សែលកាតបន្តនាំមុខក្នុងវិស័យកីឡាអេឡិចត្រូនិច ជាមួយនឹងការរៀបចំកម្មវិធីប្រកួតហ្គេម Rules of Survival KH Cup Season 3 Wild Card
នាថ្ងៃនេះ ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (EFC) ក្រុមហ៊ុនសែលកាត បានប្រកាសនូវការចាប់ផ្តើមជ្រើសរើសកីឡាករសម្រាប់ចូលរួមនៅក្នុងកម្មវិធីប្រកួត Wild Card ដើម្បីសម្រាំងយកអ្នកឈ្នះទៅចូលរួមបន្តនៅក្នុងព្រឹត្តិការណ៍ប្រកួត Rules of Survival ដ៏ធំនាពេលខាងមុខនេះ។
កីឡាករទាំងអស់ អាចចាប់ផ្តើមបង្កើតក្រុម និងចុះឈ្មោះដើម្បីចូលរួមការប្រកួតដណ្តើមពានរង្វាន់ Wild Card ជាមួយនឹងកម្មវិធី Playgame របស់សែលកាត ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២០ ខែកក្កដា។
ក្រុមនាំមុខគេទាំង ១០ នៅក្នុងកម្មវិធីប្រកួត Wild Card នឹងអាចបន្តចូលរួមព្រឹត្តិការណ៍ប្រកួត The Rules of Survival KH Cup Season 3 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែសីហា។
នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន (Ian Watson) បានឱ្យដឹងថា ជាមួយនឹងប្រាក់រង្វាន់សរុបរហូតដល់ទៅ ៥០ លានរៀល ការប្រកួតតាមប្រព័ន្ធអនឡាញនេះ មុខជានឹងអាចទាក់ទាញកីឡាកររាប់រយនាក់ពីទូទាំងប្រទេសកម្ពុជា មកចូលរួមប្រកួតប្រជែងយ៉ាងជក់ចិត្តជាក់ជាមិនខាន។
លោក វ៉ាតសុន បានបន្តឱ្យដឹងទៀតថា ការប្រកួតនេះអាចប្រព្រឹត្តទៅបាន គឺអាស្រ័យដោយមានការសហការគ្នាយ៉ាងជិតស្និទ្ធរវាង ក្រុមហ៊ុនសែលកាត សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា និង NetEase ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ហ្គេមខ្នាតយក្សរបស់ប្រទេសចិន។
“មកទល់ពេលនេះ យើងបានធ្វើការរួមគ្នាជាមួយ EFC និង NetEase អស់រយៈពេលជិតពីរឆ្នាំមកហើយ ដើម្បីបង្កើតសហគមន៍កីឡាករក្នុងស្រុក និងដើម្បីជួយគាំទ្រដល់កីឡាករខ្មែរឱ្យមានឱកាសអាចចូលរួមនៅក្នុងកម្មវិធីប្រកួតលំដាប់ថ្នាក់អន្តរជាតិបាន។”
កាលពីខែមេសាកន្លងទៅថ្មីៗនេះ យើងបានបង្កើត PlayGame ដែលជាកម្មវិធី Virtual Gaming ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំកម្មវិធីប្រកួតតាមអនឡាញ ខណៈដែលពួកយើងកំពុងរង់ចាំការអនុញ្ញាតឱ្យរៀបចំការប្រកួតនៅក្នុងទីលានផ្ទាល់បាន។
“ចំនួនកីឡាករដែលបានចូលរួមនៅក្នុងកម្មវិធីហ្គេមរបស់យើង មានការកើនឡើងគួរឱ្យកត់សម្គាល់ជាខ្លាំង ដោយសារពួកគាត់ ដែលជាក្រុមយុវវ័យ មានទម្លាប់ក្នុងការប្រមូលផ្តុំនិងជួបជុំជាមួយមិត្តភក្តិ ក៏ដូចជាមានចំណង់ចំណូលចិត្តចូលរួមនៅក្នុងសហគមន៍ បើទោះបីការជួបជុំនោះតាមរយៈរូបតំណាងក្តី។
លោក វ៉ាតសុន បានមានប្រសាសន៍បន្ថែមទៀតថា ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជាដែលជួយគាំទ្រយ៉ាងសកម្មទៅលើវិស័យកីឡាអេឡិចត្រូនិច និងជាដៃគូទូរគមនាគមន៍ផ្តាច់មុខរបស់សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា ក្រុមហ៊ុនសែលកាត នឹងខិតខំបន្តពង្រីកកម្មវិធីប្រកួតថ្នាក់ជាតិ ដើម្បីធានាបានថាកីឡាករកម្ពុជាយើង អាចក្លាយជាតំណាងជាតិ ដើម្បីទៅចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រកួតធំៗនៅក្នុងទ្វីបអាស៊ីយើងនេះ។
