សែលកាតឈ្នះពានរង្វាន់ ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តល្អជាងគេបំផុតនៅកម្ពុជា ប្រចាំឆ្នាំ ២០២០​



ក្រុមហ៊ុនសែលកាត បានក្លាយជាជ័យលាភីពានរង្វាន់អន្តរជាតិថ្មីមួយបន្ថែមទៀត បន្ទាប់ពីស្ថាប័នឈានមុខគេមួយនេះ បានទទួលពានរង្វាន់ ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តល្អជាងគេបំផុតនៅកម្ពុជាប្រចាំឆ្នាំ ២០២០ (Best Mobile Network Provider Cambodia 2020) ដែលផ្តល់ជូនដោយ ទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ (International Business Magazine) ។ គួររំលឹកផងដែរថា ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តដែលគ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុងមួយនេះ បានឈ្នះពានរង្វាន់ដូចគ្នានេះ ម្តងរួចមកហើយ កាលពីឆ្នាំ ២០១៩។

 

ទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ បានបើកដំណើរការក្នុងឆ្នាំ ២០១៨ ហើយមិនយូរប៉ុន្មាន ក៏ទទួលបានការគាំទ្រជាខ្លាំង តាមរយៈការចេញផ្សាយសំណេរអត្ថបទប្រកបដោយអត្ថន័យខ្លឹមសារល្អនិងទាក់ទាញចំណាប់អារម្មណ៍ខ្ពស់ អំពីក្រុមហ៊ុនល្បីៗនៅលើពិភពលោក ក៏ដូចជានិន្នាការកំពុងពេញនិយម នៅក្នុងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ គួរឱ្យចាប់អារម្មណ៍បំផុតផងដែរ សែលកាត គឺជាក្រុមហ៊ុនខ្មែរតែមួយគត់ ដែលទទួលបានពានរង្វាន់នៅក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យានេះ។

 

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា៖ “យើងពិតជាមានក្តីរំភើបឥតឧបមា និងមានមោទនភាពបំផុត ដែលត្រូវបានទទួលស្គាល់ជាស្ថាប័នឈានមុខគេ នៅក្នុងវិស័យទូរគមនាគមន៍កម្ពុជា ជាថ្មីម្តងទៀត។ ពានរង្វាន់ទទួលបាននាពេលថ្មីៗនេះ គឺជាការបន្ថែមទៅលើជ័យលាភីពានរង្វាន់អន្តរជាតិជាច្រើនផ្សេងទៀត ដែលផ្តល់ជូនដោយបណ្តាស្ថាប័នជំនាញអន្តរជាតិឯករាជ្យ នាពេលកន្លងមក។ នេះ គឺជាសក្ខីភាពដែលបង្ហាញឱ្យឃើញច្បាស់នូវកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការផ្តល់ជូននូវបណ្តាញទូរស័ព្ទល្អផ្តាច់គេ ក៏ដូចជាជួយឱ្យប្រទេសកម្ពុជានាំមុខគេទៅលើភាពច្នៃប្រឌិតថ្មីផងដែរ។

 

សេចក្តីប្រកាសក្នុងសប្តាហ៍នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីសែលកាតបានទទួលពានរង្វាន់ពីរផ្សេងទៀតប្រចាំឆ្នាំ ២០២០ ពោលគឺក្រុមហ៊ុនបានឈ្នះពានរង្វាន់ បណ្តាញទូរស័ព្ទចល័តលឿនជាងគេបំផុតនៅកម្ពុជាប្រចាំឆ្នាំ ២០២០ និងពានរង្វាន់ ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តនិងជីវិតទាន់សម័យឌីជីថលល្អជាងគេបំផុតនៅកម្ពុជា នៅក្នុងព្រឹត្តិការណ៍ Finance Derivative Awards។

 

ជាងនេះទៅទៀត ក្រុមហ៊ុនសែលកាត ក៏បានឈ្នះពានរង្វាន់ បទពិសោធន៍លេងហ្គេមល្អជាងគេបំផុត ពីស្ថាប័ន OpenSignal ក្នុងអំឡុងខែកក្កដា ឆ្នាំ ២០២០ និងពានរង្វាន់ Ookla Speedtest ចំនួន ៦ លើកទៀត រវាងឆ្នាំ ២០១៧ និងឆ្នាំ២០១៩។

 

លោក Watson បានបន្ថែមឱ្យដឹងទៀតថា៖ “ពានរង្វាន់នេះ នឹងជួយជម្រុញកិច្ចខិតខំប្រឹងប្រែង និងដំណើរវិវត្តន៍របស់យើង ក្នុងការធានាថា យើងនឹងនៅតែបន្តផ្តល់បទពិសោធន៍ប្រើប្រាស់បណ្តាញទូរស័ព្ទប្រកបដោយទំនុកចិត្តខ្ពស់ ជូនដល់អតិថិជនទាំងអស់របស់យើង នៅក្នុងប្រទេសកម្ពុជា។ វានឹងបង្កើតបានជាគម្រូដ៏ល្អមួយ ដើម្បីអាចឱ្យយើងបន្តផ្តល់ជូនបណ្តាញ 5G ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។“

 

គំនិតច្នៃប្រឌិតថ្មី និងភាពជោគជ័យនៃបណ្តាញទូរស័ព្ទចល័តរបស់ក្រុមហ៊ុនសែលកាត ត្រូវបានលើកយកមកបរិយាយយ៉ាងក្បោះក្បាយ នៅក្នុងទស្សនាវដ្តីចេញផ្សាយលេខចុងក្រោយរបស់ CIO Bulletin ហើយមិនតែប៉ុណ្ណោះផងដែរ សែលកាត ក៏ត្រូវបានចុះបញ្ជីជា ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលមានតម្លៃបំផុតទាំង ៣០ ដែលត្រូវឃ្លាំមើល នៅក្នុងទស្សនាវដ្តី Business Brainiac ដែលចេញផ្សាយនាអំឡុងដើមឆ្នាំ ២០២០ នេះ៕

 

X
5s