បណ្តាបុគ្គលដែលមានឥទ្ធិពលក្នុងបណ្តាញសង្គមរបស់សែលកាត ចូលរួមយុទ្ធនាការសកលដើម្បីជួយការពារភពផែនដី​



ក្រុមហ៊ុនសែលកាត បានសហការជាមួយអង្គការ USAID ព្រៃឡង់បៃតង ដើម្បីចាប់ផ្តើមយុទ្ធនាការលើកកម្ពស់ការយល់ដឹង ដើម្បីចូលរួមប្រារព្ធទិវាភពផែនដីឆ្នាំនេះ តាមរយៈការពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះនិរន្តរភាព និងការការពារបរិស្ថាន។

 

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ប្រព្រឹត្តិទៅនៅថ្ងៃទី 22 ខែមេសា ដោយក្នុងនោះ នឹងមានអង្គការនានានៅទូទាំងពិភពលោក ចាត់វិធានការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈគម្រោងផ្តួចផ្តើមជាច្រើន។ ស្របទៅនឹងអត្ថន័យនៃប្រធានបទឆ្នាំនេះ “ស្តារភពផែនដីរបស់យើងឡើងវិញ” បណ្តាបុគ្គលដែលមានឥទ្ធិពលក្នុងបណ្តាញសង្គមរបស់ក្រុមហ៊ុនសែលកាត រួមមាន Bunleng, Megamind និង Mina បានផលិតនូវខ្សែវីដេអូដែលអំពាវនាវឱ្យប្រជាជនកម្ពុជាចូលរួមចំណែកជាមួយនឹងកិច្ចការពារភពផែនដីនេះ។

 

តាមរយៈវីដេអូនេះ បុគ្គលដែលមានទេពកោសល្យទាំងបីរូប បានណែនាំឱ្យទស្សនិកជនដែលទស្សនាវីដេអូ ឱ្យចេះកែច្នៃដបប្លាស្ទិកសម្រាប់ប្រើប្រាស់ឡើងវិញ ក៏ដូចជាចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកទាំងស្រុងផងដែរ។

 

ប្រទេសកម្ពុជា ក៏ជាជម្រកសត្វព្រៃដែលកំពុងប្រឈមនឹងការផុតពូជ ដែលភាគច្រើនបណ្តាលមកពីការប្រមាញ់ខុសច្បាប់ ហើយអ្នកទាំងបីបានជម្រុញឱ្យអ្នកទស្សនា ចូលរួមជួយថែរក្សាប្រភេទសត្វដ៏មានតម្លៃទាំងនេះសម្រាប់បន្សល់ទុកដល់មនុស្សជំនាន់ក្រោយ តាមរយៈការមិនបរិភោគសាច់សត្វព្រៃ។

 

ជាងនេះទៅទៀត យុទ្ធនាការនេះ បានលើកទឹកចិត្តឱ្យប្រជាជនកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងទឹក។ ការកាត់បន្ថយការប្រើប្រាស់នេះ គឺមិនត្រឹមតែជួយកាត់បន្ថយការចំណាយប៉ុណ្ណោះទេ វាថែមទាំងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលជាចំណែកធ្វើឱ្យអាកាសធាតុមានការប្រែប្រួលផងដែរ។

 

ប្រជាជនក្នុងបណ្តាញសង្គមទាំងអស់ ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងយុទ្ធនាការនេះ ដោយក្នុងនោះពួកគាត់ថែមទាំងមានឱកាសឈ្នះរង្វាន់ជាច្រើនទៀតផង។ ដើម្បីមានឱកាសឈ្នះរង្វាន់ អ្នកចូលរួមគ្រាន់តែបង្ហោះរូបថត ឬវីដេអូដែលបង្ហាញនូវគម្រោងសកម្មភាពរបស់ពួកគាត់ក្នុងការចូលរួមចំណែកជួយស្តារផែនដី ហើយភ្ជាប់ជាមួយនូវ Hastags #EarthDayCambodia2021 និង #RestoreOurEarth។

 

ម្ចាស់រូបថត ឬវីដេអូចំនួន 35 ដែលទទួលបានការចូលរួមច្រើនបំផុតនៅចុងបញ្ចប់នៃការប្រកួត នឹងក្លាយជាអ្នកឈ្នះរង្វាន់ ដូច្នេះសូម tag មិត្តភក្តិរបស់អ្នក ហើយប្រាប់ពួកគាត់ ឱ្យចាប់ផ្តើមជួយចែករំលែក ចុច Like និងផ្តល់មតិយោបល់។

 

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័តដែលគ្រប់គ្រងដោយជនជាតិខ្មែរ 100ភាគរយ គម្រោងនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។

 

“យើងពិតជាមានមោទនភាពបំផុត ដែលបានចូលរួមជាមួយអង្គការ USAID ព្រៃឡង់បៃតង ដើម្បីប្រារព្ធទិវាភពផែនដីឆ្នាំ2021នេះ ហើយយើងជឿជាក់ថា កិច្ចការប្រកបដោយភាពច្នៃប្រឌិតរបស់ Bunleng, Megamind និងMina នឹងជម្រុញឱ្យមានការបង្កើតនូវនវានុវត្តន៍ថ្មីៗដើម្បីជួយសង្គ្រោះភពផែនដី នៅទូទាំងប្រទេសកម្ពុជា។ ខ្ញុំក៏នឹងទន្ទឹងរង់ចាំមើលនូវស្នាដៃដែលអតិថិជនរបស់យើង នឹងបង្កើតឡើងនៅក្នុងការប្រកួតប្រជែងនេះផងដែរ”។

 

កាលពីខែមីនាកន្លងទៅនេះ ក្រុមហ៊ុនសែលកាត និងអង្គការ USAID ព្រៃឡង់បៃតង បានចាប់ផ្តើមយុទ្ធនាការលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក។ ពួកគេបានបញ្ជូន បណ្តាបុគ្គលដែលមានឥទ្ធិពលក្នុងបណ្តាញសង្គមរបស់ក្រុមហ៊ុនសែលកាត ចំនួនពីររូប ដែលមាន Bunleng និង Rainnie Dara រួមជាមួយនឹងអ្នកគាំទ្រចំនួនបីរូបទៀត ឱ្យធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារ ដើម្បីលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ អញ្ជើញមកទស្សនាខេត្តនេះ បន្ទាប់ពីសុខសុវត្ថិភាពរបស់ពួកគាត់ពីជម្ងឺកូវីដ19 ត្រឡប់មករកភាពប្រក្រតីឡើងវិញ៕

 

X
5s