កម្មវិធីមន្ទីរពេទ្យ Smart Hospital របស់ «ពេទ្យយើង» ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅមន្ទីរពេទ្យព្រះឌួង
កម្មវិធីគ្រប់គ្រងមន្ទីរពេទ្យឌីជីថល «ពេទ្យយើង» ជាកម្មវិធីដំណោះស្រាយបច្ចេកវិទ្យាសុខាភិបាលដំបូងគេនៅកម្ពុជា ដែលរៀបចំ និងផលិតឡើងដោយក្រុមហ៊ុន ហ្វឺសវីមិនថេកអេស៊ា ឯ.ក ។ កម្មវិធីឌីជីថលបែបទំនើបនេះចាប់ស្រាវជ្រាវនិងផលិតតាំងពីឆ្នាំ២០១៣ និងចាប់ផ្តើមដាក់ឲ្យដំណើរការនៅមន្ទីរពេទ្យដំបូងគេនៅដើមឆ្នាំ២០១៧។
រហូតដល់បច្ចុប្បន្នមានគ្លីនិក មន្ទីរពេទ្យរដ្ឋ និងឯកជន ចំនួនជិត១៤០បានចុះឈ្មោះប្រើកម្មវិធីមន្ទីរពេទ្យឌីជីថល «ពេទ្យយើង» នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តចំនួន១២ នៅកម្ពុជា។ «ពេទ្យយើង» មានអ្នកចុះឈ្មោះប្រើសកម្មជាង៥០០០នាក់ ក្នុងនោះមានវេជ្ជបណ្ឌិត គិលានុដ្ឋាកយិកា ពេទ្យបច្ចេកទេសតេស្តឈាម វេជ្ជបណ្ឌិតវេជ្ជសាស្ត្ររូបភាព ឱសថការី និងមន្ត្រីរដ្ឋបាលមន្ទីរពេទ្យ និងអ្នកជំនាញឯកទេសសុខភាពសាធារណៈ។
ដោយឡែក មន្ទីរពេទ្យព្រះអង្គឌួង ជាមន្ទីរពេទ្យជាតិដំបូងគេ និងធំជាងគេផ្នែកឯកទេសភ្នែក ត្រចៀក ច្រមុះ និងបំពងក ដែលផ្តើមប្រើកម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល «ពេទ្យយើង» នៅពាក់កណ្តាលឆ្នាំ២០១៩។ កម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល “ពេទ្យយើង” ជាកម្មវិធីបច្ចេកវិទ្យាសុខាភិបាលដំបូងគេនៅកម្ពុជា និងបានទទួលពានពីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ កម្ពុជា និងសហគមន៍អ្នកបច្ចេកវិទ្យានៅកម្ពុជាកាលពីដើមឆ្នាំ២០១៩។ កម្មវិធីជ័យលាភីមួយនេះមានមុខងារ សំខាន់ៗចំនួន១៨ សម្រាប់ជួយឲ្យមន្ទីរពេទ្យប្រតិបត្តិការ និងផ្តល់សេវាបែបឌីជីថលទំនើប៖
- ការគ្រប់គ្រងប្រតិបត្តិការនៅក្នុងមន្ទីរពេទ្យ
- ការគ្រប់គ្រងសិទ្ធិ និង តួនាទីរបស់អ្នកប្រើប្រាស់
- ការគ្រប់គ្រងព័ត៌មាន និង ប្រវត្តិជំងឺរបស់អ្នកជំងឺ
- ការគ្រប់គ្រងដំណើរការធ្វើតេស្តវេជ្ជសាស្ត្រ និង ការធ្វើតេស្តរូបភាពផ្សេងៗ
- ការគ្រប់គ្រង កាលវិភាគ និង ការណាត់ជួបរបស់វេជ្ជបណ្ឌិត
- ការគ្រប់គ្រងស្តុកថ្នាំ និង របស់របរក្នុងមន្ទីរពេទ្យ
- ការគ្រប់គ្រង ឱសថដ្ឋាន និង ការលក់
- ការគ្រប់គ្រង ធនធានមនុស្ស និង ម៉ោងធ្វើការរបស់បុគ្គលិកពេទ្យ
- ការគ្រប់គ្រងកម្រៃជើងសាររបស់បុគ្គលិក
- ការគ្រប់គ្រងវិក័យប័ត្រ
- ការគ្រប់គ្រងគណនេយ្យ
- ការគ្រប់គ្រងកញ្ចប់តម្លៃព្យាបាល
- ការចេញវេជ្ជបញ្ជា
- របាយការណ៍គ្រប់គ្រងធានារ៉ាប់រង
