ជ័យលាភីទាំងអស់របស់កម្មវិធី She Loves Tech Cambodia 2020 ត្រូវបានប្រកាសជាផ្លូវការហើយ
ភ្នំពេញ, ថ្ងៃច័ន្ទ ១២ តុលា ២០២០ - Raintree និង She Loves Tech ដែលជាអ្នកសហការរៀបចំវគ្គប្រកួតប្រជែងដំបូងបង្អស់នៅកម្ពុជា (She Loves Tech Cambodia 2020) របស់កម្មវិធីប្រកួតប្រជែងអាជីវកម្មធំបំផុតលំដាប់ពិភពលោកសម្រាប់ស្ត្រី និងបច្ចេកវិទ្យា (She Loves Tech) បានប្រកាសជាផ្លូវការនូវជ័យលាភីថ្នាក់ជាតិទាំង៣។ បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែង និងសម្រិតសម្រាងរវាងសហគ្រិនឆ្នើមជាច្រើនរូប ក្រុម “Smart Farm Assistance” “ពេទ្យយើង” និង “DataU Academy” ត្រូវបានជ្រើសរើសជាជ័យលាភីចំណាត់ថ្នាក់លេខ ១ លេខ ២ និងលេខ ៣ នៃកម្មវិធី She Loves Tech Cambodia 2020។
ក្នុងនាមជាជ័យលាភីចំណាត់ថ្នាក់លេខ ១ នៃកម្មវិធី She Loves Tech Cambodia 2020 ក្រុម Smart Farm Assistance នឹងក្លាយទៅជាតំណាងនៃព្រះរាជាណាចក្រ កម្ពុជា ក្នុងការចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រអន្តរជាតិក្នុងខែវិច្ឆិកា ឆ្នាំ២០២០។ Smart Farm Assistance នឹងធ្វើការប្រកួតប្រជែងជាមួយជ័យលាភីចុងក្រោយចំនួន ២៩ នាក់ផ្សេងទៀតមកពីទ្វីប អាមេរិកខាងជើង អាមេរិកខាងត្បូង អាហ្វ្រិក អឺរ៉ុប អាស៊ី និង អូស្ត្រាលី ដើម្បីឈ្នះរង្វាន់ជាសាច់ប្រាក់សុទ្ធចំនួន ១៥ ០០០ ដុល្លារអាមេរិក ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងអត្ថប្រយោជន៍ជាច្រើនទៀត។
ជ័យលាភីលេខ ១
ជ័យលាភីលេខ ២
ជ័យលាភីលេខ ៣
She Loves Tech Cambodia 2020 ត្រូវបានរៀបចំឡើងដើម្បីពន្លឿនការវិវឌ្ឍរបស់អាជីវកម្មថ្មី (startup)ឈានមុខគេបង្អស់នៅកម្ពុជា ឲ្យមានសមត្ថភាពបង្កើតឥទ្ធិពលវិជ្ជមានជាសាកល។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងដោយមានការសហការជាដៃគូជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហគ្រាសខ្មែរ និង Global Shapers Phnom Penh Hub។
កញ្ញា ចាន់ ពេញល័ក្ខ អ្នកគ្រប់គ្រងសហគមន៍របស់ Raintree និងជាសហអ្នកនិពន្ធរបាយការណ៍ Startup Kingdom បានមានប្រសាសន៍ថា៖ «ដោយសារតែស្ថាបនិកស្ត្រីផ្នែកបច្ចេកវិទ្យានៅកម្ពុជាមានតែ ២០% ដូច្នេះហើយយើងត្រូវជំរុញការដាក់បញ្ចូលនិងវឌ្ឍនភាពរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។» ។
