លោក កុសល ច័ន្ទស័ក្តិវិទូ ជំនៈបង្កើតក្រុមហ៊ុនដោយខ្លួនឯងទោះត្រូវបោះបង់ការងារ ប្រាក់ខែខ្ទង់ពាន់ដុល្លារ​



ការងារមានប្រាក់ខែខ្ពស់ជាអ្វីដែលមនុស្សជាច្រើនចង់បាន។ ផ្ទុយពីលោក កុសល ច័ន្ទស័ក្តវិទូ ដែលលោកអាចទទូលបានប្រាក់ខែជាងពាន់ដុល្លារ បែរជាបោះបង់ការងារចោលដោយគ្មានសោកស្ដាយមកបង្កើតក្រុមហ៊ុនខ្លួនឯង។ រហូតមានការទទួលស្គាល់ពីអ្នកជំនាញធនធានមនុស្សជាច្រើន។ «ខ្ញុំចង់ក្លាយជាផ្នែកមួយផ្ដល់ព័ត៌មានពីការងារល្អៗ ប្រាក់ខែខ្ពស់ដល់អ្នកមានសមត្ថភាពប៉ុន្តែខ្វះពត៌មាន និងការត្រៀមខ្លួន»។ នេះជាការតាំងចិត្តរបស់ម្ចាស់ក្រុមហ៊ុនវ័យក្មេងរូបនេះ។

លោក កុសល ច័ន្ទស័ក្តិវិទូ ជាម្ចាស់ក្រុមហ៊ុន នទី (NOTi HR Solutions) ជំនៈបង្កើតក្រុមហ៊ុនដោយខ្លួនឯង ទោះការចាប់ផ្ដើមក្រុមហ៊ុនមួយមិនមានជាការងាយស្រួលយ៉ាងណាក្ដី។ លោក ច័ន្ទស័ក្តិវិទូ ជឿថាក្រុមហ៊ុនរបស់លោក នឹងអាចសម្រួលដល់ការស្វែងរកបុគ្គលិករបស់ក្រុមហ៊ុននីមួយៗ ជាពិសេសអាចជួយបំពេញបន្ថែមដល់ បុគ្គលិកមានចំណុចខ្វះខាតក្នុងការស្វែងរកការងារល្អនិង ប្រាក់ខែខ្ពស់ ក្នុងសម័យឧស្សាហកម្ម៤.០នេះ។

បើតាមម្ចាស់ក្រុមហ៊ុនវ័យក្មេងរូបនេះ នទី ត្រូវបានប្រើពេល ១ឆ្នាំក្នុងការបង្កើតឡើង។ លោក ច័ន្ទស័ក្តិវិទូ ក៏បានលើកឡើងពីមូលហេតុដែលបង្កើត នទី ដូច្នេះថា៖ « ការស្វែងរកបុគ្គលិក សាកសមសម្រាប់បម្រើរការក្នុងក្រុមហ៊ុនមិនមែនជារឿង ងាយស្រួលនោះទេ។ ទន្ទឹមហ្នឹងនេះ សម្រាប់បុគ្គលិកមានសមត្ថភាព និងចង់បានប្រាក់ខែខ្ពស់មួយចំនួនក៏បានបាត់បង់ឱកាសនៅពេលមិនបានត្រៀមខ្លួនផងដែរ។ ដូច្នេះខ្ញុំក៏បង្កើតនទី ឡើងក្នុងគោលបំណងស្វែងរកធនធានសាកសមសម្រាប់ក្រុមហ៊ុន និង បង្កើតប្រព័ន្ធការដាក់ពាក្យការងារមួយដែលឲ្យបេក្ខជនអាចដឹងពីចំណុចខ្វះខាតរបស់ពួកគាត់ ដើម្បីបំពេញបន្ថែមផងដែរ»។ 

ការបង្កើតក្រុមហ៊ុនដែលមានស្តង់ដា និងត្រូវតម្រូវការរបស់អតិថិជន ធ្វើឲ្យយុវជន វ័យ២៨ ឆ្នាំរូបនេះត្រូវលៈបង់ការងារជាប្រធានផ្នែកទីផ្សារក្នុងក្រុមហ៊ុនឯកជនមួយ ។ ទន្ទឹមនិងការលៈបង់នេះ លោកក៏ត្រូវជួបបញ្ហាមួយចំនួនទៀតព្រោះ នទី ជាក្រុមហ៊ុនប្រើប្រព័ន្ធការងារថ្មីស្រឡាង។ លោក កុសល ច័ន្ទស័ក្តិវិទូ ថ្លែងដូច្នេះថា៖ « នទី ជួបបញ្ហាធំបំផុត គឺការសរសេរកូដ និងរូបមន្តនានាក្នុងការប្រើជាប្រព័ន្ធ ប៉ុន្តែដោយសារមានការតាំងចិត្ត និងប្ដេជ្ញាចិត្តខ្ពស់ ទើប នទីបានសម្រេចប្រព័ន្ធការងារមួយដោយស្ថាពរ និងសុក្រឹតិភាពបំផុត។

ការបង្កើតក្រុមហ៊ុនដែលបច្ចេកវិទ្យាខ្ពស់ ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ក៏បានធ្វើឲ្យលោក ច័ន្ទស័ក្តិវិទូ ជួបបញ្ហាហរិរញ្ញវត្ថុខ្លះៗផងដែរ ប៉ុន្តែបញ្ហានេះមិនបានធ្វើឲ្យយុវជនវ័យក្មេងរូបនេះបោះបង់ការបង្កើតក្រុមហ៊ុន ទីភ្នាក់ងារធនធានមនុស្ស ដែលមានបច្ចេកវិទ្យាដ៏ទំនើបមួយនេះបានទេ។ 

ជាជោគជ័យ ការខំប្រឹងប្រែងរយៈពេលមួយឆ្នាំរបស់សហគ្រិនរូបនេះ បានធ្វើឲ្យនទី លេចរូបរាងឡើង ជាមួយប្រព័ន្ធការងារដ៏ទំនើប ដែលអាចជួយសម្រួលដល់ការស្វែងរកធនធានមនុស្សបម្រើរការក្នុងក្រុមហ៊ុន បន្ថែមពីនេះជួយដល់អ្នកស្វែងរកការងារដោយមានភាពងាយស្រួលមិនស្មុគស្មាញផងដែរ។ 

 

X
5s