សប្តាហ៍សហគ្រិនភាពពិភពលោក- កម្ពុជា ឆ្នាំ២០២១ “ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ឋកិច្ចឌីជីថល៖ ថ្នាល និងធនធានមនុស្សឌីជីថល”​



នាព្រឹក ថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ២០២១ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហការជាមួយបណ្តាញសហគ្រិនភាពសកលកម្ពុជា បានរៀបចំទិវាសប្តាហ៍សហគ្រិនភាព ដែលជាភាសាអង់គ្លេសហៅថា Global Entrepreneurship Week Cambodia ក្រោមប្រធានបទ “ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ឋកិច្ចឌីជីថល៖ ថ្នាល និងធនធានមនុស្សឌីជីថល” “Businesses in the new normal for Digital Economy: Digital Platforms and Talents” ដោយមានការផ្សាយបន្តផ្ទាល់ពីខេត្តព្រះសីហនុ តាមរយៈហ្សូម (ZOOM) និងទំព័រហ្វេសប៊ុកសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ផងដែរ។

កម្មវិធីព្រឹកនេះមានការអញ្ជើញជាកិត្តិយសនិងថ្លែងសុន្ទរកថាដោយឧញ៉ា សុខ ពិសិដ្ឋ ប្រធានអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា និង ជានាយកប្រតិបត្តិក្រុមហ៊ុន GGear Group Cambodia លោក ស៊ាង សុបញ្ញា  ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង អគ្គនាយកវិទ្យាស្ថានអន្តរជាតិ កម្ពុជា-អាស៊ាន បណ្ឌិត ដាញែល ស្មូគឃីង នាយកប្រចាំប្រទេសនៃ អង្គការ Konrad-Adenauer-Stiftung  ប្រចាំនៅកម្ពុជា ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍។ 

 

ជាកិច្ចបើកនូវកម្មវិធីព្រឹកនេះ លោក ស៊ាង សុបញ្ញា  ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង អគ្គនាយកវិទ្យាស្ថានអន្តរជាតិ កម្ពុជា-អាស៊ាន បានថ្លែងថា ការវិវឌ្ឍន៍នៃបច្ចេកវិទ្យា វាពិតជាបានធ្វើឲ្យមានការផ្លាស់ប្តូរជាច្រើនលើការរស់នៅរបស់យើង ជាពិសេសវាធ្វើឱ្យប្រសើរឡើងនូវលក្ខ័ណ្ឌការងារ ប្រតិបត្តិការអាជីវកម្ម និងភាពប្រសើរជាងមុនក្នុងការផ្តល់នូវអ្វីដែលល្អបំផុត និងថ្មីសម្រាប់វិស័យធុរកិច្ច។ ក្រៅពីនេះការរីកចម្រើននៃបច្ចេកវិទ្យាក៏បានបង្កើតនូវឳកាសអាជីកម្ម និងគំនិតថ្មីៗសម្រាប់ធុរកិច្ចផងដែរ។ ដូច្នេះ យើងមិនអាចមើលរំលងបច្ចេកវិទ្យាសម្រាប់ធុរកិច្ចរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) បានឡើយ។

ឧញ៉ា សុខ ពិសិដ្ឋ ប្រធានអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា និង ជានាយកប្រតិបត្តិក្រុមហ៊ុន GGear Group Cambodia បានមានប្រសាសន៍ថា ទិវាសប្តាហ៍សហគ្រិនភាពសកល គឺជាការអបអរសាទរដ៏ធំបំផុត នៅលើពិភពលោកដល់អ្នកផ្ដួចផ្ដើមគំនិត និងអ្នកបង្កើតការងារថ្មី ដែលបានចាប់ផ្ដើមនាំយកនូវគំនិតល្អៗសម្រាប់ដឹកនាំឱ្យមានការរីកចម្រើនលើវិស័យសេដ្ឋកិច្ច ។

