ក្រុមហ៊ុនសែលកាត និងអង្គការ People in Need (PIN) កម្ពុជា ចាប់ដៃគូសហការ ជួយពង្រឹងចំណេះដឹងនៅលើបណ្តាញសង្គម ពីការគ្រប់គ្រង និងការត្រៀមខ្លួនចំពោះគ្រោះមហន្តរាយ​



ភ្នំពេញ ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២១

ក្រុមហ៊ុនសែលកាត និងអង្គការ People in Need (PIN) កម្ពុជា នឹងធ្វើការរួមគ្នាដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវការត្រៀមខ្លួនដើម្បីបង្ការគ្រោះមហន្តរាយនៅក្នុងប្រទេសកម្ពុជា តាមរយៈការពង្រឹងការចែករំលែកព័ត៌មាន។ ខណៈដែលរដូវវស្សាកំពុងឈានជិតមកដល់ ការផ្សព្វផ្សាយនិងចែករំលែកព័ត៌មាន ពិតជានឹងក្លាយជាតម្រូវការដ៏បន្ទាន់មួយជាក់ជាមិនខាន។ ទំនាក់ទំនងជាដៃគូនេះ នឹងជួយគាំទ្រដល់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយនូវចំណេះដឹងស្តីពីការត្រៀមខ្លួនដើម្បីបង្ការគ្រោះមហន្តរាយ តាមរយៈការប្រើប្រាស់វេទិកានិងបណ្តាញនានា ដើម្បីធានាថា ការជូនដំណឹងអាសន្នឱ្យដឹងជាមុន នឹងត្រូវបានចែកចាយទាន់ពេលវេលាដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

 

សម្រាប់រដូវវស្សាឆ្នាំនេះ ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) បានចែករំលែកឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង អាចនឹងបង្កផលប៉ះពាល់ដល់បណ្តាខេត្តនានា ដែលងាយរងគ្រោះដោយសារទឹកជំនន់ ហើយទន្ទឹមនឹងនោះ កម្រិតទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ក៏អាចនឹងមានការកើនឡើងខ្ពស់ផងដែរ។ យ៉ាងណាមិញ គណៈកម្មាធិការជាតិសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ក៏បានរៀបចំយ៉ាងរួចរាល់ផងដែរនូវយន្តការ និងធនធានចាំបាច់ ដើម្បីធានាសុវត្ថិភាពដល់សហគមន៍ងាយរងគ្រោះ នៅក្នុងអំឡុងស្ថានការណ៍ដ៏ប្រឈមទាំងនេះ។

ដើម្បីអាចប្រាស្រ័យទាក់ទងឱ្យបានកាន់តែប្រសើរអំពីគ្រោះធម្មជាតិដែលអាចកើតមានឡើង ដូចជាភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅក្នុងប្រទេសជាដើមនេះ រដ្ឋាភិបាលកម្ពុជាបានសម្តែងនូវការគាំទ្រយ៉ាងមុតមាំចំពោះប្រព័ន្ធប្រកាសអាសន្នឱ្យដឹងជាមុន (Early Warning System ឬ EWS1294) ដែលបង្កើតឡើងដោយអង្គការ People in Need (PIN)។ ប្រព័ន្ធប្រកាសអាសន្ននេះ ជាបច្ចេកវិទ្យាជួយសង្រ្គោះជីវិត ដែលអាចអង្កេតដឹងនូវគ្រោះធម្មជាតិដែលនឹងកើតមានឡើង ដើម្បីអនុញ្ញាតឱ្យរដ្ឋបាលទាំងថ្នាក់ខេត្តនិងថ្នាក់ជាតិ អាចចែករំលែកនូវការប្រកាសអាសន្នឱ្យដឹងជាមុនដល់ប្រជាពលរដ្ឋងាយរងគ្រោះ អំពីវិធានការសុវត្ថិភាពដែលសមស្របសម្រាប់ឆ្លើយតបទៅនឹងគ្រោះធម្មជាតិ។ ដោយមានការគាំទ្រពីបណ្តាញទូរស័ព្ទចល័ត និងបណ្តាញសង្គមដ៏ទូលំទូលាយរបស់ក្រុមហ៊ុនសែលកាត ប្រព័ន្ធនេះនឹងត្រូវបានណែនាំដាក់ឱ្យប្រើប្រាស់នៅក្នុងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទាំងមូល ក៏ដូចជាអតិថិជនទាំងអស់របស់ក្រុមហ៊ុន តាមរយៈការចុះឈ្មោះប្រើប្រាស់សេវាកម្ម '1294'។

 

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា៖ “ការជួយប្រជាជនឱ្យត្រៀមខ្លួនសម្រាប់គ្រោះទឹកជំនន់ ជាពិសេសនៅក្នុងអំឡុងពេលកំពុងមានជម្ងឺរាតត្បាតនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់”។