នាពេលបច្ចុប្បន្ននេះនៅទូទាំងពិភពលោក កីឡាអេឡិចត្រូនិច បានក្លាយជាឧស្សាហកម្មតម្លៃរាប់ពាន់លានដុល្លារ ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សបំផុត។
ក្រុមហ៊ុនសែលកាតបានប៉ាន់ប្រមាណឃើញថា សព្វថ្ងៃនេះ ប្រទេសកម្ពុជាមានអ្នកនិយមលេងហ្គេមប្រមាណជាង ២ លាននាក់ ខណៈដែលទីផ្សារជិតខាងដូចជា ប្រទេសថៃមានចំនួន ១៥ លាននាក់ និងម៉ាឡេស៊ីមានចំនួន ១៤ លាននាក់។
សែលកាត ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា បានរៀបចំកម្មវិធីប្រកួតធំៗ ចំនួន ៥ នៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៩ ដោយក្នុងនោះបានទាក់ទាញក្រុមកីឡាករជាង ១០០០ ក្រុម មកចូលរួម។
ក្រៅពីក្រុមហ៊ុន Netease សែលកាត ក៏បានកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាក្រុមហ៊ុនបង្កើតហ្គេមឈានមុខគេនៅលើពិភពលោកផ្សេងៗទៀត ដូចជា Moonton and Tencent ដើម្បីនាំយកកម្មវិធីហ្គេមពេញនិយមដូចជា Mobile Legends និង PUBG មកបម្រើជូនកំសាន្ត ព្រមទាំងមានរៀបចំព្រឹត្តិការណ៍ប្រកួតយកប្រាក់រង្វាន់ ជូនដល់អ្នកគាំទ្រវិស័យហ្គេមនៅក្នុងប្រទេសកម្ពុជាទៀតផង។
ក្រៅពីកម្មវិធីហ្គេមសម្រាប់លេងកំសាន្ត សែលកាត ក៏កំពុងយកចិត្តទុកដាក់ទៅលើការផ្តល់ជូននូវកម្មវិធីអប់រំតាមប្រព័ន្ធអេឡិកត្រូនិចដ៏សម្បូរបែបផងដែរ។
លោក វ៉ាតសុន បានឱ្យដឹងថា ក្រុមហ៊ុននឹងជម្រាបជូននូវគំនិតផ្តួចផ្តើមនៃគម្រោងសិក្សាតាមអេឡិកត្រូនិចនៅតាមសាលារៀន នាពេលឆាប់ៗខាងមុខនេះ។
លោក វ៉ាតសុន បានមានប្រសាសន៍ថា៖ “ក្នុងនាមជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តគ្រប់គ្រងដោយជនជាតិខ្មែរ ក្រុមហ៊ុនសែលកាត ប្តេជ្ញាជួយគាំទ្រដល់យុវជនក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សជុំវិញ និងក្រេបយកចំណេះដឹងប្រកបដោយប្រសិទ្ធភាពខ្ពស់ខណៈដែលសាលារៀនត្រូវបានបិទ ក៏ដូចជាផ្តល់នូវភាពរីករាយ និងឱកាសដើម្បីអភិវឌ្ឍជំនាញថ្មីៗផងដែរ”។
“សែលកាត នឹងស្វាគមន៍អ្នកដែលចូលរួមប្រកួតទាំងអស់ ហើយយើងសូមធានាថា ការប្រកួតនិងកម្មវិធីហ្គេមរបស់យើង គឺបើកចំហសម្រាប់អ្នកគាំទ្រវិស័យហ្គេមគ្រប់រូបតែម្តង”។
“យើងសូមលើកទឹកចិត្តឱ្យមានការចូលរួមលេងដោយយុត្តិធម៌ ពីព្រោះយើងជឿជាក់ថា វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរៀបចំកម្មវិធីប្រកួតហ្គេមប្រកបដោយសុក្រិតភាពនិងភាពថ្លៃថ្នូរ នៅក្នុងសហគមន៍របស់យើង”។
លោក វ៉ាតសុន មានប្រសាសន៍បន្តថា គោលដៅចុងក្រោយរបស់យើង គឺដើម្បីឱ្យប្រទេសកម្ពុជាមានភាពលេចធ្លោនៅក្នុងឆាកអន្តរជាតិ អាចផ្តល់នូវអាជីពដ៏ពិតប្រាកដមួយ និងផ្តល់នូវប្រាក់ចំណូលដ៏សមគួរសម្រាប់ប្រជាជនខ្មែរ៕