កញ្ញាបានបន្តថា៖ «ថ្វីបើជំងឺ កូវីដ ១៩ នៅកំពុងរាតត្បាតជាសកលក្តី ក៏Raintree នៅតែបន្តធ្វើការជាមួយដៃគូសហការទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ ក្នុងការរៀបចំការប្រកួតប្រជែងមួយនេះ ដើម្បីជាកិច្ចបន្តការខិតខំប្រឹងប្រែងដ៏មុះមុតរបស់យើង ក្នុងការជំរុញឲ្យអាជីវកម្មថ្មីក្នុង ប្រទេសកម្ពុជា មានភាពរីកដុះដាល ក៏ដូចជាលើកកម្ពស់វត្តមានរបស់ស្ត្រីនៅក្នុងវិស័យផ្សេងៗទៀតផងដែរ» ។
ការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រថ្នាក់ជាតិត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃសុក្រ ទី០៩ ខែតុលា តាមរយៈវេទិការអនឡាញ Zoom Webinar។ រាល់អាជីវកម្មថ្មីដែលបានចូលរួមប្រកួតត្រូវបានវាយតម្លៃដាក់ពិន្ទុ ផ្តោតទៅតាមលក្ខណៈវិនិច្ឆ័យ ៥ សំខាន់ៗ ដែលមានដូចជា គំនិតឆ្នៃប្រឌិត ឬការបង្កើតថ្មី សក្តានុភាពក្នុងការពង្រីកអាជីវកម្ម (scalability)និងផលវិជ្ជមានរបស់អាជីវកម្មថ្មីទាំងនោះទៅលើស្ត្រី។ ក្រុមដែលជាប់ក្នុងវគ្គជម្រុះថ្នាក់ជាតិ បានទទួលការបង្វឹក និងបណ្តុះបណ្តាល ពីសំណាក់អ្នកដឹកនាំក្នុងវិស័យនេះ ពោលគឺ លោក យឹម រីឆាត ដែលជាបុគ្គលឆ្នើមអាយុក្រោម ៣០ឆ្នាំ តែងតាំងដោយទស្សនាវដ្តី Forbes (Forbes 30 Under 30) លោក ធុល រឹទ្ធី ដែលជាស្ថាបនិកមួយរូប និងសាស្រ្តាចារ្យ ព្រហ្ម សុភា ដែលជាម្ចាស់ជ័យលាភីក្នុងកម្មវិធីស្រ្តីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាក្នុងឆ្នាំ២០២០នេះ។
អ្នកនាង Leanne Robers សហស្ថាបនិកនៃShe Loves Tech បានមានប្រសាសន៍ថា៖ «ការធ្វើកម្មវិធីតាមរយៈប្រព័ន្ធអនឡាញឆ្នាំនេះធ្វើឲ្យយើងទទួលបាននូវស្ថាបនិកកាន់តែច្រើនជាងមុនទៅទៀត»។ អ្នកនាង បានបន្តទៀតថា៖ «សម្រាប់ឆ្នាំនេះ យើងបានឃើញក្រុមហ៊ុនថ្មីប្រមាណជាង ៣៥០០ បានដាក់ពាក្យចូលរួមជាលើកដំបូងជាមួយនឹងយើង ដែលឆ្នាំមុនមានប្រមាណត្រឹមតែ ១០០០ក្រុមហ៊ុនប៉ុណ្ណោះ។កំណើននៃការចូលរួមនេះសបញ្ចាក់ឲ្យយើងឃើញកាន់តែច្បាស់នូវឥទ្ធិពលរបស់បច្ចេកវិទ្យា»។
បេក្ខជនចូលរួមប្រកួតធ្វើបទបង្ហាញនូវគំនិតអាជីវកម្មរបស់ពួកគេក្នុងកម្មវិធី She Loves Tech វគ្គផ្តាច់ព្រ័ត្រថ្នាក់ជាតិតាមរយៈប្រព័ន្ធអនឡាញ ទៅកាន់ទស្សនិកជនដែលជាអ្នកដឹកនាំនៅក្នុងវិស័យរួមមាន លោកស្រី Ratana Phurik-Callebaut ដែលជាប្រធាននៃ សហគមន៍កម្ពុជានៃវិស័យវិនិយោគទុន លោកស្រី Tean Ly ជាដៃគូគ្រប់គ្រងក្រុមហ៊ុន Seeva Capital លោកស្រី ម៉ៅ សុផល្លីន ជាសហស្ថាបនិក និងប្រធានផ្នែកបច្ចេកវិទ្យា នៅក្រុមហ៊ុន S.O. Cloud Solutions LLC លោក John Tan ជាស្ថាបនិកនៃក្រុមហ៊ុន Doyobi និង Saturday Kids និង លោក Paul Ark អ្នកប្រឹក្សានៅក្រុមហ៊ុន Gobi Partners.
ខណៈពេលការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រថ្នាក់ជាតិបានខិតចូលមកដល់ទីបញ្ចប់ She Loves Tech បាន និងកំពុងបំពេញបេសកកម្មរបស់ខ្លួនដោយជោគជ័យ ក្នុងការ ស្វែងរកនូវសហគ្រិនដែលមានទេពកោសល្យ មហិច្ឆតាខ្ពស់ និងទស្សនវិស័យលើផ្នែកបច្ចេកវិទ្យា និងជួយផ្តល់ជូនពួកគេនូវឱកាសដែលមិនធ្លាប់មានពីមុនមកក្នុងការទទួលបាននូវធនធាន ក៏ដូចជាបណ្តាញរវាង បុគ្គលដែលមានកេរ្តិ៍ឈ្មោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម និង អ្នកវិនិយោគិនកំពូល ដើម្បីឲ្យពួកគេបានក្លាយខ្លួនទៅជាអ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យាផ្លូវការមួយរូប និងជំរុញទឹកចិត្តស្រ្តីដ៏ទៃទៀតផងដែរ។
នេះគ្រាន់តែជាកិច្ចចាប់ផ្តើមប៉ុណ្ណោះសម្រាប់ភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីរបស់វិស័យ អាជីវកម្មថ្មី នៅក្នុងប្រទេសកម្ពុជា។ ដោយមានការចូលរួមជាច្រើនពីស្ត្រី និងមានកិច្ចសហការរវាងសមាជិក និងភាគីពាក់ព័ន្ធទាំងអស់ យើងជឿជាក់ថាវិស័យបច្ចេកវិទ្យានៅប្រទេសកម្ពុជានឹងកាន់តែមានពន្លឺស្រស់ត្រកាលនាពេលអនាគត។
អំពី She Loves Tech
She Loves Tech បង្កើតបរិយាកាសចាំបាច់មួយដើម្បីឱ្យ Startups មានការលូតលាស់។ យើងខ្ញុំជា អ្នករៀបចំការប្រកួត Startups ដំបូងហើយធំជាងគេបំផុតលើពិភពលោកសម្រាប់ស្ត្រី និងបច្ចេកវិទ្យា ក្នុងបំណងស្វែងរក និងពន្លឿនសហគ្រិនភាព និងបច្ចេកវិទ្យា ដើម្បីបង្កើតឥទ្ធិពលកែប្រែ។ យើងសម្រាំង សហគ្រិនឆ្នើមតាម រយៈការអប់រំ និងការណែនាំ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូរបស់យើង ដើម្បី បង្កើតប្រព័ន្ធបរិយាកាសជា សកលមួយសម្រាប់ស្ត្រីនៅក្នុងវិស័យបច្ចេកវិទ្យា។
សម្រាប់ព័ត៌មានបន្ថែមសូមអ៊ីម៉ែលទៅកាន់៖ [email protected]
អំពី Raintree
Raintree ជាគម្រោងអភិវឌ្ឍការិយាល័យឆ្នៃប្រឌិតដំបូងបង្អស់នៅកម្ពុជា សម្រាប់បម្រើដល់អ្នកច្នៃប្រឌិត សហគ្រិន អ្នកជំនាញខាងបច្ចេកវិទ្យា យុវជន និងអ្នកអាជីព។ Raintree ជាកន្លែងសម្រាប់ធ្វើការទំនាក់ទំនង បង្កើត និងសហការ តាមរយៈទីតាំងការិយាល័យចំហ (The Core) កន្លែងប្រារព្ធពិធី (The Canopy) និង វេទិកាសម្រាប់ រៀបចំកម្មវិធីនៅជាន់លើដំបូល (The Crown)។ Raintree បើកដំណើរការចាប់តាំង ពីឆ្នាំ ២០១៦ ដោយសហស្ថាបនិកកញ្ញា Zoë Ng និងស្ថាបត្យករខ្មែរលោក កាំង ហុក។
គុណតម្លៃស្នូល របស់ Raintree គឺការរីកចម្រើន របស់ស្ថាប័ន ក្រុមហ៊ុន បុគ្គល ដែលនៅក្នុងសហគមន៍របស់ខ្លួនទាំងអស់។ ក្រុមហ៊ុន ដែលមានវត្តមាននៅ Raintree មានទំហំ និងវិស័យឧស្សាហកម្មចម្រុះខុសប្លែកពីគ្នា ដែលរួមមាន ដូចជា Microsoft, Grab, Viber, Havas Socialyse, Havas Champagne, Teach for Cambodia, DataU Academy, និង SmallWorld Realty ។ Raintree គាំទ្រយ៉ាងខ្លាំងដល់សហគ្រិន និងអ្នកច្នៃ ប្រឌិតក្នុង និងក្រៅស្រុកតាមរយៈកម្មវិធីនិងព្រឹត្តិការណ៍ដែលក្រុមការងារ បានរៀបចំ ក្នុងនោះរួមមាន ការតាំងពិព័រណ៍ សន្និសីទ សកម្មភាពផ្នែកអប់រំ និងសុខភាព និងរៀបចំកម្មវិធីទំនាក់ទំនង ដែលទទួលបាន ការចាប់អារម្មណ៍ខ្ពស់ពីសំណាក់សារព័ត៌មាន។ គម្រោងនេះក៏បានធ្វើការដឹកនាំការស្រាវជ្រាវទៅលើសហគ្រិនភាពផ្នែកបច្ចេកវិទ្យាប្រព័ន្ធនៅកម្ពុជា ផងដែរ ក្រោមការគាំទ្រ របស់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន និង Smart Axiata។
Raintree បានទទួលពានរង្វាន់គម្រោងអភិវឌ្ឍការិយាល័យឆ្នើមនៅកម្ពុជា (Best Office Development) កំឡុងពេលកម្មវិធីអចលនទ្រព្យអន្តរជាតិអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៧ (International Property Awards, Asia Pacific) ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.raintreecambodia.com
សម្រាប់សំណួរទាក់ទងអំពី She Loves Tech Cambodia 2020 សូមអ៊ីម៉ែលទៅកាន់៖ [email protected]