- ការគ្រប់គ្រងការបញ្ជូនអ្នកជំងឺពីផ្នែកមួយទៅផ្នែកមួយ
- ការគ្រប់គ្រងកញ្ចប់សេវាកម្ម
- ការគ្រប់គ្រងរបាយការណ៍ទូទៅ របស់មន្ទីរពេទ្យ
- ការគ្រប់គ្រងដំណើរការរួមបញ្ចូលគ្នាជាមួយ «អ៊ីហែលយើង» (កាត«អ៊ីហែលយើង» សេវាកម្មសុខាភិបាល ការកំណត់ការណាត់ជួបជាមួយអ្នកជំងឺតាមរយៈកម្មវិធីលើទូរស័ព្ទដៃ e-Health Yoeung និង ការភ្ជាប់ជាមួយរថយន្តសង្គ្រោះបន្ទាន់)
បន្ទាប់ពីដំណើរការរលូនជាមួយកម្មវិធី «ពេទ្យយើង» រយៈពេលជាងប្រាំមួយខែមក មន្ទីរពេទ្យ ព្រះអង្គឌួងឈានចូលការអភិវឌ្ឍថ្មីមួយទៀតក្នុងវិស័យសុខាភិបាលនៅកម្ពុជា។ ថ្ងៃនេះថ្នាក់ដឹកនាំមន្ទីរ ពេទ្យព្រះអង្គឌួងបានសម្រេចបំពាក់កម្មវិធីមន្ទីរពេទ្យវ័យឆ្លាត e-Health Yoeung និងកាតសុខភាពវ័យឆ្លាត នៅមន្ទីរពេទ្យមួយនេះ ដើម្បីធ្វើឲ្យមន្ទីរពេទ្យរដ្ឋមួយនេះក្លាយជាមន្ទីរពេទ្យឈានមុខគេក្នុងការផ្តល់សេវាសុខាភិបាលឌីជីថលជូនដល់ពលរដ្ឋកម្ពុជា និងអ្នកមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យ។
«អ៊ីហែលយើង» គឺជាកម្មវិធីគ្រប់គ្រងកំណត់ត្រាប្រវត្តិព្យាបាល និងការណាត់ជួបរបស់អ្នកជំងឺជាមួយវេជ្ជបណ្ឌិត នៅលើទូរស័ព្ទដៃ និង កាត Smart Hospital ដំបូងគេនៅកម្ពុជា។ «អ៊ីហែលយើង» ក៏ជាប្រភពដ៏សំខាន់នៃអត្ថបទគន្លឺះថែទាំសុខភាព ព្រមទាំងព័ត៌មានសុខាភិបាលផ្សេងៗពីក្រសួងសុខាភិបាល និង ស្ថាប័នជំនាញនានានៅក្នុងវិស័យសុខាភិបាលផងដែរ។
បច្ចុប្បន្ននេះ យើងសង្កេតឃើញថាពេលអ្នកជំងឺទៅពេទ្យម្តងៗ ពួកគាត់ត្រូវកាន់ឯកសារប្រវត្តិជំងឺច្រើន មានការបាត់បង់ លំបាកប្រាប់ប្រវត្តិជំងឺទៅវេជ្ជបណ្ឌិត និងចំណាយពេលយូរក្នុងការទទូលសេវាព្យាបាល។ ហេតុនេះ ទើបយើងរកឃើញដំណោះស្រាយថ្មីមួយ ដែលអាចជួយបានទាំងអ្នកជំងឺ និង វេជ្ជបណ្ឌិត។ អ្នកជំងឺ គ្រាន់តែមាន App e-Health Yoeung នៅលើទូរស័ព្ទដៃ និង កាត Smart Hospital ពួកគេអាចគ្រប់គ្រងទិន្នន័យសុខភាព ទាំងអស់បានយ៉ាងងាយស្រួលគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ក្រៅពីនេះ នៅលើ App e-Health Yoeung ក៏មានមុខងារសំខាន់ៗផ្សេងទៀតដូចជា ការណាត់ជួបពេទ្យនិងប្រព័ន្ធរំលឹកណាត់ជួបពេទ្យស្វ័យប្រវត្តិ ការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន ការអានអត្ថបទគន្លឹះថែទាំសុខភាពប្រចាំថ្ងៃ ការទទួលបានព័ត៍មានថ្មីៗពីក្រសួងសុខាភិបាលនិងស្ថាប័នជំនាញនានាក្នុងវិស័យសុខាភិបាល ការពិគ្រោះជំងឺតាមប្រព័ន្ធឌីជីថលជាមួយមន្ទីរពេទ្យ ព្រមទាំងការដាក់ចូលប្រវត្តិជំងឺផ្ទាល់ខ្លួននៅក្នុង App របស់យើងផងដែរ៕