ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ក្នុងខណ្ឌមានជ័យ ទទួលបានជំនួយសប្បុរសពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា
រាជធានីភ្នំពេញនៅតែជាតំបន់ដែលមានការឆ្លងរាលដាលជំងឺកូវីដ ១៩ ច្រើនជាពិសេសគឺព្រឹត្តិការណ៍ ២០កុម្ភៈ ខណៈខណ្ឌមានជ័យស្ថិតក្នុងចំណោមខណ្ឌដែលជាតំបន់ក្រហម។ ការរីករាលដាលនៃជំងឺកូវីដ ១៩ នេះបានយាយីដល់អាយុជីវិត ទាំងមនុស្ស ជីវិតអាជីវកម្ម កាត់ផ្តាច់ចំណូល និងការរស់នៅប្រចាំថ្ងៃ។
ដោយមើលឃើញពីផលប៉ះពាល់ទាំងនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជាដឹកនាំដោយលោក ស៊ាង សុបញ្ញា ប្រធានសមាគម បានបង្កើតនូវកម្មវិធីផ្តល់ជំនួយសប្បុរសធម៌របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា «ជួយឧបត្ថម្ភប្រជាជនដែលរងគ្រោះដោយជំងឺកូវីដ-១៩» ដើម្បីកៀរគរជំនួយសប្បុរសធម៌ ពីសមាជិក សមាជិកា និងសប្បុរសជន ជាចំណែកមួយដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខ្លាំងទាំងការរស់នៅ និងជីវភាព។
ក្រោមអធិបតីភាពឯកឧត្តម នួន ផារត្ន័ អភិបាលរងគណៈអភិបាលសាលារាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី ៩ ខែឧសភា ឆ្នាំ ២០២១ ដោយមានការឧបត្ថម្ភជំនួយពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយលោក ស៊ាង សុបញ្ញា ប្រធានសមាគម បានពាំនាំនូវជំនួយសប្បុរសធម៌ ជាគ្រឿងឧបភោគបរិភោគ ដែលបានមកពីការចូលរួមបរិច្ចាគថវិកាដោយក្រុមប្រឹក្សាភិបាល សមាជិក សមាជិការសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសប្បុរសជន ធ្វើការចែកជូនដល់ប្រជាពលរដ្ឋដែលស្ថិតនៅតំបន់បិទខ្ទប់ចំនួន ៣៥០ គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងលោកពូ លោកអ៊ុំ ប្រកបរបរធាក់ស៊ីក្លូចំនួន ៥០ គ្រួសារ ក្នុងរាជធានីភ្នំពេញ ដែលសុទ្ធតែជាអ្នកកំពុងទទួលរងផលប៉ះពាល់ជីវភាពដោយការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ។
ឯកឧត្តម អភិបាលរងនៃគណៈអភិបាលសាលារាជធានីភ្នំពេញ បានធ្វើការសម្តែងការស្វាគមន៍ដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងក្រុមការងារដែលបានផ្តល់ជំនួយដែលជាតម្រូវការចាំបាច់ជូនដល់ក្រុមគ្រួសារដែលកំពុងជួបការខ្វះខាត ជួបការលំបាកខ្លាំង។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «នេះជាស្មារតីចូលរួមជួយសង្គមរបស់សមាគម ហើយវាជាការផ្តល់ជំនួយដែលជាតម្រូវការចាំបាច់ ហើយចំគោលដៅសម្រាប់ជួយដល់ក្រុមគ្រួសារដែលខ្វះខាត និងកំពុងជួបការលំបាកដែលរងផលប៉ះពាល់ខ្លាំងដោយកូវីដ-១៩ ហើយក៏ជាការវប្បធម៌ចែករំលែកដ៏ល្អបំផុតសម្រាប់សង្គមយើង»។
ដោយឡែក លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានសម្តែងនូវការអរគុណដល់សាលារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានក្នុងការសហការ សម្រួល និងរៀបចំប្រជាពលរដ្ឋដើម្បីទទួលបានជំនួយសប្បុរសធម៌ដល់ដៃនឹងគ្រប់ៗគ្នា។ លោកបានបន្ថែមថា៖ «ជំនួយសប្បុរសធម៌ដែលនាំមកចែកជូនបងប្អូននៅថ្ងៃនេះ ជាការចូលរួមចំណែកមួយរបស់សមាគមជាមួយរដ្ឋាភិបាលក្នុងនាមជាដៃគូ ក្រុមហ៊ុនឯកជនក្នុងយុទ្ធនាការណ៍ការពារ និងទប់ស្កាត់ជំងឺសកលដ៏កាចសាហាវកូវីដ ១៩ ក្នុងស្មារតីខ្មែរជួយខ្មែរ»។
លើសពីនេះ លោកប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក៏បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាល សាមាជិក សមាជិការសមាគម និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគសេចក្តីស្រលាញ់ និងថវិកាដើម្បីជួយឧបត្ថម្ភប្រជាពលរដ្ឋក្នុងកាលៈទេសៈដ៏លំបាកមួយនេះ «យើងជួយគ្នាក្នុងគ្រាលំបាក» ។ លោក ក៏បានផ្តាំផ្ញើរ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមក្នុងយុទ្ធានាការណ៍ ៣កុំ និង ៣ការពារ ដើម្បីចូលរួមទុបស្កាត់ និងបញ្ឈប់ជំងឺកូវីដទាំងអស់គ្នា ហើយកម្ពុជានឹងឆ្លងផុតដំណាក់កាលដ៏លំបាកនេះបានឆាប់ៗ។
អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី)
សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នានៅក្នុងប្រទេសកម្ពុជា ។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និងយុវជន តាមរយៈការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា ។
សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាអោយមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យា ឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការតបង្កើតថ្មី របស់ សហគ្រាសធុនតូចនិងមធ្យម (MSME) នៅក្នុងប្រទេសកម្ពុជា ។ បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេងមានសមាជិកចំនួន ៤០០ ដែលជាម្ចាស់អាជីវកម្មតូវនិងមធ្យម ដែលមានសាខាតាមខេត្តចំនួន ៤ កំពង់ចាម សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ នឹងគ្រោងពង្រីកទៅកាន់ខេត្តផ្សេងទៀតជាពិសេសខេត្តតាមបណ្តាមាត់សមុទ្រ និងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់និងមានធុរកិច្ចច្រើន ៕ ដោយសហការ
ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរស័ព្ទ 012 771 051/096 334 8935
ទាំងអស់គ្នាដើម្បីកម្ពុជា #យើងឈ្នះកូវីដ Wecare #WewinCovid #YEAC