​វិទ្យាល័យពេជ្រចិន្ដាសម្រេចទទួលយកប្រើប្រាស់ជាផ្លូវការនូវ​ប្រព័ន្ធសាលារៀនឌីជីថល Wiki School​



កម្មវិធី Mobile App Wiki School បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការសម្រាប់វិទ្យាល័យពេជ្រចិន្តា នៅព្រឹកថ្ងៃច័ន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីបានសាកល្បងប្រើប្រាស់មួយរយៈពេលមក។ កម្មវិធីនេះធ្វើឡើងតាម Zoom Meeting ដោយមានការចូលរួមពី លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តបាត់ដំបង លោក ងន់ ម័រ សហស្ថាបនិក ក្រុមហ៊ុនផុស្ការ ឌីជីថល ឯ.ក លោក ប៉ិច ឈឿត នាយកវិទ្យាល័យពេជ្រចិន្តា និងអាណាព្យាបាលសិស្សជាច្រើនទៀត។

ស្ថិតក្នុងបរិបទថ្មីនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា រួមជាមួយបរិបទថ្មីលើវិស័យអប់រំក្នុងអំឡុងពេលវិបត្តិកូវីដ ១៩ ដែលតម្រូវឲ្យមានការរៀន និងបង្រៀនតាមប្រព័ន្ធអនឡាញ ការគ្រប់គ្រងការបង្រៀនដោយប្រើបច្ចេកវិទ្យាគឺពិតជាសំខាន់។ 

តាយរយៈការសម្ភោធក្នុងកម្មវិធីអនឡាញកាលព្រឹកមិញនេះ លោក បិុច ឈឿត នាយកវិទ្យាល័័យពេជ្រចិន្តា បានសំដែងសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែងដែលជាវិទ្យាល័យដំបូងក្នុងខេត្តបាត់ដំបង បានរៀបចំទទួលការដាក់ កម្មវិធីគ្រប់គ្រងគុណភាពនៃការសិក្សាថ្មីតាមរយៈបច្ចេកវិទ្យាទំនើបរបស់ Wiki School ដែលជាស្នាដៃបង្កើតឡើង ដោយក្រុមហ៊ុន POSCAR Digital ។ លោកបានបន្តទៀតថា នេះជាចំណែកដ៏មហិមាមួយ ក្នុងការរុញច្រានការសិក្សាឲ្យមានលក្ខណៈ ល្អប្រសើរជាងមុន ងាយស្រួលដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ជាពិសេសសម្រាប់អាណាព្យាបាលក្នុងការគ្រប់គ្រង និង តាមដានការសិក្សារបស់កូនៗ យ៉ាងមានប្រសិទ្ធភាព និង ចំណេញពេលវេលា។ 

ចំណែកឯ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និង កីឡា ខេត្តបាត់ដំបង បានប្រសាសន៍បន្តថា ពិតជាអស្ចារ្យមែន ដែលនេះគឺជាគម្រោងថ្មី និង មានសារសំខាន់បំផុតសម្រាប់សិស្សានិសិស្សជំនាន់នេះ។ លោកក៏បានបន្ថែមថា ខ្ញុំពិតសប្បាយចិត្តគាំទ្រយ៉ាងក្រៃលែង ដែលឃើញថា វិទ្យាល័យពេជ្រចិន្តា បាននឹងកំពុងយកចិត្តទុក្ខដាក់អំពីការសិក្សារបស់សិស្សជាច្រើនពាន់នាក់ និងជាពិសេសចិត្តទុក្ខដាក់អំពី អ្នកគ្រូ និង អាណាព្យបាលរបស់សិស្សផងដែរ។ ជាថ្មីផងដែរ លោកបានលើកទឹកដល់សាលារដ្ឋ សាលាឯកជន នានា គួរតែងាកមកប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងថ្មីដែលសមត្ថភាពខ្ពស់ក្នុងការភាពងាយស្រួល ដល់លោកគ្រូអ្នកគ្រូ អាណាព្យបាល  និងជាពិសេស ជំរុញដល់សមត្ថភាពសិស្សតាមរយៈការសិក្សាពីចម្ងាយ ឬ ធ្វើកិច្ចការផ្សេងៗតាមរយៈអនឡាញ ឲ្យដូចនឹងការរៀននៅសាលាផ្ទាល់។ 

