រាប់រៀបចំមហោស្រពសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ (AYE Carnival 2022)  គឺជាការដឹកនាំដ៏សំខាន់ពីវិស័យឯកជនក្នុងការរួមគ្នាជាសម្លេងតែមួយក្នុងតំបន់ និងប្រមូលផ្តុំសកម្មភាពសំខាន់ៗដែលបានព្រមព្រៀងគ្នាសម្រាប់ពង្រឹងវិស័យធុរកិច្ចនិងសន្ទនាជាមួយវិស័យសាធារណៈស្តីពីការអនុវត្តក្របខ័ណ្ឌគោលនយោបាយដើម្បីអោយសេដ្ឋកិច្ចដើរកាន់តែល្អប្រសើ ព្រោះថាសហគ្រាសធុនតូចនិងមធ្យមជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ម្យ៉ាងទៀត គឺគាំទ្រដល់ប្រទេសសមាជិក AYEC ទាំងអស់ដើម្បីបំពេញសកម្មភាពយុទ្ធសាស្ត្រឆ្នាំ 2025 ដែលទើបអនុម័តថ្មីរបស់ក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងអាស៊ាន៖

១) លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការចែករំលែកការអនុវត្តក្នុងចំណោមសមាគមសមាជិក និងការភ្ជាប់ពួកគេទៅកាន់បណ្តាញអន្តរជាតិ។

២) គាំទ្រដល់សហគ្រិនវ័យក្មេងតាមរយៈការចែករំលែកចំណេះដឹង ជំនាញ និងការអនុវត្តល្អៗ។

៣) ធានាភាពជាតំណាងយ៉ាងពេញសិទ្ធិនិងស្មើមុខរបស់សហគ្រិនវ័យក្មេង នៅក្នុងស្ថាប័នធ្វើសេចក្តីសម្រេចរបស់អាស៊ាន និងអង្គការនានា។

៤) បន្តការសិក្សាស្រាវជ្រាវ បោះពុម្ភឯកសារ និងការបង្ហាញលទ្ធផលនៅក្នុងសន្និសីទឆ្ពោះទៅរកបរិយាកាសនីតិប្បញ្ញត្តិ ហិរញ្ញវត្ថុ និងការអប់រំដែលងាយស្រួលសម្រាប់សហគ្រិនភាពនៅក្នុងអាស៊ាន។

ក្នុងនោះផងដែរលោកប្រធានបានធ្វើការប្តេជ្ញានឹងបន្តគាំទ្រដល់ផែនការសកម្មភាពយុទ្ធសាស្ត្រឆ្នាំ 2025រួមមាន៖

ក. វេទិកាសន្ទនាគោលនយោបាយ ABAC- AYEC – APPDF ក្នុងការផ្តល់សម្លេងដល់សហគ្រិនវ័យក្មេងរបស់អាស៊ាន និងការបង្រួបបង្រួមភាគីពាក់ព័ន្ធសំខាន់ៗរបស់ AYEC នៅពីក្រោយរបៀបវារៈរួមមួយសម្រាប់ភាពប្រសើរឡើងនៃសហគ្រិនវ័យក្មេងដែលជាក្បាលម៉ាស៊ីនសំខាន់នៃកំណើនសេដ្ឋកិច្ចអាស៊ាន។

ខ. ក្លឹបសហគ្រិនស្ត្រីវ័យក្មេងអាស៊ាន - AYWEC (បង្កើតឡើងក្នុងខែកក្កដា ឆ្នាំ 2021) ដើរតួជាវេទិកាមួយក្នុងការប្រមូលផ្តុំ និងអភិវឌ្ឍសហគ្រិនស្ត្រីវ័យក្មេងដ៏រឹងមាំ និងសហគមន៍អាជីវកម្មដែលគ្រប់គ្រងដោយស្ត្រីនៅក្នុងអាស៊ាន ក្នុងគោលបំណងចូលរួមចំណែកឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមអាស៊ាន។

គ. បង្កើតឲ្យមានលេខាធិការដ្ឋាន AYEC ដែលអនុញ្ញាតឱ្យមានលំហូរព័ត៌មានដោយសេរី និងធ្វើការសម្រេចចិត្តរហ័សនៅពេលចាំបាច់និង ដើរតួជាក្រុមប្រឹក្សាភិបាលនៃសមាគម។ 

ឃ. រៀបចំព្រឹត្តិការណ៍មហោស្រពសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ (AYEC – 2022) ដែលគ្រោងកិច្ចប្រជុំចំនួន៣សំខាន់ៗ មុននឹងដល់មហោស្រពសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ (AYEC – 2022)ដែលគ្រោងប្រារព្ធថ្ងៃទី២៥ដល់ថ្ងៃ២៦ ខែ វិច្ឆិកា ឆ្នាំ 2022 ក្រោមប្រធានបទ៖ "ការងើបឡើងវិញនិងអភិវឌ្ឍខ្លួនឲ្យកាន់តែខ្លាំងជាមួយគ្នា"។

អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និង យុវជន តាមរយៈ ការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាអោយមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការតបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេង មានសមាជិកចំនួន៤០០ ដែលជាម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យម ដែលមានសាខាតាមខេត្តចំនួន៤ កំពង់ចាម សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ នឹងគ្រោងពង្រីកទៅកាន់ខេត្តផ្សេងទៀតជាពិសេសខេត្តតាមបណ្តាមាត់សមុទ្រ និងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់ និងមានធុរកិច្ចច្រើន៕

 

X
5s