ទិវានេះត្រូវបានរៀបចំឡើងនូវជាង ១៧០ ប្រទេសជាងទៀតក្នុងសប្តាហ៍ទី៣ នៃខែវិច្ឆិការៀងរាល់ឆ្នាំ ពីឆ្នាំ២០០៨មក ដោយបណ្តាញសហគ្រិនភាពសកល ដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិច ព្រមទាំងស្ថាប័នជាមែកធាងនៅជាង១៧០ប្រទេសទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរដែលហៅថាជាអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា។ អង្គការយើង ព្រមទាំងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានទទួលស្គាល់ជាម្ចាស់ផ្ទះផ្លូវការ (official host) នៃទិវានេះនៅប្រទេស    កម្ពុជាតាំងពីឆ្នាំ២០១៣ មកម្ល៉េះ។ ហើយគិតមកដល់ពេលនេះ ចំនួនអ្នកដែលបានចូលរួមសរុបគិតត្រឹមឆ្នាំ២០២០ មានចំនួនជាង៥០០០នាក់ ហើយទទួលបានការឩបត្ថម្ភគាំទ្រពីក្រសួងស្ថាប័នរដ្ឋ និង ឯកជនជាង១០០ស្ថាប័ន ។  

 

កម្មវិធីព្រឹកនេះត្រូវបានចូលរួមពីវាគ្មិនល្បីៗដើម្បីចែករំលែកនូវចំណេះដឹងនិងបទពិសោធន៌ទៅដល់អ្នកចូលរួមតាម      រយៈហ្សូម ជាពិសេស យុវជន សិស្ស និស្សិត។ វាគ្មិនជាកិត្តិយសរួមមាន៖

១- លោក ហ៊ាន សំបឿន Vice-President of NIPTICT, Cambodia Academy of Digital Technology

២- លោក ធុល រិទ្ធី Co-Founder of KOOMPI

៣- អ្នកស្រី ហ៊ាង អូមួយ Regional Advisor at Technovation Cambodia, Founder/CEO at Camsolution Technology, and President of Tux Global Institute, Japanese Technology Institute.

៤- អ្នកស្រី យូ បូរី Vice President of YEAC and Founder of Talent Excellence Development Partner (TEDP)

លោក សាន ឡាទី Head of Business Strategy, Cambodian Investors Corporation Plc ជាអ្នកសម្រសម្រួលក្នុងកិច្ចពិភាក្សាព្រឹកនេះផងដែរ។

 

កម្មវិធីព្រឹកនេះប្រារព្ធទៅដោយរលូន និងមានសំនួរចោទជាច្រើនពីសំណាក់អ្នកទស្សនាតាមរយៈហ្សូម និងហ្វេសប៊ុកផេក ជាពិសេសសំនួរពីយុវជន និង សិស្ស និស្សិត ទៅកាន់វាគ្មិនរបស់យើង។ ការចែករំលែករបស់វាគ្មិនទាំងអស់ក្នុងព្រឹកនេះពិតជាបង្ហាញអំពីដំណោះស្រាយនិងចំណេះដឹងទាក់ទងនឹងវិស័យបច្ចេកវិទ្យា ឬក៏ហៅថា Technology និងទាក់ទងនឹងវិស័យទីផ្សារការងារផងដែរ។ វាគ្មិនរបស់យើងលើកទឹកចិត្តយុវជន សិស្ស និស្សិត ឲ្យចេះប្រើបច្ចេកវិទ្យាឲ្យបានច្រើននិងរក្សានូវការរៀនសូត្រអភិវឌ្ឍខ្លួនឲ្យទាន់សម័យកាលបច្ចេកវិទ្យា។ 

 

កម្មវិធីនាព្រឹកនេះទទួលបានការចូលរួមពីចំងាយតាមរយៈហ្យូម 350 នាក់ និងឡាយលើហ្វេសប៊ុក 211 នាក់។

 

ទិវាសប្តាហ៍សហគ្រិនភាពសកលកម្ពុជា ឆ្នាំ ២០២១ ប្រារព្ធឡើងដោយមានការគាំទ្រថវិការពី យូអិនឌីភី (UNDP)    កម្ពុជា និង Konrad-Adenauer-Stiftung  ប្រចាំនៅកម្ពុជា និង មូលនិធិ ស.អ (CBRD) របស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគម និងការឧបត្ថម្ភពី USAID តាមរយៈPACT Cambodia និង ចូលរួមឧបត្ថម្ភពីក្រុមហ៊ុនដែលជាអ្នកឧបត្ថម្ភសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ក្នុងនោះរួមមាន Partner sponsors និង National sponsors។ កម្មវិធីក៏ទទួលបានការសហការពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) មជ្ឈមណ្ឌលពត៌មានអាជីវកម្ម(BIC) និង សហព័ន្ធសេវាអប់រំកម្ពុជា។

