ពិធីចុះអនុស្សរណៈផ្ដល់សេវាកម្ម​រវាងបួនក្រុមហ៊ុនក្នុងស្រុក បង្កើត​កម្លាំងស្នូលរួម បង្ហាញពីវឌ្ឍនភាពថ្មីនៃការរីកចម្រើនរួមគ្នា​



នាល្ងាចថ្ងៃពុធទី ២៧ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុន BizKhmer Digital Media ក្រុមហ៊ុន B Seven Architectural Design ក្រុមហ៊ុន HH Land Development និងក្លឹបកំណប់ទ្រព្យធុរកិច្ច បានរៀបចំពិធីចុះអនុស្សរណៈយោគយល់ (MoU) គ្នាមួយ នៅអគារ Diamond Twin Tower ដោយមានការចូលរួមជាអធិបតីពីលោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal។  

ការចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងសហការណ៍ភាពជាដៃគូក្នុងការផ្លាស់ប្តូរមតិយោបល់ សេវាកម្ម ទំនាក់ទំនងដើម្បីជម្រុញឲ្យសេវាកម្ម និងផលិតផលរបស់ក្រុមហ៊ុនទាំងបួន កាន់តែរីកចម្រើន។ 

លោក គង់ វិចិត្រា ប្រធានក្រុមប្រឹក្សាភិបាលក្លឹបកំណប់ទ្រព្យធុរកិច្ច បានមានប្រសាសន៍ថា កម្មវិធីចុះអនុស្សរណៈនៃការយោគយល់នៅថ្ងៃនេះជាការរួមកម្លាំងគ្នានៃក្រុមហ៊ុនទាំងបួនបង្កើតទៅជាកម្លាំងដ៏ខ្លាំងមួយសម្រាប់អាជីវកម្ម និងការរីកចម្រើនរួមគ្នាក្នុងសង្គម ក្រោមទិសស្លោកមួយគឺ ការរួមគ្នាត្រូវ រួមគ្នាខ្លាំង រួមគ្នារីកចម្រើន រួមគ្នាជោគជ័យ ហើយយើងនឹងបន្តពង្រីកបណ្ដាញអាជីវកម្មកាន់តែច្រើនជាងនេះទៀតនៅពេលខាងមុខ។

ជាមួយគ្នានេះដែរ លោក ហេង ឆវ័ន្ត ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន B Seven Architectural Design បានលើកឡើងថា ថ្ងៃនេះគឺជាព្រឹត្តិការណ៍ដីវិសេសមួយសម្រាប់ក្រុមហ៊ុនទាំងបួន និងអាចចាត់ទុកថាជាគម្រូមួយដល់សហគ្រិនជំនាន់ក្រោយក្នុងការចងក្រង រួមកម្លាំងគ្នាលើកិច្ចការនេះ។ លោកមានប្រសាសន៍បន្តថា៖ «គោលដៅសំខាន់របស់យើងក្នុងការសហការណ៍គ្នា គឺការជួយពង្រឹងគ្នាទៅវិញទៅមក ដើម្បីបន្តធ្វើដំណើររួមគ្នាលើវិថីឆ្ពោះទៅរកភាពរីកចម្រើនរួមគ្នានាពេលអនាគត»។

ទន្ទឹមនេះ លោក ហុំ ហាក់ អគ្គនាយក HH Land Development ក៏បានមានមតិដែរថា កិច្ចសហការណ៍រវាងក្រុមហ៊ុនទាំងបួនដែលធ្វើឡើងក្នុងពេលនេះគឺពិតជាល្អ ព្រោះរូបលោកផ្ទាល់ក្នុងនាមជាអ្នកប្រឡូកក្នុងអាជីវកម្មថ្មី អាចមានឱកាសរៀនសូត្របានកាន់តែច្រើនពីរៀមច្បងដែលជាម្ចាស់អាជីវកម្ម និងអ្នកជំនាញដែលមានបទពិសោធន៍ក្រាស់ក្រែលដើម្បីអភិវឌ្ឍអាជីវកម្មឲ្យកាន់តែប្រសើរ។ លោកបានបន្ថែមថា៖ «ក្រុមហ៊ុនទាំងបួន នឹងដើរនៅលើផ្លូវមួយថ្មីរួមគ្នា ហើយយើងនឹងស្រាក់ដៃជួយគ្នា ព្រោះក្រុមហ៊ុនទាំងបួនពោរពេញទៅដោយធនធានដែលអាចជួយបំពេញឲ្យគ្នាបានយ៉ាងល្អ»។

លោកយ៉ន សុភារិទ្ធ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន BizKhmer Digital Media បានមានប្រសាសន៍ថា កិច្ចសហការណ៍មួយដែលធ្វើឡើងនិងឈានដល់ការសម្រេចចុះអនុស្សរណៈនៃការយោគយល់នៅថ្ងៃនេះមិនមែនជារឿងចៃដន្យទេ។ លោកយល់ថា នៅពេលនេះពិភពលោកទាំងមូលក៏ដូចជា Business Community កំពុងជួបបញ្ហាដោយសារ Covid 19 តែទៅថ្ងៃមុខពិភពលោកអាចនឹងជួបបញ្ហាច្រើនជាងនេះទៀតហើយយើងក៏មិនអាចដឹងបានដែរ ដែលតម្រូវឲ្យយើងមានការបត់បែនខ្លាំង។

លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «យើងទាំងបួនក្រុមហ៊ុនបានសម្រេចរួមគ្នាបង្កើតនូវក្រុមការងារពហុជំនាញ ដែលបម្រើដល់ការធ្វើទីផ្សារបែបឌីជីថលពី BizKhmer Digital Media ខាងស្ថាបត្យកម្មពី B Seven Architectural Design ខាងលក់ និងកសិកម្មពីខាង HH Land Development និងជំនាញនៃការបណ្ដុះបណ្ដាលអាជីវកម្មពីខាងក្លឹបកំណប់ទ្រព្យធុរកិច្ច។ ការចូលរួមជាធ្លុងមួយនេះបង្កើតបាន Synergy ជាចំណុចរួម ឬជាកម្លាំងដ៏រឹងមាំ មិនអាចបំបែកបាន ពិសេសជាវឌ្ឍនភាព និងនិរន្តន៍ភាពរបស់យើង»។ លោកក៏បានថ្លែងអំណរគុណដល់លោកឧកញ៉ា នួន រិទ្ធីផងដែរ ដែលបានបើកឱកាស និងគាំទ្រជ្រោមជ្រែងប្រកបដោយគំនិតជាផ្លែផ្កា ដើម្បីសម្រេចលទ្ធផលរួមសម្រាប់សង្គម។

ក្នុងឱកាសដ៏វិសេសនេះ លោកឧកញ៉ា នួន រិទ្ធី ក៏បានថ្លែងកោតសរសើរ វាយតម្លៃខ្ពស់នូវការចងក្រងគ្នារវាងក្រុមហ៊ុនទាំងបួន និងគាំទ្រពេញទំហឹងលើស្មារតីរួបរួមគ្នាមួយនេះ ព្រោះក្នុងកាលៈទេសៈ និងស្ថានភាពបែបនេះ ការប្រមូលផ្តុំរួមកម្លាំងគ្នាជារឿងមួយដែលយើងគួរធ្វើជាជាងការប្រកួតយកឈ្នះគ្នា។ លោកបានមានប្រសាសន៍ថា៖ «កម្មវិធីថ្ងៃនេះ គ្រាន់តែជាការចាប់ផ្តើមនៃកិច្ចសហការណ៍របស់ក្រុមហ៊ុនទាំងបួនក៏ពិតមែន ក៏ប៉ុន្តែវាគឺជាការដឹកនាំមួយឆ្ពោះទៅរកម៉ូដែលថ្មី និងជាជំនួយដល់សហគ្រិនដទៃទៀត។ ខ្ញុំជឿជាក់ថា តាមរយៈសកម្មភាពរបស់ក្រុមហ៊ុនទាំងបួនក្នុងថ្ងៃនេះ សហគ្រិនជំនាន់ក្រោយៗនឹងមានឱកាសទទួលបានការបណ្ដុះបណ្ដាល ការប្រឹក្សាយោបល់ និងបណ្ដាញធុរកិច្ចរឹងមាំ ធានាបាននូវភាពជោគជ័យរបស់ខ្លួនក្នុងការដឹកនាំអាជីវកម្ម»។

គួរបញ្ជាក់ផងដែរថា ក្លឹបកំណប់ទ្រព្យជាកន្លែងបណ្ដំចងក្រង បណ្ដុះបណ្ដាលម្ចាស់អាជីវកម្ម កសាងសមត្ថភាពពង្រឹងស្មារតីជាសហគ្រិន ការចែករំលែកចំណេះដឹងពាក់ព័ន្ធលើអាជីវកម្ម ឱកាសក្នុងការចាប់យកការវិនិយោគជាច្រើន ក៏ដូចជាឱកាសក្នុងការកៀរគរទុនវិនិយោគសម្រាប់អាជីវកម្មផងដែរ។ 

រីឯក្រុមហ៊ុន B Seven Architectural Design ជាក្រុមហ៊ុនបម្រើសេវាកម្មជាកញ្ចប់ពាក់ព័ន្ធលើកញ្ចប់អភិវឌ្ឍដូចជា សេវាកម្មសិក្សាគម្រោង គូសប្លង់ស្ថាបត្យកម្ម BOQ ជាដើម ហើយក៏ដើរតួយ៉ាងសំខាន់លើគម្រោងអភិវឌ្ឍចាស់ថ្មីទាំងអស់។ 

ជាមួយគ្នានេះ ក្រុមហ៊ុន HH Land Development ជាក្រុមហ៊ុនមួយផ្តោតលើការអភិវឌ្ឍគម្រោងអចលនទ្រព្យ។ 

ដោយឡែក BizKhmer Digital Media ជាក្រុមហ៊ុនដែលផ្តល់សេវាកម្មលើ Digital Marketing ក៏ជាក្រុមហ៊ុនដែលមានភាពសម្បូរបែបផ្គត់ផ្គង់សេវាកម្ម Digital Marketing ដូចជា Google Ads Facebook Marketing Instagram marketing SMS Marketing E-mail Marketing និង SEO ជាដើម ដោយផ្ដោតយកចិត្តទុកដាក់ខ្ពស់លើ Technology tool និងបច្ចេកទេសមួយចំនួនទៀត។ BizKhmer Digital Media ក៏មានគម្រោងក្នុងការដាក់ចេញ និងផ្តល់ជូនសេវាកម្មថ្មីៗជាច្រើនផ្សេងទៀតសម្រាប់អតិថិជននៅឆ្នាំថ្មីខាងមុខដែលទាក់ទងទៅនឹងសេវាកម្ម Digital Marketing៕

 

X
5s