សប្តាហ៍សហគ្រិនភាពពិភពលោក- កម្ពុជា ឆ្នាំ២០២១ “ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ឋកិច្ចឌីជីថល៖ ថ្នាល និងធនធានមនុស្សឌីជីថល”​



នារសៀល ថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ២០២១ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហការជាមួយបណ្តាញសហគ្រិនភាពសកលកម្ពុជា បានរៀបចំទិវាសប្តាហ៍សហគ្រិនភាព ដែលជាភាសាអង់គ្លេសហៅថា Global Entrepreneurship Week Cambodia ក្រោមប្រធានបទ “ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ឋកិច្ចឌីជីថល៖ ថ្នាល និងធនធានមនុស្សឌីជីថល” “Businesses in the new normal for Digital Economy: Digital Platforms and Talents” នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរង នៃ គណៈ-អភិបាល ខេត្តព្រះសីហនុ ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោក ប៊ុន សម្បត្តិ អគ្គលេខាធិការ នៃ  សមាគមសហគ្រិនវ័យក្មេងកម្ពុជា ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា និង ជានាយកប្រតិបត្តិក្រុមហ៊ុន GGear Group Cambodia ឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ សមាជិកក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនវ័យក្មេងកម្ពុជា សភាពិណិជ្ជកម្មក្រុងព្រះសីហនុ សហគ្រាសខ្នាតមីក្រូ តូចនិង មធ្យម និងសិស្ស និសិ្សត ប្រជុំដោយផ្ទាល់ប្រមាណ ៥០នាក់ និងចូលរួមពីចំងាយតាមរយៈហ្យូម ៦០នាក់ និងឡាយលើហ្វេសប៊ុក  ៥២១នាក់។

ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា និង ជានាយកប្រតិបត្តិក្រុមហ៊ុន GGear Group Cambodia បានថ្លែងថា អង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា ផ្តោតលើប្រតិបត្តិការថ្នាក់ជាតិ និងសកលលោក ក្នុងគោលនយោបាយ ការស្រាវជ្រាវ និងកម្មវិធីនានាដែលធានាថាសមាជិកទាំងអស់មានសិទ្ធ ពិសេសអាចទទួលបាន ចំណេះដឹង បណ្តាញសហគមន៍ និងកម្មវិធីទាក់ទងទៅនឹងសេដ្ឋកិច្ច ប្រព័ន្ធ  អេកូឡូស៊ីវប្បធម៌ ភាសា ភូមិសាស្ត្រ និងកម្មវិធីជាច្រើនទៀត។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរង នៃ គណៈ-អភិបាល ខេត្តព្រះសីហនុ បានលើកឡើងថា ទិវានេះមានសារៈសំខាន់ និងពិតជាផ្តល់នូវចំណេះដឹង និងការគិតបែបថ្មីដល់អ្នកកំពុងធ្វើអាជីវកម្ម អ្នកដែលមានបំណងបង្កើតអាជីវកម្ម ជាពិសេសប្អូនៗយុវជន សិស្ស និស្សិតបានយល់កាន់តែច្បាស់ពីសហគ្រិនភាព និងមានឱកាសបាន ជួបជជែក និងសិក្សាស្វែងយល់បន្ថែមពីព័ត៌មានថ្មីៗទាក់ទងនឹងធុរកិច្ចក្នុងរបត់ថ្មី និងសេដ្ឋកិច្ចឌីជីថល។

ក្នុងកម្មវិធីនារសៀលនេះ ក៏មានការចូលរួមផ្ទាល់ពីវាគ្មិនល្បីៗដែលបានចូលរួមក្នុងការចែករំលែកចំណេះដឹងនិងបទពិសោធន៍ទាក់ទងនឹងឌីជីថល វាគ្មិនរួមមាន៖ 

១- ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

២- ឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ

៣- លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និង ជាប្រធានសមាគមធុរកិច្ចអេឡិចត្រូនិច កម្ពុជា។

