កម្មវិធីចុះហត្ថលេខាផ្លាស់ប្តូរសេវាកម្មរវាង BizKhmer Media និង CamboJob ដើម្បីបង្កើនការផ្ដល់នូវសេវាកម្ម Digital Marketing ឲ្យកាន់តែសម្បូរបែប
នារសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ ក្រុមហ៊ុន BizKhmer Digital Media និងក្រុមហ៊ុន CamboJob បានរៀបចំកម្មវិធីចុះចុះហត្ថលេខាផ្លាស់ប្តូរសេវាកម្រវាងគ្នានិងគ្នា ដោយមានការអញ្ជើញចូលរួមពីភាគីនៃក្រុមហ៊ុន BizKhmer Digital Media ដឹកនាំដោយលោក យ៉ន សុភារិទ្ធ ស្ថាបនិក BizKhmer Digital Media និងភាគីក្រុមហ៊ុន CamboJob ដឹកនាំដោយកញ្ញា ប៊ុន យូហៀក នាយកគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុន CamboJob ។
កញ្ញា ប៊ុន យូហៀក នាយកគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុន CamboJob បានលើកឡើងថា៖ «ការចុះអនុស្សារណៈក្នុងក្នុងថ្ងៃនេះ ក្រុមហ៊ុន CamboJob សង្ឃឹមថានឹងអាចពង្រីកខ្លួនកាន់តែធំជាងមុន ហើយតាមរយៈសេវាកម្ម Digital Marketing នេះនឹងទទួលបានអ្នកគាំទ្រកាន់តែច្រើន។ នៅក្នុងឆ្នាំ ២០២១ ខាងមុខ CamboJob ក៏រំពឹងនឹងទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ក្នុង App របស់ CamboJob រហូតដល់ប្រមាណជាង១លាននាក់ដែរ»។ បន្ថែមពីនេះ ក្រុមហ៊ុន CamboJob ក៏បានថ្លែងអំណរគុណចំពោះជំនឿទុកចិត្តពីក្រុមហ៊ុន BizKhmer Digital Media រហូតឈានដល់ការចុះអនុស្សារណៈជាមួយគ្នាក្នុងថ្ងៃនេះ ហើយក៏សង្ឃឹមថានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អទៅថ្ងៃខាងមុខ។
ជាមួយគ្នានេះដែរ លោក យ៉ន សុភារិទ្ធ ស្ថាបនិក BizKhmer Digital Media បានមានប្រសាសន៍ថា នេះគឺជាភាពសោមនស្សថ្មីមួយសម្រាប់ក្រុមហ៊ុនទាំងពីរដែលបានចាប់ដៃសហការគ្នា ដើម្បីទទួលបានភាពរីកចម្រើនទៅជាមួយគ្នា។ លោកជឿជាក់ថាកិច្ចសហការមួយនេះនឹងបង្កើតជា Synergy មួយ (ចំណុចរួមគ្នា) ដែលជាការផ្តល់ជូនយ៉ាងសម្បូរបែប និងជូនកាន់តែពិសេសទៅកាន់អតិថិជនទាំងពីរក្រុមហ៊ុន ក៏ដូចជាឲ្យមានប្រសិទ្ធភាពជាងមុនកាន់តែខ្លាំង។ «កម្មវិធីចុះហត្ថលេខាផ្លាស់ប្ដូរសេវាកម្មរវាងក្រុមហ៊ុន BizKhmer Digital Media និងក្រុមហ៊ុន CamboJob នេះគឺដើម្បីបង្កើនការផ្ដល់នូវសេវាកម្ម Digital Marketing ឲ្យកាន់តែសម្បូរបែប និងផ្ដល់នូវគុណតម្លៃកាន់តែច្រើនជូនអតិថិជនរបស់ក្រុមហ៊ុនទាំងពីរ។ ការណ៍នេះនឹងបង្កើតបាននូវកម្លាំងស្នូលនៃឯកទេសនិងជំនាញកាន់តែធំ កាន់តែខ្លាំង និងកាន់តែរឹងមាំនៅលើពិភពឌីជីថលក្នុងកាលៈទេសៈនៃការប្រកួតប្រជែងកាន់តែតានតឹង» លោកបានមានប្រសាសន៍បន្ថែមយ៉ាងដូច្នេះ។
គួរបញ្ជាក់ផងដែរថា BizKhmer Digital Media ជាក្រុមហ៊ុនដែលផ្តល់សេវាកម្មលើ Digital Marketing។ ក្រុមហ៊ុននេះ បានចាប់ដំណើរការអាជីវកម្មតាំងតែពីឆ្នាំ ២០១៨ មកម្ល៉េះ ហើយក៏ជាក្រុមហ៊ុនដែលមានភាពសម្បូរបែបផ្គត់ផ្គង់សេវាកម្ម Digital Marketing ដូចជា Google Ads Facebook Marketing SMS Marketing E-mail Marketing ផ្តោតយកចិត្តទុកដាក់ខ្ពស់លើ Technology tool និងបច្ចេកទេសមួយចំនួនទៀត។ ក្រុមហ៊ុនក៏មានគម្រោងក្នុងការដាក់ចេញ និងផ្តល់ជូនសេវាកម្មថ្មីៗជាច្រើនផ្សេងទៀតសម្រាប់អតិថិជននៅឆ្នាំថ្មីខាងមុខដែលទាក់ទងទៅនឹងសេវាកម្ម Digital Marketing។
ដោយឡែក CamboJob ជាក្រុមហ៊ុនផ្តល់សេវាកម្មស្វែងរកបុគ្គលិកដែលចាប់ដំណើរការអាជីវកម្មនៅក្នុងខែមិថុនា ឆ្នាំ២០១៩ ចាប់ផ្តើមដំបូងជាគេហទំព័រភាសាចិន ហើយមាន Visitor ប្រមាណជា ១០ម៉ឺននាក់។ ក្រោយមក ការផ្សព្វផ្សាយបានធ្វើឡើងតាមរយៈ Channel ជាច្រើនរបស់ក្រុមហ៊ុនមានដូចជា Facebook Telegram និង Tik Tok បន្ថែមពីគេហទំព័រ ជាហេតុនាំឲ្យ CamboJob ទទួលបានការគាំទ្រច្រើនជាងមុនដែលនាំឲ្យចំនួនអ្នកគាំទ្រឡើងដល់ជាង ៤លាននាក់នាពេលបច្ចុប្បន្ន៕