មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩ កិច្ចពិភាក្សាភាគទី៧៖ « វិស័យដឹកជញ្ចូន និងភស្តុភារកម្ម-Logistics »
ភ្នំពេញ, ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១
សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបន្តកិច្ចពិភាក្សាភាគទី៧ ក្នុងក្របខណ្ឌនៃ«កម្មវិធីមគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩» ក្រោមប្រធានបទ« វិស័យដឹកជញ្ចូន និងភស្តុភារកម្ម-Logistics » នៅថ្ងៃព្រហស្បតិ៍ ទី២១ តុលា ឆ្នាំ២០២១នេះ ពីម៉ោង១:៣០រសៀលដល់ម៉ោង៤:០០ល្ងាច តាមប្រព័ន្ធហ្សូមដោយមានអ្នកចូលរួមចំនួន ៧៧នាក់ និងអ្នកទស្សនាចំនួន ១៧៧នាក់ លើការផ្សាយបន្តផ្ទាល់តាមគេហទំព័រហ្វេសប៊ុករបស់សមាគម។
កិច្ចពិភាក្សាបានប្រព្រឹត្តទៅ ដោយមានវត្តមានចូលរួមពីចម្ងាយរបស់សមាជិកសមាគមសហគ្រិនវ័យក្មេងនៅថ្នាក់ជាតិ និងគ្រប់សាខាតាមបណ្តាខេត្តទាំងអស់ ពិសេសភ្ញៀវកិត្តិយស និងវាគ្មិនពីស្ថាប័នពាក់ព័ន្ធដូចខាងក្រោម៖
១. លោក ចាន់ វាសនា អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន APV
២. ឧកញ៉ា គួច ផេង ប្រធានក្រុមប្រឹក្សាយោបល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអគ្គនាយកក្រុមហ៊ុន Advance Glory Logistics (Cambodia) Co.,Ltd
៣. ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា CLA
៤. កញ្ញា ថូង ធីតា សមាជិកក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងនាយិកាសហគ្រាស ថូង អិនធ័រប្រាយស៍
៥. លោក នី វណ្ណធឿន អ្នកគ្រប់គ្រងការអភិវឌ្ឍន៍ធុរកិច្ច រ៉ូដអ៊ិចប្រេស ឡូជីស្ទីក
ជំងឺរាតត្បាត កូវីដ-១៩ បានវិវត្តយ៉ាងឆាប់រហ័សពីវិបត្តិសង្គ្រោះបន្ទាន់ផ្នែកសុខភាព ទៅជាវិបត្តិសេដ្ឋកិច្ចសាកល ដែលបានជះឥទ្ធិពលលើវិស័យផ្សេងៗ ពិសេសប្រព័ន្ធហិរញ្ញវត្ថុនិងប៉ះពាល់ដល់គ្រប់វិស័យ ទាំងវិស័យសាធារណៈ វិស័យធុរកិច្ចឯកជន និងសង្គមទាំងមូល។ ជាស្វ័យប្រវត្តិតម្រូវការនៃការបរិភោគ និងសេវាកម្មជុំវិញវិស័យនានាដូចជាការកំសាន្ត បដិសណ្ឋារកិច្ច ការធ្វើដំណើរ ការដឹកជញ្ជូន កិច្ចប្រជុំ និងសន្និសីទ ត្រូវបានស្រុតចុះ។ ក្រុមហ៊ុនដែលពឹងផ្អែកលើការផ្គត់ផ្គង់អន្តរជាតិ ដូចជា រថយន្ត អគ្គីសនី កសិ-ពាណិជ្ជកម្ម រោងចក្រកាត់ដេរ ជួបប្រទះនឹងភាពរអាក់រអួលនៃដំណើរប្រតិបត្តិការរបស់ខ្លួន។
ដោយឡែក លើវិស័យដឹកជញ្ចូន និងភស្តុភារកម្ម-Logistics ដែលជាវិស័យដ៏សំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចជាតិ និងជាវ័យចំបងដែលមិនអាចខ្វះបាន សម្រាប់បម្រើដល់មធ្យោបាយសេវាដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ បានទទទួលរងនូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងពីវិបត្តិសកលមួយនេះ។ ដោយសារតែ កូវីដ-១៩ បន្តជះឥទ្ធិពលជុំវិញសាកលលោក វាជាការសំខាន់ណាស់ដែលត្រូវពិភាក្សាលើផលប៉ះពាល់ដែលកំពុងមាន និងចំបងៗលើលើវិស័យដឹកជញ្ចូន និងភស្តុភារកម្ម-Logistics ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងតែជះឥទ្ធិពលអវិជ្ជមានបន្ថែមទៀតដល់ក្នុងលើវិស័យដឹកជញ្ជូន និងភស្តុភារកម្ម-Logistics នៅកម្ពុជា ខណៈវិស័យនេះទទួលរងផលប៉ះពាល់រួចហើយពីវិបត្តិសុខភាពមួយនេះ។ ការបិតនូវច្រកអន្តរជាតិ វិធានការបិតខ្ទប់ជាបន្តបន្ទាប់ដែលបានដាក់ចេញដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ការកាត់ផ្តាច់សង្វាក់ចែកចាយ ការបិទទីផ្សារ ជាកត្តារាំងស្ទះនិងមានឥទ្ធិពលអវិជ្ជទៅលើ វិស័យគមនាគមន៍ ការដឹកជញ្ចូន និងភស្តុភារកម្ម-Logistics និងប៉ះពាល់ដល់ការចែកចាយនូវផលិតផលនៅលើទីផ្សារសម្រាប់តម្រូវការប្រើប្រាស់ក្នុងខ្សែសង្វាក់អាជីវកម្ម។ ។
លោក ចាន់ វាសនា អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានគូសបញ្ជក់ថាកិច្ចពិក្សាស្តីពីមគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩ លើវិស័យដឹកជញ្ចូន និងភស្តុភារកម្ម-Logistics ជាព្រឹត្តិការណ៍ដមានសារៈសំខាន់នៃការផ្លាស់ប្តូរបទពិសោធន៍ពីអ្នកជំនាញ និងវាគ្មិនដែលពាក់ព័ន្ធ។ វាគ្មិននឹងចែករំលែកបញ្ហាប្រឈមដែលបានឆ្លងកាត់ មេរៀនដែលទទួលបាន ដំណោះស្រាយបន្ទាន់ ដើម្បីអោយអាជីវកម្មដំណើរការបានល្អក្នុងស្ថានភាពដ៏លំបាកនេះ។ លោកបានបន្ថែមថានៅក្នុងចំណោមសមាជិក និងសមាជិកាទាំង៤០០នាក់ដែលកំពុងប្រតិបត្តិការអាជីវកម្មសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ជាង៧០០SMEs របស់សមាគម មួយភាគធំស្ថិតក្នុងលើវិស័យដឹកជញ្ចូន និងភស្តុភារកម្ម-Logistics។ លោកបានបន្ថែមទៀតថា វិស័យដឹកជញ្ចូន និងភស្តុភារកម្ម-Logistic ជាសរសៃឈាមនៃការអភវឌ្ឍនសេដ្ឋកិច្ចនិងសង្គម ព្រោះសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមទាំងនោះត្រូវការការគាំពារនិងផ្គត់ផ្គង់ចាំបាច់បំផុតពីវិស័យដឹកជញ្ចូន និងភស្តុភារកម្ម-Logistics ដើម្បីដំណើរការអាជីវកម្មរបស់ពួកគេ។
ដោយឡែកសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs ) ជារឿយៗរងផលប៉ះពាល់ ជាងក្រុមហ៊ុនធំៗពី វិបត្តិកូវីដ-១៩ នេះ ដែលបង្ហាញពីភាពងាយរងគ្រោះរបស់ពួកគេ។ MSMEs ជាច្រើននៅក្នុងវិស័យចម្រុះផ្សេងៗ បានរងផលប៉ះពាល់ ដូចជាអាជីវកម្មលក់ដុំ លក់រាយ ការដឹកជញ្ជូននិងភស្តុភារកម្ម-Logistic សេវាកម្មស្នាក់នៅ ម្ហូបអាហារ អចលនទ្រព្យ សេវាកម្មវិជ្ជាជីវៈ និងសេវាកម្មលក្ខណៈបុគ្គលដទៃទៀត។ ជាទូទៅក្រុមហ៊ុនខ្នាតតូចមានភាពផុយស្រួយផ្នែកហិរញ្ញវត្ថុ និង មានសាច់ប្រាក់បម្រុងតិចជាងក្រុមហ៊ុនខ្នាតធំ ដែលជាហេតុធ្វើឱ្យពួកគេមិនសូវមានភាពធន់នឹងវិបត្តិ។ ក្រុមហ៊ុនទាំងនេះមានសមត្ថភាពសង្វាក់ផ្គត់ផ្គង់ទន់ខ្សោយជាងដៃគូធំៗ និងមានអំណាចចរចាតិចតួច ដើម្បីអនុវត្តលក្ខខណ្ឌទូទាត់ដ៏ទាក់ទាញ។ ពួកគាត់មានភាពយឺតយ៉ាវទៅនឹងការទទួលយក ឬសម្របខ្លួនតាមពាណិជ្ជកម្មបែបបច្ចេកវិទ្យាឌីជីថល។