៤- លោក សៀត ស៊ីសុភក្តិ អគ្គនាយកក្រុមហ៊ុន Active Communications ។

៥- លោក គីវ  យ៉ាស៊ីន  Owner of KYS Computer ។

៦- លោក ស៊ឹម តារា អគ្គនាយករងនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា។

 កញ្ញា ថូង ធីតា សមាជិកក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង ជានាយិកា Thaung Enterprise ជាអ្នកសម្របសម្រួលក្នុងកិច្ចពិភាក្សានារសៀលថ្ងៃនេះ។

អត្ថន័យជារួមក្នុងកិច្ចពិភាក្សានេះវាគ្មិនយើងបានផ្តល់នូវចំណេះដឹងច្រើនទាក់ទងនឹងឌីជីថល និងធនធានមនុស្ស ហើយឌីជីថលអាចសង្រ្គោះអាជីវកម្មរបស់យើងផងដែរ ដោយយើងជាអ្នកធ្វើអាជីវកម្មត្រូវស្វែងយល់អំពីឌីជីថលឲ្យច្បាស់ដើម្បីអាជីវកម្មយើងរស់តាមរបត់ថ្មីនាសម័យបច្ចុប្បន្ននេះ។  វាគ្មិនយើងលើកទឹកចិត្តអ្នកអាជីវកម្មឲ្យស្វែងយល់អំពីឌីជីថលឲ្យបានច្បាស់ដើម្បីជាឳកាសក្នុងការពង្រីកនិងពង្រឹងអាជីវកម្មយើង។ បន្ថែមពីនេះទៀត ពាណិជ្ជករត្រូវមានក្រមសីលធម៌ និងមានសច្ចធម៌ក្នុងការធ្វើពាណិជ្ជកម្ម។

គ្រប់MSME ត្រូវចេះទាញយកផលប្រយោជន៌ពីឌីជីថល ជាពិសេស ក្នុងរបត់កូវីដរញ៉េរញ៉ៃនេះ យើងជាពាណិជ្ជករ អ្នកធ្វើអាជីវកម្មត្រូវតែរឹងមំានិងដោះស្រាយបញ្ហាដែលយើងប្រឈម។ MSME គួររួមគ្នាដើម្បីបង្កើតសង្វាក់ផលិតកម្មរួមគ្នា និងកាត់បន្ថយការនាំចូល និង បង្កើនកម្លាំងពលកម្មក្នុងស្រុក។ ការរៀនជំនាញឌីជីថលបន្ថែមគឺមានសារៈសំខាន់ដើម្បីឲ្យចំណេះដឹងយើងកាន់តែកើននិងតាមទាន់សម័យកាល អុីចឹងអាជីវកម្មយើងក៏កើនឡើងដែរ យើងស្វែងយល់ឲ្យច្បាស់ដើម្បីអាជីវកម្មយើងមានការរីកចម្រើន។ លើសពីនេះទៀត MSME គួរយកបញ្ហាទៅធ្វើជាកម្លាំង ជាជំនាញចំណេះ ដើម្បីឲ្យដើរទាន់សេដ្ឋកិច្ចឌីជីថល និងដើម្បីពង្រឹងខ្លួនឯងនិងធនធានមនុស្សនៅក្នុងអាជីវកម្ម។ 

ទិវាសប្តាហ៍សហគ្រិនភាពសកលកម្ពុជា ឆ្នាំ ២០២១ ប្រារព្ធឡើងដោយមានការគាំទ្រថវិការពី យូអិនឌីភី (UNDP) កម្ពុជា និង Konrad-Adenauer-Stiftung  ប្រចាំនៅកម្ពុជា និង មូលនិធិ ស.អ (CBRD) របស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគម និងការឧបត្ថម្ភពី USAID តាមរយៈPACT Cambodia និង ចូលរួមឧបត្ថម្ភពីក្រុមហ៊ុនដែលជាអ្នកឧបត្ថម្ភសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ក្នុងនោះរួមមាន Partner sponsors និង National sponsors។ កម្មវិធីក៏ទទួលបានការសហការពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) មជ្ឈមណ្ឌលពត៌មានអាជីវកម្ ម(BIC) និង សហព័ន្ធសេវាអប់រំកម្ពុជា។

ទិវានេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំដោយសមាគមក្រោមប្រធានបទខុសៗគ្នា ចាប់តាំងពីឆ្នាំ២០១៣ ក្នុងគោលបំណងលើកទឹកចិត្ត ផ្តល់ចំណេះដឹងដល់យុវជន អ្នកមានបំណងបង្កើតអាជីវកម្ម និងអ្នកកំពុងធ្វើអាជីវកម្ម ដើម្បីឲ្យពួកគាត់យល់កាន់តែច្បាស់ពីសហ-   គ្រិនភាព និងមានឱកាសបានជួបជជែក និងសិក្សាស្វែងយល់បន្ថែម ពីសហគ្រិនជោគជ័យ ដែលជាវាគ្មិនសុទ្ធសឹងតែមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យធុរកិច្ច ក៏ដូចជាក្រសួង ស្ថាបន័ពាក់ពន្ធ័នានា ។ 

ប្រធានបទក្នុងឆ្នាំ២០២១ សម្រាប់ប្រទេសសម្ពុជាគឺ៖ “ធុរកិច្ចក្នុងរបត់ថ្មី នៃសេដ្ធកិច្ចឌីជីថល ៖ ថ្នាល និង ធនធានមនុស្ស ឌីជីថល” ឬជាភាសាអង់គ្លេស Businesses in the new normal for Digital Economy: Digital Platforms and Talents។ ទិវាទាំងមូលនឹងចាប់ផ្តើមពីថ្ងៃទី ០៨ ខែវិច្ឆិកា ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយរួមកម្មវិធីសិក្ខាសាលា សម្រាប់យុវជន សិស្ស-និស្សិត ការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាសំខាន់ៗសម្រាប់សហគ្រិនធុរកិច្ចបង្កើតថ្មី និង សហគ្រាសធុនតូច និងមធ្យម។ ក្នុងកម្មវិធី   និមួយៗ ខ្លឹមសារសំខាន់ៗដែលនឹងត្រូវលើកមកពិភាក្សាទាក់ទងនឹងប្រធានបទ មានដូចជា៖

• ប្រភេទការងារ និង មុខជំនាញផ្សេងៗដែលបាន ឬដែលនឹងកើតមានឡើងដើម្បីបំពេញតម្រូវការទីផ្សារស្របនឹងពេលដែលធុរកិច្ចបង្កើតថ្មីជាច្រើនត្រូវបានបង្កើតឡើងដែរ។

• តើសហគ្រាសធុន តូច និងមធ្យមអាចពង្រីកខ្លួនដោយប្រើប្រាស់ ថា្នលឌីជីថលក្នុងប្រទេស និងក្រៅប្រទេស?

• គោលដៅ និង ការរំពឹងទុកទៅថ្ងៃអនាគត លើអាជីវកម្មអនឡាញ និង ថ្នាលឌីជីថល។

អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និង យុវជន តាមរយៈ ការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាអោយមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការតបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេង មានសមាជិកចំនួន៤០០ ដែលជាម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យម ដែលមានសាខាតាមខេត្តចំនួន៤ កំពង់ចាម សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ នឹងគ្រោងពង្រីកទៅកាន់ខេត្តផ្សេងទៀតជាពិសេសខេត្តតាមបណ្តាមាត់សមុទ្រ និងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់ និងមានធុរកិច្ចច្រើន៕

 

ចំពោះព័ត៌មានបន្ថែមស្តីពីកម្មវិធីខាងលើ សូមទំនាក់ទំនងមក មន្រ្តី   នៃអង្គការបណ្តាញសហគ្រិនភាពសកល កម្ពុជា តាមរយៈ៖

លេខទូរស័ព្ទ +855 70 464 688 

សារអេឡិចត្រូនិច [email protected] 

ទំព័រFacebookផ្លូវការរបស់យើង Global Entrepreneurship Network Cambodia

ឬ តាមរយៈគេហទំព័រ genglobal.org/cambodia

 

X
5s