មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩ ភាគទី២ «យុទ្ធសាស្ត្រវិនិយោគសម្រាប់សហគ្រិន»
ភ្នំពេញ, ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១៖ ជំងឺរាតត្បាត កូវីដ-១៩ បានវិវត្តយ៉ាងឆាប់រហ័សពីវិបត្តិសង្គ្រោះបន្ទាន់ផ្នែកសុខភាព ទៅជាវិបត្តិសេដ្ឋកិច្ចសាកល ដែលបានជះឥទ្ធិពលលើវិស័យផ្សេងៗ ពិសេសប្រព័ន្ធហិរញ្ញវត្ថុ។
ជាស្វ័យប្រវត្ត តម្រូវការនៃការបរិភោគ និងសេវាកម្មជុំវិញវិស័យនានាដូចជាការកំសាន្ត បដិសណ្ឋារកិច្ច ការធ្វើដំណើរ ការដឹកជញ្ជូន កិច្ចប្រជុំ និងសន្និសីទ ត្រូវបានស្រុតចុះ។ ក្រុមហ៊ុនដែលពឹងផ្អែកលើការផ្គត់ផ្គង់អន្តរជាតិដូចជា រថយន្ត អគ្គីសនី កសិពាណិជ្ជកម្ម រោងចក្រកាត់ដេរ ជួបប្រទះនឹងភាពរអាក់រអួលនៃដំណើរប្រតិបត្តិការរបស់ខ្លួន។ ដោយឡែកវិស័យហិរញ្ញវត្ថុ និងស្ថាប័នធនាគារ មីក្រូហិរញ្ញវត្ថុ រងនូវវិបត្តិសាច់ប្រាក់ និងព្យាករណ៍ពីកំណើននៃកម្ចីអសកម្ម។ ក្រុមហ៊ុននៅក្នុងវិស័យផលិតកម្ម និងសំណង់បានធ្លាក់ចុះ និងជួបប្រទះប្រតិបត្តិការដែលថមថយ។ បច្ចុប្បន្នសេដ្ឋកិច្ចសកល ធ្លាក់ចូលក្នុងបរិបទនៃការកាត់បន្ថយការងារ និងការប៉ះប៉ូវតបស្នងឡើងវិញ។
ដោយឡែកសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs ) ជារឿយៗរងផលប៉ះពាល់ជាងក្រុមហ៊ុនធំៗពី វិបត្តិកូវីដ-១៩ នេះ ដែលបង្ហាញពីភាពងាយរងគ្រោះរបស់ពួកគេ។ MSMEs ជាច្រើននៅក្នុងវិស័យចម្រុះផ្សេងៗ បានរងផលប៉ះពាល់ ដូចជាអាជីវកម្មលក់ដុំ លក់រាយ ការដឹកជញ្ជូន សេវាកម្មស្នាក់នៅ ម្ហូបអាហារ អចលនទ្រព្យ សេវាកម្មវិជ្ជាជីវៈ និងសេវាកម្មលក្ខណៈបុគ្គលដទៃទៀត។ ជាទូទៅក្រុមហ៊ុនខ្នាតតូចមានភាពផុយស្រួយផ្នែកហិរញ្ញវត្ថុនិង មានសាច់ប្រាក់បម្រុងតិចជាងក្រុមហ៊ុនខ្នាតធំ ដែលជាហេតុធ្វើឱ្យពួកគេមិនសូវមានភាពធន់នឹងវិបត្តិ។ ក្រុមហ៊ុនទាំងនេះ មានសមត្ថភាពសង្វាក់ផ្គត់ផ្គង់ទន់ខ្សោយជាងដៃគូធំៗ និងមានអំណាចចរចាតិចតួច ដើម្បីអនុវត្តលក្ខខណ្ឌទូទាត់ដ៏ទាក់ទាញ។ ពួកគាត់មានភាពយឺតយ៉ាវទៅនឹងការទទួលយក ឬសម្របខ្លួនតាមពាណិជ្ជកម្មបែបបច្ចេកវិទ្យាឌីជីថល។
ឆ្លើយតបនឹងបញ្ហាប្រឈមនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្រេចផ្តួចផ្តើមកិច្ចពិភាក្សាស្តីពី “មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩” ចេញពីទស្សនៈរបស់វិស័យឯកជន ក្នុងគោលបំណងវិភាគរកមូលហេតុផលប៉ះពាល់ និងដំណោះស្រាយដែលនឹងរួមចំណែកគាំទ្រសហគ្រិនទាំងអស់ ក្នុងការពិនិត្យឡើងវិញនូវផែនការអាជីវកម្ម និងឱកាសនានាដើម្បីជម្រុញការងើបឡើងវិញប្រកបដោយចីរភាព។
កម្មវិធី “មគ្គុទេសក៍ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩” នឹងប្រព្រឹត្តទៅក្រោមទម្រង់ជាកិច្ចពិភាក្សាពិសេស និងតាមវិស័យចំនួន១១ ចាប់ពីខែសីហា ដល់ខែធ្នូ ឆ្នាំ២០២១ ដោយមានការបោះពុម្ពជាសៀវភៅ និងផ្សាយជាសេរ៊ីនៃសម្លេងបន្តបន្ទាប់ ដែលសាធារណៈជនអាចដកស្រង់ជាបទពិសោធន៍ និងការណែនាំ។ ប្រធានបទទាំង១១ មានជាអាទិ៍ដូចខាងក្រោម៖
កិច្ចពិភាក្សាទី១៖ កូវីដ-១៩ និង ផលប៉ះពាល់ទៅលើភូមិសាស្ត្រនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច និងលើសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។
កិច្ចពិភាក្សាទី២៖ យុទ្ធសាស្ត្រវិនិយោគសម្រាប់សហគ្រិន
កិច្ចពិភាក្សាទី៣៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យអប់រំឯកជន និងបណ្តុះបណ្តាលវិជ្ជាជីវៈ
