ការបើកសម្ភោធជាផ្លូវការនៃបណ្ដាញអ្នកវិនិយោគកម្ពុជា Cambodian Angel Investors Network (CAIN) និងកម្មវិធីបណ្តុះបណ្តាលអ្នកវិនិយោគ CAIN Program
នៅព្រឹកថ្ងៃសៅរ៍ទី ១០ ខែតុលាឆ្នាំ ២០២០ ពិធីបើកសម្ភោធជាផ្លូវការបណ្ដាញអ្នកវិនិយោគកម្ពុជា Cambodian Angel Investors Network (CAIN) បានធ្វើឡើងនៅសណ្ឋាគាភ្នំពេញដោយមានការចូលរួមពីសំណាក់អ្នកវិនិយោគ សមាជិកសមាគមអ្នកវិនិយោគកម្ពុជា(CiC) សមាជិកCAIN និងភ្ញៀវកិត្តិយសដទៃទៀត។
Angel Investor គឺជាបុគ្គលមានទ្រព្យសម្បត្តិ ដែលវិនិយោគដោយប្រើលុយផ្ទាល់ខ្លួននិងជាធម្មតាវិនិយោគទៅលើ ធុរកិច្ចបង្កើតថ្មី និងអាជីវកម្មដែលនៅដំណាក់កាលដំបូងក្នុងទំហំវិនិយោគតូច បើប្រៀបធៀបជាមួយទំហំវិនិយោគដែលវិនិយោគិនជាស្ថាប័នភាគច្រើនធ្វើការវិនិយោគ។
សព្វថ្ងៃនេះ ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យមត្រូវការការច្នៃប្រឌិតដើម្បីប្រកួតប្រជែងក្នុងទីផ្សារ។ ដូច្នេះពួកគេត្រូវការជំនាញមួយចំនួនដើម្បីអាចពាំនាំគំនិតរបស់ពួកគេចូលទៅក្នុងទីផ្សារ។ ដំបូងបំផុតពួកគេត្រូវការហិរញ្ញវត្ថុដើម្បីពង្រីកអាជីវកម្មឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។
ប្រភពហិរញ្ញវត្ថុល្អបំផុតសម្រាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមគឺបានមកពី Angel Investors ដោយសារតែពួកគេផ្តល់ហិរញ្ញវត្ថុបែបឆ្លាតវៃ (និយាយដោយសាមញ្ញ ក្រៅពីហិរញ្ញវត្ថុពួកគេក៏ចែករំលែកចំណេះដឹងពីវិស័យ និងបណ្តាញរបស់ពួកគេហើយផ្តល់ការណែនាំដល់អាជីវកម្មដែលពួកគេវិនិយោគ)។
តាមការអង្កេត នៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាពរបស់ប្រទេសកម្ពុជា យើងឃើញថាវានៅមានចន្លោះខ្វះខាតច្រើន ដូចជាការខ្វះខាតនៃ Angel Investors, ក្រុម ឬ បណ្តាញAngel Investors និងកម្មវីធីបណ្តុះបណ្តាលដល់អ្នកវិនិយោគ។ បន្ថែមពីនេះទៀតនោះ ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យមតែងតែមានភាពលំបាក់ក្នុងការស្វែងរក Angel Investors ចំនែក Angel Investors ក៍មានការលំបាកក្នុងការរកសហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពលសម្រាប់វិនិយោគដែរ។ ដូច្នេះហើយ CAIN បានបង្កើតឡើងដើម្បីបំពេញបន្ថែមភាពខ្វះខាតទាំងអស់នេះ។
CAIN គឺជាបណ្តាញអ្នកវិនិយោគ Angel Investors ដែលបានបង្កើតឡើងដោយសមាគមអ្នកវិនិយោគកម្ពុជា (CiC) ដើម្បីជំរុញការអភិវឌ្ឍនៃការវិនិយោគរបស់ Angel Investors ។ ការក្លាយជាសមាជិករបស់CAIN សមាជិកទាំងអស់មានឱកាសវិនិយោគក្នុងច្រើនរូបភាពដូចជាការវិនិយោគដោយផ្ទាល់(ជាបុគ្គលឬជាក្រុម)ទៅ ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពល ការវិនិយោគរួមគ្នាជាមួយសមាគមអ្នកវិនិយោគកម្ពុជា(CiC) និងការវិនិយោគទៅក្រៅប្រទេស។
កម្មវិធីបណ្តុះបណ្តាលCAIN Program មានរយៈពេល ៥ ខែ ក្នុងនោះមានសកម្មភាពសំខាន់ៗដូចជា
- សិក្ខាសាលាណែនាំពីទិដ្ឋិភាពទូទៅស្ដីពីការវិនិយោគ
- ការស្ដាប់បទបង្ហាញគំនិតអាជីវកម្មពីធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពល
- សិក្ខាសាលា(reflection workshops)
- សិក្ខាសាលាផ្សេងទៀតដូចជាកិច្ចពិភាក្សាពីការវិនិយោគដែលមានវាគ្មិនមកពីក្រៅប្រទេស
- ការចូលរួមជាមួយសកម្មភាពសំខាន់ៗរបស់កម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្មBIO Accelerator Program និងការបោះជំរំនៅតាមខេត្តជាដើម។
ដោយមានការសហការជាមួយសមាគមអ្នកវិនិយោគកម្ពុជា(CiC) កម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្មBIO Accelerator Program, ដៃគូក្នុងស្រុកនិងដៃគូអន្តរជាតិដូចជាសម្ព័ន្ធ ASEAN Angel Alliance (AAA)និងបណ្តាញ Angel Investors ដទៃទៀតក្នុងអាស៊ាន ដូច្នេះហើយ CAINត្រូវបានគេរំពឹងថានឹងរីកចម្រើនទៅជាបណ្តាញ Angel Investors ធំជាងគេមួយនៅកម្ពុជានិងមាននិរន្តរភាពយូរអង់វែង។
តើCAINកំពុងតែស្វែងរកបុគ្គលប្រភេទណាដើម្បីចូលរួមកម្មវិធី?CAINកំពុងតែស្វែងរកបុគ្គលដែលមានចំណេះដឹងមូលដ្ឋានពីការគ្រប់គ្រងអាជីវកម្ម និងការយល់ដឹងអំពីហានិភ័យរបស់ការវិនិយោគ និងមានឆន្ទៈក្នុងការវិនិយោគក្នុងអាជីវកម្ម។
នៅក្នុងឱកាសនៃការបើកសម្ភោធជាផ្លូវនេះដែរ ក៍មានការធ្វើបទបង្ហាញគំនិតអាជីវកម្មពីសហគ្រាសធុនតូចនិងមធ្យមចំនួនបីរួមមាន MUCH Mobile Health Care, WORKINGNA និងSCW3PS ក្នុងគោលបំណងដើម្បីស្វែងរកវិនិយោគិនសម្រាប់អាជីវកម្មរបស់ពួកគាត់។