 

ទិវានេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំដោយសមាគមក្រោមប្រធានបទខុសៗគ្នា ចាប់តាំងពីឆ្នាំ២០១៣ ក្នុងគោលបំណងលើកទឹកចិត្ត ផ្តល់ចំណេះដឹងដល់យុវជន អ្នកមានបំណងបង្កើតអាជីវកម្ម និងអ្នកកំពុងធ្វើអាជីវកម្ម ដើម្បីឲ្យពួកគាត់យល់កាន់តែច្បាស់ពីសហ-   គ្រិនភាព និងមានឱកាសបានជួបជជែក និងសិក្សាស្វែងយល់បន្ថែម ពីសហគ្រិនជោគជ័យ ដែលជាវាគ្មិនសុទ្ធសឹងតែមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យធុរកិច្ច ក៏ដូចជាក្រសួង ស្ថាបន័ពាក់ពន្ធ័នានា ។ 

 

ប្រធានបទក្នុងឆ្នាំ២០២១ សម្រាប់ប្រទេសសម្ពុជាគឺ៖ “ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ធកិច្ចឌីជីថល ៖ ថ្នាល និង ធនធានមនុស្ស ឌីជីថល” ឬជាភាសាអង់គ្លេស Businesses in the new normal for Digital Economy: Digital Platforms and Talents។ ទិវាទាំងមូលនឹងចាប់ផ្តើមពីថ្ងៃទី ០៨ ខែវិច្ឆិកា ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយរួមកម្មវិធីសិក្ខាសាលា សម្រាប់យុវជន សិស្ស-និស្សិត ការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាសំខាន់ៗសម្រាប់សហគ្រិនធុរកិច្ចបង្កើតថ្មី និង សហគ្រាសធុនតូច និងមធ្យម។ ក្នុងកម្មវិធី   និមួយៗ ខ្លឹមសារសំខាន់ៗដែលនឹងត្រូវលើកមកពិភាក្សាទាក់ទងនឹងប្រធានបទ មានដូចជា៖

• ប្រភេទការងារ និង មុខជំនាញផ្សេងៗដែលបាន ឬដែលនឹងកើតមានឡើងដើម្បីបំពេញតម្រូវការទីផ្សារស្របនឹងពេលដែលធុរកិច្ចបង្កើតថ្មីជាច្រើនត្រូវបានបង្កើតឡើងដែរ។

• តើសហគ្រាសធុន តូច និងមធ្យមអាចពង្រីកខ្លួនដោយប្រើប្រាស់ ថា្នលឌីជីថលក្នុងប្រទេស និងក្រៅប្រទេស?

• គោលដៅ និង ការរំពឹងទុកទៅថ្ងៃអនាគត លើអាជីវកម្មអនឡាញ និង ថ្នាលឌីជីថល។

 

អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និង យុវជន តាមរយៈ ការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាអោយមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការតបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេង មានសមាជិកចំនួន៤០០ ដែលជាម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យម ដែលមានសាខាតាមខេត្តចំនួន៤ កំពង់ចាម សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ នឹងគ្រោងពង្រីកទៅកាន់ខេត្តផ្សេងទៀតជាពិសេសខេត្តតាមបណ្តាមាត់សមុទ្រ និងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់ និងមានធុរកិច្ចច្រើន៕

 

ចំពោះព័ត៌មានបន្ថែមស្តីពីកម្មវិធីខាងលើ សូមទំនាក់ទំនងមក មន្រ្តី   នៃអង្គការបណ្តាញសហគ្រិនភាពសកល កម្ពុជា តាមរយៈ៖

លេខទូរស័ព្ទ +855 70 464 688 

សារអេឡិចត្រូនិច [email protected] 

ទំព័រFacebookផ្លូវការរបស់យើង Global Entrepreneurship Network Cambodia

ឬ តាមរយៈគេហទំព័រ genglobal.org/cambodia

 

 

X
5s