ក្រសួងបរិស្ថាន បើកដំណើរការ «យុទ្ធនាការ ការពារព្រៃឡង់ តាមរយៈទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម»
ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ សហការជាមួយទីភ្នាក់ងារជំនួយអាមេរិក USAID បានធ្វើការបើកដំណើរការ«យុទ្ធនាការ ការពារព្រៃឡង់ តាមរយៈទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម» ដែលផ្តោតលើបរិស្ថាន ដើម្បីការពារព្រៃឈើ និងសត្វព្រៃនៅក្នុងប្រទេសកម្ពុជា។
នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងលោកស្រី វីណា រែដឌី នាយិកាបេសកកម្ម USAD បានចូលរួមជាអធិបតេយភាពក្នុងការបើកដំណើរ«យុទ្ធនាការ ការពារព្រៃឡង់ តាមរយៈទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម»។ការបង្កើតគោលដៅក្នុងការ ការពារព្រៃឡង់នេះ គឺក្នុងគោលបំណងការពារព្រៃឈើក្នុងតំបន់ទេសភាព ជីវៈចម្រុះសំបូរបែបដែលបានមកពីព្រៃឈើ និងអត្ថប្រយោជន៍ព្រៃឈើដែលទ្រទ្រង់ជីវភាពរស់នៅ ទីភ្នាក់ងារជំនួយអាមេរិក USAID និងក្រសួងពាក់ព័ន្ធសំខាន់ៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានព្រមព្រៀងសហការគ្នាលើកកម្ពស់ការចូលរួម របស់សាធារណៈជនក្នុងការការពារព្រៃឈើ និងសត្វព្រៃ។
លោកស្រី វីណា រែដឌី នាយិកាបេសកកម្ម USAID បានមានប្រសាសន៍ថា «ការបើកយុទ្ធនាការនៅថ្ងៃនេះ បង្ហាញពីភាពជាដៃគូយូរអង្វែងរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID នៅក្នុងវិស័យបរិស្ថាន នៅកម្ពុជា ក៏ដូចជាការបន្តការប្តេជ្ញាចិត្តរបស់យើង ចំពោះការអភិរក្សជីវៈចម្រុះដ៏មានសារសំខាន់របស់កម្ពុជា។ យើងសង្ឃឹមថា យុទ្ធនាការលើកកម្ពស់ការយល់ដឹងនេះ នឹងជួយលើកទឹកចិត្តប្រជាជនកម្ពុជាកាន់តែច្រើនថែមទៀត ចូលរួមការពារកេរ្តិ៍ដំណែលធម្មជាតិរបស់ខ្លួន។»
ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «ប្រជាជនកម្ពុជាទាំងចាស់ ទាំងក្មេង មានកាតព្វកិច្ចចូលរួម ក្នុងការអភិរក្ស និងការពារធនធានធម្មជាតិដ៏មានតម្លៃរបស់យើង។ គោលបំណងនៃយុទ្ធនាការនេះ គឺស្របទៅនឹងផែនការសកម្មភាព និងយុទ្ធសាស្ត្រគាំពារបរិស្ថានជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលដៅពង្រឹងប្រសិទ្ធភាពគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព។»
ព្រឹត្តិការណ៍នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងសកម្មភាពជាវិជ្ជមានពីសាធារណជន ចំពោះបរិស្ថាន និងធម្មជាតិ។
គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០១៥ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ ប្រគល់ភារកិច្ចឱ្យក្រសួងបរិស្ថានជាអ្នកគ្រប់គ្រង តំបន់អភិរក្ស។ ជាលទ្ធផល ក្រសួងបរិស្ថាន បានដាក់បញ្ចូលតំបន់ការពារធម្មជាតិចំនួន ៦៦ កន្លែង ដែលមានផ្ទៃដី សរុប ៧,២៥ លានហិកតា ស្មើនឹង ៤០% នៃផ្ទៃដីប្រទេស គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។ ភូមិសាស្រ្ត ខេត្តស្ទឹងត្រែង ក៏ត្រូវបានបញ្ចូលជាផ្នែកមួយ នៃតំបន់ការពារធម្មជាតិនេះផងដែរ ដែលរួមមានតំបន់ ដូចជា៖ ឧទ្យានជាតិវីរជ័យ ឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែនជម្រកសត្វព្រៃព្រៃឡង់ ដែនជម្រកសត្វព្រៃឆែប ដែនជម្រក សត្វព្រៃសៀមប៉ាង តំបន់រ៉ាមសារស្ទឹងត្រែង និងរបៀងអភិរក្សជីវចម្រុះឦសាន។
គួររំលឹកផងដែរ ថាព្រៃឡង់គ្របដណ្តប់បណ្តាខេត្តជាច្រើនដូចជាខេត្តក្រចេះ ព្រះវិហារ ស្ទឹងត្រែង និងកំពង់ធំ ព្រៃឡង់មានជម្រកចំនួនប្រាំបីប្រភេទខុសៗគ្នា ព្រមជាមួយនឹងសណ្ឋានដីច្រើនបែប និងអម្បូរសត្វប្រមាណជាជាង ៤០០ ប្រភេទ ដែលក្នុងនោះដែរ សត្វ និងរុក្ខជាតិដែលជិតផុតពូជមាន ១៧ ប្រភេទ។
ព្រៃនេះ ក៏ជាជម្រកដល់ជីវៈចម្រុះដ៏សម្បូរបែប និងផ្តល់ជាប្រព័ន្ធអេកូឡូស៊ីជាច្រើន ដែលមានតម្លៃខាងអេកូឡូស៊ី វប្បធម៌ និងសេដ្ឋកិច្ច។ ព្រៃឡង់ ជាព្រៃមួយក្នុងចំនោមព្រៃបៃតងជានិច្ចធំបំផុតនៅតំបន់ទំនាបនៃតំបន់ជីវៈចម្រុះឥណ្ឌូ-ភូមាដ៏សំខាន់ ហើយវាត្រូវបានហៅថា ជាតំបន់ទេសភាពសំខាន់មួយក្នុងចំណោមតំបន់ទេសភាពសំខាន់បំផុតផ្សេងទៀតចំនួន ១០នៅក្នុងពិភពលោក ដោយសារតម្លៃនៃជីវៈសាស្ត្ររបស់វា។
អត្ថបទ៖ស្រីណា
ប្រភព៖
- ក្រសួងបរិស្ថាន
- អង្គការទិន្នន័យអំពីការអភិវឌ្ឈន៍