កិច្ចពិភាក្សាទី៤៖ ទស្សនៈពីគ្រឹះស្ថានហិរញ្ញវត្ថុ
កិច្ចពិភាក្សាទី៥៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យកសិកម្ម និងកសិពាណិជ្ជកម្ម
កិច្ចពិភាក្សាទី៦៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យពាណិជ្ជកម្ម និងអាជីវកម្មលក់រាយ
កិច្ចពិភាក្សាទី៧៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យឡូជីស្ទីក និងដឹកជញ្ជូន
កិច្ចពិភាក្សាទី៨៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យផលិតកម្ម
កិច្ចពិភាក្សាទី៩៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យពាណិជ្ជកម្មអេឡិកត្រូនិក ពាណិជ្ជកម្មអនឡាន និងពាណិជ្ជកម្មបែបឌីជីថល
កិច្ចពិភាក្សាទី១០៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យបដិសណ្ឋារកិច្ច
កិច្ចពិភាក្សាទី១១៖ មគ្គុទេសក៍ស្តារអាជីវកម្មសម្រាប់វិស័យអចលនទ្រព្យ និងសំណង់
ជាក់ស្តែង នៅថ្ងៃព្រហស្បន៍ ទី២៦ ខែសីហា ឆ្នាំ២០២១ ពីម៉ោង២រសៀល ដល់ម៉ោង៥ល្ងាច សមាគមសហគ្រិនវ័យក្មេងកម្ពុជាបាន កិច្ចពិភាក្សាពិសេសទី២ ក្រោមប្រធាន “យុទ្ធសាស្ត្រវិនិយោគសម្រាប់សហគ្រិន” ដោយមានការអញ្ជើញចូលរួមពីសំណាក់គណធីបតី និងវាគ្មិនកិត្តិយសពីស្ថាប័នពាក់ព័ន្ធ ដូចខាងក្រោម៖
១. ឧកញ៉ា គួច ផេង ប្រធានក្រុមប្រឹក្សាយោបល់ នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា អគ្គនាយកក្រុមហ៊ុន Advanced Glory Logistics (Cambodia) Co., Ltd.
២. វេជ្ជបណ្ឌិត អៀង សុធារ៉ា ប្រធានសមាគម Cambodia Japan Business Investment និង ស្ថាបនិក Arakawa Residence
៣. អ្នកស្រី ឌិត នីតា អគ្គនាយិកានៃគ្រឹះស្ថានហិរញ្ញវត្ថុ Camma
៤. លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន Mong Reththy Group
៥. លោក លឹម សុជាតិ ប្រធាននាយកប្រតិបត្តិ Laskmi Prime Investment Co., Ltd
៦. លោក កាំង ឡេង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ISI Steel Co., Ltd
កិច្ចពិភាក្សាពិសេសនេះសម្របសម្រួលដោយ លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយក Cambodia-ASEAN International Institute និងមានវត្តមានចូលរួមពីសមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជាថ្នាក់ជាតិ និងគ្រប់សាខាតាមបណ្តាខេត្តទាំងអស់ ក៏ដូចជាសាធារណៈជនតាមប្រព័ន្ធហ្សូមចំនួន១០៧នាក់ និងតាមការផ្សាយផ្ទាល់តាមហ្វេសប៊ុកចំនួន ៥៦៤ទស្សនា។
អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC/ វ៉ាយអ៊ីអេស៊ី)
សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និង យុវជន តាមរយៈ ការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។
សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាអោយមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការតបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេង មានសមាជិកចំនួន៤០០ ដែលជាម្ចាស់អាជីវកម្មធុនមីក្រូ តូច និងមធ្យម ដែលមានសាខាតាមខេត្តចំនួន៤ កំពង់ចាម សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ នឹងគ្រោងពង្រីកទៅកាន់ខេត្តផ្សេងទៀតជាពិសេសខេត្តតាមបណ្តាមាត់សមុទ្រ និងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់ និងមានធុរកិច្ចច្រើន៕
ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរស័ព្ទ 012 771 051/096 699 968