កិច្ចពិភាក្សាស្តីពីការគាំទ្រធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា
ភ្នំពេញ៖ នាថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០២១ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជានៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំ កិច្ចពិភាក្សាស្តីពីការគាំទ្រធុរកិច្ចថ្មីឌីជីថល និងកម្មវិធីសំណេះសំណាលជាមួយសហគមន៍ធុរកិច្ចថ្មីឌីជីថល នៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការចូលរួមពីស្ថាបនិក សហស្ថាបនិកធុរកិច្ចថ្មីឌីជីថល ប្រមាណ ៩០រូប សុទ្ធតែជាធុរកិច្ចថ្មីឌីជីថល ដែលធ្វើប្រតិបត្តិការ ផ្គត់ផ្គង់ផលិតផល និងសេវាកម្មឌីជីថលលើផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិកនិងការដឹកជញ្ជូន (e-Commerce and Delivery) បច្ចេកវិទ្យាអប់រំ (EdTech) បច្ចេកវិទ្យា សុខាភិបាល (HealthTech) បច្ចេកវិទ្យាទេសចរណ៍ (TravelTech) បច្ចេកវិទ្យាកសិកម្ម (AgriTech) មាតិកាឌីជីថល (Digital Media) ប្រព័ន្ធស្វ័យប្រវត្តិកម្មនិងរ៉ូប៉ូត និងសេវាកម្មផ្សេងៗទៀត។
កិច្ចពិភាក្សានេះមានគោលបំណងសំខាន់ចំនួនបី គឺ ទី១. ដើម្បីពង្រឹងទំនាក់ទំនងជិតស្និទនិងភាពជាដៃគូរវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដែលជាសេនាធិការ ឱ្យរាជរដ្ឋាភិបាលក្នុងវិស័យ បច្ចេកវិទ្យាឌីជីថល និង សហគមន៍ធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា, ទី២. ដើម្បីផ្សព្វផ្សាយនូវកម្មវិធីគាំទ្រធុរកិច្ចថ្មីឌីជីថលរបស់ រាជរដ្ឋាភិបាល និងមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, និង ទី៣. ដើម្បី ពិភាក្សាអំពីបញ្ហាប្រឈម និងកាលានុវត្តភាពរបស់ធុរកិច្ចថ្មីឌីជីថល ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ និងក្រោយវិបត្តជំងឺកូវីដ-១៩។
ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍ថា “ការកសាងនូវប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងធុរកិច្ចថ្មី ត្រូវបានចាត់ទុកជាអាទិភាពសំខាន់មួយ ក្នុងការជំរុញធុរកិច្ចឌីជីថល ដែលជាតួអង្គដ៏សំខាន់ក្នុងការជំរុញការធ្វើ បរិវត្តកម្មឌីជីថលយ៉ាងឆាប់រហ័សជួយគាំទ្រដល់ការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល និងចូលរួមស្តារនិង អភិវឌ្ឍសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺកូវីដ-១៩ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងសំខាន់ផ្សេងទៀតរបស់ រាជរដ្ឋាភិបាល។” ឯកឧត្តមបានបន្តទៀតថា៖ “បញ្ហាចំបងមួយក្នុងការអភិវឌ្ឍរដ្ឋាភិបាលសេដ្ឋកិច្ច និងសង្គម ឌីជីថល គឺបញ្ហាធនធានមនុស្ស ហេតុដូចនេះហើយទើបរាជរដ្ឋាភិបាលបានប្រែក្លាយ វិទ្យាស្ថានជាតិ NIPTICT ទៅជាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្សជំនាញឌីជីថល ធនធាន ស្រាវជ្រាវទាំងបច្ចេកទេស និងគោលនយោបាយឌីជីថល ក៏ដូចជាជំរុញនវានុវត្តនិងធុរកិច្ចថ្មីឌីជីថល។”
សូមបញ្ជាក់ផងដែរថាក្នុងស្មារតីជួយសម្រួលដល់ធុរកិច្ចថ្មីឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្កើតនូវ មជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល ស្ថិតនៅក្រោមបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដើម្បី រួមចំណែកក្នុងការកសាង អេកូឡូស៊ីសហគ្រិនភាព និងគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល សំដៅលើកកម្ពស់នវានុវត្តន៍ ជាតិ។ មជ្ឈមណ្ឌលនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនូវកម្មវិធីគាំទ្រ និងលើកទឹកចិត្តធុរកិច្ចថ្មី ឌីជីថលស្របតាម អនុក្រឹត្យ ស្តីពីការគ្រប់គ្រងនិងការលើកទឹកចិត្តថ្មីឌីជីថល ដែលទើបទទួលបានការអនុម័ត ពីរាជរដ្ឋាភិបាល ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ អនុក្រឹត្យថ្មីដែលផ្វព្សផ្សាយ នាឱកាសនេះជាវិធានការ គោលនយោបាយជាក់លាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញធុរកិច្ចថ្មីឌីជីថល តាមរយៈការអនុញ្ញាតឱ្យ ធុរកិច្ចថ្មីឌីជីថលនៅកម្ពុជាអាចទទួលបាននូវការ លើកទឹកចិត្ត ការបណ្តុះបណ្តាល និងការគាំទ្របច្ចេកទេស ដែលជាយន្តការជំរុញការកសាងប្រព័ន្ធអេកូឡូស៊ី សម្រាប់ធុរកិច្ចថ្មីឌីជីថល (Digital Startup Ecosystem) សំដៅដោះស្រាយនូវបញ្ហាប្រឈមសំខាន់ៗ ដែលរាំងស្ទះដល់ការបង្កើត និងការពង្រីក ខ្លួនរបស់ធុរកិច្ចថ្មី ឌីជីថល។
សម្រាប់ព័ត៌មានបន្ថែម
លោក បេ ចន្ត្រា