កម្មវិធីទូរស័ព្ទដៃទន្លេសាប បន្ថែមមុខងារដឹកជញ្ជូននិងទូទាត់សាច់ប្រាក់ថ្មីដើម្បីជួយជំរុញការលក់ផលិតផលកសិកម្មក្នុងស្រុក​



ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ សុក្រ ទី២៤ -២៥  ខែ កញ្ញា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រោមការឧបត្ថម្ភពី អង្គការ SNV – IAPជាម្ចាស់គម្រោង មូលនិធិការបង្កើតថ្មីសម្រាប់កាត់បន្ថយភាពក្រីក្រ (IAP) ដែលសហការអនុវត្តរួមគ្នាដោយ SIDA, SNV, IB Sweden និង BoP Inc.  និងគម្រោងហាវែស II នៃទីភ្នាក់ងារជំនួយអាមេរិក USAID បានរៀបចំការតាំងពិព័រណ៍ពាណិជ្ជកម្ម ដើម្បីបង្ហាញពីកម្មវិធីទូរស័ព្ទដៃទន្លេសាប និងការបន្ថែមមុខងារថ្មី ដែលធ្វើនៅទីតំាងផ្សារអ៊ីអនម៉ល សាខាសែនសុខ  ក្រោមកិច្ចសហការផងដែរជាមួយនាយកដ្ឋានផ្សព្វផ្សាយកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

គោលបំណងសំខាន់នៃការរៀបចំពិព័រណ៍ពាណិជ្ជកម្ម គឺដើម្បីបង្ហាញពី កម្មវិធីទូរស័ព្ទដៃទន្លេសាបដែលជាកម្មវិធីទូរស័ព្ទដៃដំបូងគេ ដែលផ្តល់ចំណេះដឹងបច្ចេកទេស និងព័ត៌មានទីផ្សារកសិកម្ម និងការបង្ហាញពីមុខងារថ្មីៗបន្ថែមទៀតរបស់កម្មវិធីទូរស័ព្ទដៃទន្លេសាបនេះ ដូចជាទៅលើមុខងារដឹកជញ្ជូន និងទូទាត់តាមអនឡាញ ហើយការទិញទំនិញកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ព្រមជាមួយគ្នានេះ ក៏ជាការបង្ហាញពីធុរកិច្ចថ្មីនៅលើ E- Commerce platform របស់ App Tonlesap ជា version ទី៣ហើយក៏ជាឱកាសផ្សារភ្ជាប់ទំនាក់ទំនងរវាងតួអង្គនានាក្នុងខ្សែច្រវ៉ាក់តម្លៃកសិកម្មផងដែរ។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានលើកឡើងថា “ អេ អឹម ខេ ផ្តួចផ្តើមគំនិតក្នុងការបង្កើតកម្មវិធីទូរស័ព្ទដៃទន្លេសាបនេះឡើង ដោយមានការចូលរួមគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាជាពិសេសពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការជាតិ និងអន្តរជាតិ ជាច្រើន ហើយនេះក៏ជាសមិទ្ធិផលមួយទៀតដែល អេ អឹម ខេ បានចូលរួមចំណែកជួយលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។ ថ្មីៗនេះ យើងបានបន្ថែមមុខងារថ្មីមួយទៀត ដើម្បីធ្វើឲ្យកម្មវិធីទន្លេសាបនេះ កាន់តែផ្តល់អត្ថប្រយោជន៍ដល់កសិករខ្មែរ អ្នកទិញ លក់ ផ្គត់ផ្គង់ផលិតផលកសិកម្ម លើទីផ្សារអនឡាញឲ្យកាន់តែល្អប្រសើរជាងមុន ដែលមុខងារនោះយើងផ្តោតការដឹកជញ្ជូន និងការទូរទាត់សាច់ប្រាក់ដោយប្រើប្រាស់បច្ចេកវិទ្យាជំនួសការទូទាត់ជាសាច់ប្រាក់ផ្ទាល់។ យើងសង្ឃឹមថា ការបន្ថែមនូវមុខងារថ្មីមួយនេះ នឹងចូលរួមលើកកម្ពស់ដល់ការលក់ផលិតផលកសិកម្មក្នុងស្រុក និងការបង្កើនប្រាក់ចំណេញអ្នកដែលស្ថិតនៅក្នុងខ្សែច្រវ៉ាក់ទីផ្សារកសិកម្មអនឡាញផងដែរ។” 

គួរបញ្ជាក់ផងដែរថាកម្មវិធីទូរស័ព្ទដៃទន្លេសាប (App Tonlesap) គឺជាកម្មវិធីទូរស័ព្ទដៃផ្តល់ចំណេះដឹងកសិកម្មដំបូងគេនៅកម្ពុជាដែលបង្កើតឡើងតំាងពីឆ្នំា ២០១៩ ក្នុងគោលបំណងជួយផ្តល់ចំណេះដឹងដល់កសិករពី បច្ចេកទេស ព័ត៌មានទីផ្សារកសិកម្ម ផ្តល់គន្លឹះសំខាន់ៗក្នុងការដាំដំណាំ ស្វែងរកសម្ភារកសិកម្ម និងចិញ្ចឹមសត្វឱ្យកាន់តែប្រសើរឡើង មិនតែប៉ុណ្ណោះកសិករអាចស្វែងរកសេវាហិរញ្ញវត្ថុដើម្បីពង្រីកមុខរបរកសិកម្មរបស់ខ្លួនបានតាមរយៈកម្មវិធីនេះផងដែរ។ កម្មវិធីនេះត្រូវបានដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃលើ App Store ប្រព័ន្ធ (IOS) និង Play Store ប្រព័ន្ធ Android ដែលផ្តល់ជូនមុខងារពិសេសថ្មីៗបន្ថែមទៀតដែលបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការទិញទំនិញ ទូទាត់ទំនិញ និងដឹកជញ្ជូនអនឡាញ៕

ទាញយកកម្មវិធីដើម្បីប្រើប្រាស់ដោយឥតគិតថ្លៃឥឡូវនេះតាមរយៈ៖

  • កម្មវិធី "ទន្លេសាប"
  • កម្មវិធី "ទន្លេសាប អ្នកលក់"
X
5s