កម្មវិធីសប្បុរសធម៌ចែករំលែកក្តីស្រលាញ់របស់អង្គការមូលនិធិកុមារពិការ នឹងរៀបចំឡើងនៅខេត្តក្រចេះ និងកំពតក្នុងខែសីហានេះ
អង្គការមូលនិធិកុមារពិការ សហការណ៍ជាមួយអង្គការជនពិការប្រចាំខេត្ត ក្រុមហ៊ុនឯកជន និងសប្បុរសជនមួយនានារៀបចំកម្មវិធីសប្បុរសធម៌ជួយដល់កុមារ និងជនមានពិការភាព ដែលនឹងរៀបចំឡើងនៅខេត្តក្រចេះ ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២០ និងនៅខេត្តកំពតនឹងរៀបចំឡើងនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។
លោក គង់ វិចិត្រា ស្ថាបនិកអង្គការមូលនិធិកុមារពិការ (KPF) បានមានប្រសាសន៍ថា៖ «ការរៀបចំកម្មវិធីសប្បុរសធម៌របស់អង្គការមូលនិធិកុមារពិការ ផ្តោតសំខាន់ទៅលើការចែករំលែកក្តីស្រឡាញ់ជូនទៅដល់ជនមានពិការភាព ការផ្ដល់ជូនអាហារ រួមទាំងកាដូមួយចំនួនដើម្បីកាត់បន្ថយការលំបាកជូនពួកគាត់។
សកម្មភាពសប្បុរសធម៌ទាំងនេះបានរៀបចំឡើងតាំងពីមុនពេលមានវិបត្តិជំងឺកូវីដ១៩ ទៅទៀត ប៉ុន្តែស្ថិតក្នុងកាលៈទេសៈដ៏លំបាកមួយនេះ មនុស្សគ្រប់គ្នាស្ទើរទូទាំងពិភពលោកបាននិងកំពុងរងគ្រោះផ្នែកសេដ្ឋកិច្ច អង្គការមូលនិធិកុមារពិការ កាន់តែសម្លឹងឃើញពីផលលំបាករបស់ជនមានពិការភាពនិងជនងាយរងគ្រោះ ដោយសារពួកគាត់មួយចំនួនត្រូវរងផលប៉ះពាល់លើប្រាក់ចំណូល។
ស្ថាបនិកអង្គការមូលនិធិកុមារពិការរូបនេះ ក៏បានធ្វើការអំពាវនាវដល់ជនរួមជាតិទាំងអស់ដើម្បីចូលរួមចំណែកក្នុងការចែករំលែកក្តីស្រឡាញ់ជូននូវជនមានពិការភាព តាមរយៈការរៃអង្គាសប្រាក់ ចំណីអាហារ និងសម្ភារៈមួយចំនួន។ បន្ថែមពីនេះលោកក៏បានមានប្រសាសន៍បន្ថែមថា វិបត្តិកូវីដ១៩ បានធ្វើឲ្យគ្រប់គ្នាជួបប្រទះនូវការលំបាកជាច្រើន ប៉ុន្តែជនដែលមានពិការភាពពួកគាត់កាន់តែទទួលរងនូវការប៉ះពាល់ខ្លាំងទៀត។
នៅក្នុងកាលៈទេសៈបែបនេះ ការចូលរួមចំណែកជួយគ្នាក្នុងសហគមន៍ ឬក្នុងសង្គមជាតិយើងទាំងមូលគឺជាការបង្ហាញនូវសន្តានចិត្តនៃការជួយគ្នារួបរួមគ្នាក្នុងនាមជាមនុស្សជាតិក៏ដូចជាក្នុងនាមខ្មែរដូចគ្នា។ សកម្មភាពសប្បុរសធម៌នេះដែរ គឺកើតចេញពីទឹកចិត្តនៃការជួយយកអាសារគ្នា យល់ពីទុក្ខលំបាកក្នុងសង្គម ដូចជាបង្កើតវប្បធម៌នៃការចែករំលែកឲ្យបានកាន់តែប្រសើរបន្ថែមទៀត។
ម្ចាស់ជំនួយឬអ្នកដែលបានចូលរួមក្នុងសកម្មភាពនៃការរៃអង្គាសសម្រាប់កម្មវិធីសប្បុរសធម៌នេះ ក៏អាចចូលរួមដោយផ្ទាល់ជាមួយនឹងអង្គការមូលនិធិកុមារពិការ ដើម្បីបានបានជួបដោយផ្ទាល់និងស្វែងយល់ពីជីវភាព ការរស់នៅ ក៏ដូចជាផលលំបាកមួយចំនួនដែលជនមានពិការភាពកំពុងជួបប្រទះ។ ហើយវាក៏ជាការបង្កើតនូវភាពស្និទ្ធស្នាលក្នុងនាមជាអ្នកផ្ដល់ជំនួយទៅនឹងអ្នកដែលទទួលជំនួយ ក៏ដូចជាការស្វែងយល់ពីសកម្មភាពនានារបស់អង្គការមូលនិធិកុមារពិការផងដែរ លោកអ្នកអាចចូលរួមធ្វើការបរិច្ចាគតាមរយៈលេខទូរស័ព្ទ និងគណនីធនាគារខាងក្រោម៖
017777532 (លោក គង់ វិចិត្រា)
កុងធនាគាររបស់អង្គការ
Komar Pikar Foundation
ABA account 000 237 851
យើងខ្ញុំនឹងធ្វើបញ្ជីសប្បុរសជនទាំងអស់ហើយផ្ញើជូនសាធារណះជន