លោក ងន់ ម័រ សហស្ថាបនិក ក្រុមហ៊ុន POSCAR Digital ដែលជាក្រុមហ៊ុនបង្កើត Wiki School បានឲ្យដឹងថា Wiki School ត្រូវបានអភិវឌ្ឍន៍ដោយក្រុមបច្ចេកទេស សុទ្ធតែជាបញ្ញាវ័ន្តខ្មែរ ដែលមានបទពិសោធន៍ជាង១០ឆ្នាំក្នុងវិស័យអប់រំ និងផ្នែកបច្ចេកវិទ្យាទំនើប។ គោលបំណងនៃការបង្កើតប្រព័ន្ធ Wiki School គឺជួយដល់សាលារៀន ឲ្យគ្រប់គ្រងរបាយការណ៍ផ្សេងៗបានឆាប់រហ័យ កាត់បន្ថយការបោះពុម្ពរបាយការណ៍ សេចក្តីជូនដំណឹង ដោយជំនួយដោយ Mobile App Wiki School។

លោកបន្ថែមថា ក្រុមហ៊ុន POSCAR បានសហការណ៍រៀបចំប្រព័ន្ធ Wiki School និងឧបករណ៍វត្តមានឌីជីថល នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា សាលាភូមិន្ទរដ្ឋបាល វិទ្យាល័យព្រះស៉ីសុវត្ថិ សាលារាជធានីភ្នំពេញ ក្រសួងព័ត៌មាន និងសាលាឯកជនទៀតជាច្រើនផងដែរ។ POSCAR សព្វថ្ងៃនេះ កំពុងសហការជាមួយក្រសួងអប់រំ ក្នុងការផ្តល់មធ្យោបាយសិក្សាពីចម្ងាយ សម្រាប់ថ្នាក់បឋមសិក្សា ដល់ថ្នាក់វិទ្យាល័យ។

លោក ងន់ ម័រ បានបញ្ជាក់ថា «Wiki School ជាកម្មវិធីគ្រប់គ្រងសាលាបែបឌីជីថល ដែលអនុញ្ញាតឲ្យលោកគ្រូ អ្នកគ្រូអាចដាក់កិច្ចការផ្ទះ ឬការងារគម្រោងឲ្យសិស្សតាមកម្មវិធីទូរស័ព្ទដៃ ហើយអាចឲ្យសិស្ស មាតាបិតាសិស្សផ្ញើសារទៅគ្រូបង្រៀន ឬសាលារៀនដើម្បីសាកសួរព័ត៌មានផ្សេងៗ ហើយក៏អាចឲ្យសាលារៀនឬគ្រូបង្រៀនអាចផុសហ្វីតនៅក្នុងប្រព័ន្ធដើម្បីឲ្យសិស្ស មាតាបិតាសិស្សអាចទទួលព័ត៌មានព្រមទាំងអាចបញ្ចេញមតិ ឬអាចបញ្ចេញអារម្មណ៍ចូលចិត្តបានដែរ»។ បើតាមលោក ងន់ ម័រ ថ្នាក់រៀនឌីជីថលក៏អាចឲ្យគ្រូបង្រៀនធ្វើការប្រឡង តាមប្រព័ន្ធអនឡាញបានដែរ ហើយអាចឲ្យលោកគ្រូ អ្នកគ្រូអាចបង្រៀនតាមសន្និសីទថ្នាក់រៀន (Class conference) ដែលអាចឲ្យគ្រូបង្រៀនអនឡាញ ហើយអាចឲ្យសិស្សចូលរួម និងអាចសួរសំណួរបានដែរ។

គួរបញ្ជាក់ផងដែរថា វិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេតបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ នេះមានសិស្ស ចំនួន ១៥២៨ នាក់ ស្រី ៧៩៣ នាក់ គ្រូចំនួន ៣៧ នាក់ ស្រី ១១នាក់។

ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ វិទ្យាល័យពេជ្រចិន្តាបានប្រើប្រាស់ការបង្រៀនតាមប្រព័ន្ធសាលារៀនឌីជីថល Wiki School មាន៖ 

• ការដាក់មេរៀនអោយសិស្សចំនួន ១៥៣

• ការដាក់កិច្ចការសិស្ស ចំនួន ៤៣០

• សិស្សបានផ្ញើកិច្ចការផ្ទះដែលបានធ្វើហើយជូនគ្រូ ចំនួន ៦៣១១

• ចំនួនសារជាមួយគ្រូ ចំនួន ១៣០៧

X
5s