ឆ្លើយតបនឹងបញ្ហាប្រឈមនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្រេចផ្តួចផ្តើមកិច្ចពិភាក្សាស្តីពី “មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩” ចេញពីទស្សនៈរបស់វិស័យឯកជន ក្នុងគោលបំណងវិភាគរកមូលហេតុ ផលប៉ះពាល់ និងដំណោះស្រាយដែលនឹងរួមចំណែកគាំទ្រសហគ្រិនទាំងអស់ ក្នុងការពិនិត្យឡើងវិញនូវផែនការអាជីវកម្ម និងឱកាសនានា ដើម្បីជម្រុញការងើបឡើងវិញប្រកបដោយចីរភាព។
កម្មវិធីមគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩ នឹងប្រព្រឹត្តទៅក្រោមទម្រង់ជាកិច្ចពិភាក្សាពិសេស និងតាមវិស័យចំនួន១2 ចាប់ពីខែសីហាដល់ខែធ្នូ ឆ្នាំ២០២១ ដោយមានការបោះពុម្ពជាសៀវភៅ និងផ្សាយជាសេរ៊ីនៃសម្លេងបន្តបន្ទាប់ ដែលសាធារណៈជនអាចដកស្រង់ជាបទពិសោធន៍ និងការណែនាំ។ ប្រធានបទទាំង១២ មានជាអាទិ៍ដូចខាងក្រោម៖
កិច្ចពិភាក្សាទី១៖ កូវីដ-១៩ និង ផលប៉ះពាល់ទៅលើភូមិសាស្ត្រនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងលើសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។
កិច្ចពិភាក្សាទី២៖ យុទ្ធសាស្ត្រវិនិយោគសម្រាប់សហគ្រិន
កិច្ចពិភាក្សាទី៣៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យអប់រំឯកជន
កិច្ចពិភាក្សាទី៤៖ ទស្សនៈពីគ្រឹះស្ថានហិរញ្ញវត្ថុ
កិច្ចពិភាក្សាទី៥៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យកសិកម្ម និងកសិពាណិជ្ជកម្ម
កិច្ចពិភាក្សាទី៦៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យពាណិជ្ជកម្ម និងអាជីវកម្មលក់រាយ
កិច្ចពិភាក្សាទី៧៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យឡូជីស្ទីក និងដឹកជញ្ជូន
កិច្ចពិភាក្សាទី៨៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យផលិតកម្ម
កិច្ចពិភាក្សាទី៩៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យពាណិជ្ជកម្មអេឡិកត្រូនិក ពាណិជ្ជកម្មអនឡាន និងពាណិជ្ជកម្មបែបឌីជីថល
កិច្ចពិភាក្សាទី១០៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យបដិសណ្ឋារកិច្ច
កិច្ចពិភាក្សាទី១១៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យអចលនទ្រព្យ និងសំណង់
កិច្ចពិភាក្សាទី១២៖ មគ្គុទេសក៍ស្តារអាជីវកម្មពីសភាពាណិជ្ជកម្មអន្តរជាតិ
អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា
សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និង យុវជន តាមរយៈ ការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។
សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាអោយមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការតបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេង មានសមាជិកចំនួន៤០០ ដែលជាម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យម ដែលមានសាខាតាមខេត្តចំនួន៤ កំពង់ចាម សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ នឹងគ្រោងពង្រីកទៅកាន់ខេត្តផ្សេងទៀតជាពិសេសខេត្តតាមបណ្តាមាត់សមុទ្រ និងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់ និងមានធុរកិច្ចច្រើន៕