សហភាពសហព័ន្ធយុវជនកម្ពុជាគាំទ្រដល់ការផ្តល់អាហារូបករណ៍សិក្សាថ្នាក់វិញ្ញាសាត្រៀមបាក់ឌុបដោយឥតគិតថ្លៃរបស់ E-School Cambodia
ក្រុមហ៊ុនE-School Cambodia បានធ្វើការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាក្រសួងអប់រំយុវជននិងកីឡា នាព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០២១ រៀបចំធ្វើសន្និសិទកាសែតស្តីពីការផ្តល់អាហារូបករណ៍សិក្សាថ្នាក់វិញ្ញាសាត្រៀមបាក់ឌុបដោយឥតគិតថ្លៃ ដើម្បីជួយសម្រួលការសិក្សាតាមអនឡាញសម្រាប់ប្អូនៗសិស្សថ្នាក់ទី១២ ក្នុងឆ្នាំ២០២១ នៅផ្ទះក្នុងសម័យកូវីដ១៩ ដ៏លំបាកនេះ។
លោក លន់ បុរី សហស្ថាបនិក E-School Cambodia បានមានប្រសាសន៍ថា៖ «តាំងនាមអោយគណ:គ្រប់គ្រងរបស់ E-School Cambodia និងក្រុមការងារទាំងអស់ សូមថ្លែងអំណរគុណចំពោះ សហភាសហព័ន្ធយុវជនកម្ពុជា (សសយក) ដែលមានឯកឧត្តមប្រធាន ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ ដែលបានយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រតាំងពីឆ្នាំ ២០១៨ រហូតមកទល់បច្ចុប្បន្ន»។
លោកបន្តថា នេះជាកិត្តិយសផងដែរដែល E-School Cambodia ទទួលបានការគាំទ្រពី ក្រសួងអប់រំយុវជន និងកីឡា ដែលមានឯកឧត្តមរដ្ឋមន្រី្តបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុង ថែមទាំងមានការចូលពីជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឯកឧត្តមរដ្ឋមន្រី្តបណ្ឌិត អ៊ិត សំហេង ក្នុងការលើកទឹកចិត្តអោយបងប្អូននៅតែបន្តការសិក្សាតាមប្រព័ន្ធអនឡាញ (Online) តាមរយៈ App E-School Cambodia ដែលមានរហូតទៅដល់ ២០,០០០មុខវិជា្ជ។