កិច្ចពិភាក្សាស្ដីពី បញ្ហាប្រឈម និងឱកាស ក្នុងការវិនិយោគលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា​



ភ្នំពេញ៖ នាថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២១ ​បណ្ឌិត្យសភា បច្ចេកវិទ្យាឌីជីថលកម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំ កិច្ចពិភាក្សាស្ដីពី “បញ្ហាប្រឈម និងឱកាស ក្នុងការវិនិយោគលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួមពី ទេវវិនិយោគិន (Angel Investor) ក្នុងស្រុក ក្រុមហ៊ុនវិនិយោគទុន (Venture Capital) មូលធនឯកជន (Private Equity) និង ទុនវិនិយោគមូលនិធិ (Seed Funding) ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជានិង​ថ្នាក់តំបន់ប្រមាណ៣៥ រូប។

កិច្ចពិភាក្សានេះមានគោលបំណងសំខាន់ចំនួនបី គឺ៖

ទី១. ស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៃ ការវិនិយោគលើ ធុរកិច្ចថ្មីឌីជីថល នៅកម្ពុជានិងតំបន់

ទី២. ពង្រឹងទំនាក់ទំនងនិងទំនុកចិត្តជាមួយបណ្តាញវិនិយោគិនក្នុងស្រុក និងតំបន់, និង

ទី៣. កិច្ចពិភាក្សា ស្តីពីបញ្ហាប្រឈម និងឱកាស ក្នុងការវិនិយោគលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា ជាមួយ ទេវវិនិយោគិន (Angel Investor) និង ក្រុមហ៊ុនវិនិយោគទុន ជាតិ និង​អន្តរជាតិ។

ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍ថា “ការកសាងនូវប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងធុរកិច្ចថ្មី ត្រូវបានចាត់ទុកជា អាទិភាពសំខាន់មួយ ក្នុងការជំរុញការវិនិយោគលើធុរកិច្ចឌីជីថល ដែលជាតួអង្គដ៏សំខាន់ ក្នុងការជំរុញការធ្វើ បរិវត្តកម្មឌីជីថល យ៉ាងឆាប់រហ័សជួយគាំទ្រដល់ការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងសំខាន់ផ្សេង ទៀតរបស់ រាជរដ្ឋាភិបាល។”

ឯកឧត្តមបានបន្តទៀតថា៖ “ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គ្រោងនឹងស្នើរដ្ឋាភិបាលបង្កើតឧទ្យានបច្ចេកវិទ្យា ឬឌីជីថល (Tech or Digital Park) ដែលប្រមូលផ្តុំនូវសក្តានុពលអាជីវកម្មឌីជីថលទាំងអស់ និងធុរកិច្ចថ្មីឌីជីថល ជាមួយគម្រោង លើកទឹកចិត្ត ពិសេសពន្ធ និងមិនយកពន្ធ ដើម្បីលើកកម្ពស់បរិយាកាសការវិនិយោគប្រកបដោយនិរន្តរភាព ក្នុងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជានិងតំបន់។ សំណើនេះនឹងដំណើរការជាមួយសេចក្តីព្រាងច្បាប់ស្តីពី ការវិនិយោគដែលទើបតែត្រូវបានអនុម័តដោយទីស្តីការគណៈរដ្ឋមន្រ្តីនៅថ្ងៃទី ៩ ខែកក្កដាឆ្នាំ ២០២១ ហើយ រង់ចាំការអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីទាញយកផលប្រយោជន៍ពីការវិនិយោគ និងអនុញ្ញាតឱ្យមាន ទាំងក្រុមហ៊ុនតូចនិងធំនៅកម្ពុជា ដើម្បីភ្ជាប់ទៅខ្សែសង្វាក់តម្លៃសកលនៃបច្ចេកវិទ្យាឌីជីថល។”

សូមបញ្ជាក់ផងដែរថាក្នុងស្មារតីជួយសម្រួលដល់ធុរកិច្ចថ្មីឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្កើតនូវ មជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល ស្ថិតនៅក្រោមបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដើម្បី រួមចំណែកក្នុងការកសាង អេកូឡូស៊ី សហគ្រិនភាព និងគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល សំដៅលើកកម្ពស់ នវានុវត្តន៍ជាតិ។ មជ្ឈមណ្ឌលនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តនូវកម្មវិធីគាំទ្រ និងលើកទឹកចិត្ត ធុរកិច្ចថ្មី ឌីជីថលស្របតាម អនុក្រឹត្យ ស្តីពីការគ្រប់គ្រងនិងការលើកទឹកចិត្តធុរកិច្ចថ្មី ឌីជីថល ដែលទើបទទួល បានការអនុម័ត ពីរាជរដ្ឋាភិបាល ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ អនុក្រឹត្យថ្មីនេះជាវិធានការ គោលនយោបាយជាក់លាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញធុរកិច្ចថ្មី ឌីជីថល តាមរយៈការអនុញ្ញាតឱ្យ ធុរកិច្ចថ្មីឌីជីថលនៅកម្ពុជាអាចទទួលបាននូវការ លើកទឹកចិត្ត ការបណ្តុះបណ្តាល និងការ គាំទ្របច្ចេកទេស ដែលជាយន្តការជំរុញការកសាងប្រព័ន្ធអេកូឡូស៊ី សម្រាប់ធុរកិច្ចថ្មីឌីជីថល (Digital Startup Ecosystem)។

សម្រាប់ព័ត៌មានបន្ថែម

លោក បេ ចន្ត្រា

[email protected]

 

X
5s