“អង្គការ People in Need បានធ្វើនូវកិច្ចការដ៏ល្អបំផុតមួយ ពោលគឺបានជួយតាមដានការកើនឡើងនៃកម្ពស់ទឹកជំនន់ និងការជួយឧត្ថម្ភគាំទ្រដល់បណ្តាតំបន់ដែលរងគ្រោះ ហេតុដូច្នេះហើយ ក្រុមហ៊ុនសែលកាត ពិតជារីករាយ ដែលបានចូលរួមជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ”។

យើងសូមជម្រុញឱ្យអ្នករាល់គ្នាចុះឈ្មោះប្រើប្រាស់សេវាកម្ម 1294 ដើម្បីទទួលបាននូវព័ត៌មានទាន់ហេតុការណ៍ ហើយអ្វីដែលសំខាន់បំផុតនោះ គឺការរក្សាបាននូវសុខសុវត្ថិភាពផ្ទាល់ខ្លួនតែម្តង”។

សេវា '1294' គឺនឹងត្រូវបានដាក់ជូនឱ្យប្រើប្រាស់ដោយឥតគិតថ្លៃ សម្រាប់ពលរដ្ឋគ្រប់រូប។ សេវាកម្មនេះ នឹងអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទទួលបាននូវព័ត៌មានអំពីស្ថានភាពទឹកភ្លៀង ក៏ដូចជាទឹកជំនន់នៅក្នុងប្រទេសកម្ពុជា។ ក្នុងពេលចុះឈ្មោះ អ្នកប្រើប្រាស់ អាចធ្វើការកំណត់ព័ត៌មាន ដោយអាស្រ័យតាមទីតាំងរបស់ពួកគាត់បានយ៉ាងងាយស្រួលបំផុត ដើម្បីទទួលបាននូវព័ត៌មានប្រកាសអាសន្នទាន់ពេលវេលា សម្រាប់ការរៀបចំខ្លួនជាមុនឱ្យបានត្រឹមត្រូវ។ ដោយមិនត្រឹមតែចែករំលែកនូវព័ត៌មានអំពីគ្រោះមហន្តរាយប៉ុណ្ណោះទេ ព័ត៌មានអំពីជម្ងឺកូវីដ-១៩ ក៏ត្រូវបានផ្សព្វផ្សាយតាមរយៈវេទិកានេះផងដែរ។

 

បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងនៅតែបន្តវិវឌ្ឍទៅមុខជាប់ជានិច្ច។ ទន្ទឹមនឹងនោះ យើងក៏បានមើលឃើញនូវការប្រកាន់យកនូវគំនិតផ្តួចផ្តើមដោយផ្តោតទៅលើអនាគត របស់ប្រទេសកម្ពុជាផងដែរ។ ប្រាកដណាស់ ប្រព័ន្ធប្រកាសអាសន្នឱ្យដឹងជាមុន (EWS) 1294 នេះ គឺជាសេវាកម្មប្រកបដោយនវានុវត្តន៍មួយ ដែលអាចជួយសង្គ្រោះជីវិតមនុស្សជាច្រើនក្នុងគ្រាដ៏លំបាកទាំងនេះ។ តាមរយៈការប្រកាសអាសន្នឱ្យដឹងជាមុននេះ បងប្អូនប្រជាពលរដ្ឋ អាចរៀបចំខ្លួនបានកាន់តែប្រសើរជាងមុន ដើម្បីកាត់បន្ថយហានិភ័យដែលបណ្តាលមកពីការធ្លាក់ភ្លៀងខ្លាំង និងទឹកជំនន់ ក៏ដូចជាទទួលបាននូវព័ត៌មានទាន់ហេតុការណ៍អំពីជម្ងឺកូវីដ-១៩ផងដែរ។ លោក Lukas Laube នាយកប្រចាំប្រទេស របស់អង្គការ People in Need ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា៖ “ប្រជាពលរដ្ឋ ត្រូវតែយល់ដឹងនូវវិធីការពារខ្លួនពួកគេ នៅពេលជួបគ្រោះអាសន្នទាំងនេះ”។

 

តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនសែលកាត និងរ៉ូយ៉ាល់គ្រុប នឹងជួយគាំទ្រដល់អង្គការ People in Need ទៅលើការផ្សព្វផ្សាយអំពីការត្រៀមខ្លួនដើម្បីគ្រប់គ្រងគ្រោះមហន្តរាយ ការឆ្លើយតបទៅនឹងជម្ងឺកូវីដ-១៩ សមភាពយេនឌ័រ ការលើកកម្ពស់ស្ត្រី រួមជាមួយនឹងការការពារកុមារផងដែរ៕

 

 

 

X
5s