អ្នកដំណើរដែលគេចវេះមិនឲ្យមន្ត្រីធ្វើចត្តាឡីស័កនិងទទួលការត្រួតពិនិត្យ ប្រយ័ត្នមានទោសទ័ណ្ឌ​



ភ្នំពេញ- ក្រោយពេលកម្ពុជារកឃើញអ្នកមានជម្ងឺកូវីដ ១៩ នាំចូលពីក្រៅប្រទេសកាលពីថ្មីនេះៗ កម្ពុជាបានសម្រេចបន្ថែមការរឹតបន្តឹងក្នុងការត្រួតពិនិត្យសុខភាពនៅតាមច្រកចេញចូលអន្តរជាតិ ដោយគ្រប់អ្នកដំណើរទាំងអស់ត្រូវធ្វើតេស្តរកវីរុសកូវីដ១៩ និងធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ប្រសិនជនណាម្នាក់ដែលគេចវេស និងត្រូវដាក់ពិន័យទៅតាមអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥។

វិធានការរឹងបន្តឹងនៅតាមច្រកចេញចូលអន្តរជាតិនេះ រួមមាន ជនបរទេស និងអ្នកដែលដែលកាន់ប៉ាស្ព័របរទេស ត្រូវមានវិញ្ញបនបត្របញ្ជាក់សុខភាព វីរុសកូវីដ ១៩ និងប័ណ្ណធានារ៉ាប់រងសុខភាពដែលមានទឹកប្រាក់ចំនួន ៥ ម៉ឺនដុល្លារ មានឯកសារទាំងនេះទើបអាចចូលប្រទេសកម្ពុជាបាន។

ចំណែកឯង ពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជាហើយដែលកំពុងធ្វើដំណើរឬមានបំណងធ្វើដំណើរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ កាលថ្ងៃទី ២៧ ឧសភា ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចមិនតម្រូវឲ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩ ទេ។

ប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញ គឺតម្រូវឲ្យចូលពិនិត្យសុខភាព និងពិនិត្យសំណាក ហើយដាក់ឲ្យស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ រង់ចាំលទ្ធផលសំណាកថា តើមានរោគឆ្លងឬអត់រោគឆ្លង ទេទើបអនុញ្ញាតឲ្យទៅលំនៅដ្ឋានវិញ។

របាយការណ៍ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបញ្ជាក់ថា ក្រសួងនឹងដាក់ពិន័យ ឬទោសទណ្ឌ លើជនណាម្នាក់ដែលគេចវេសមិនគោរពតាមការណែនាំរបស់ក្រុមការងារនៅតាមច្រកចូល នាំយកមកធ្វើចត្តាឡីស័ក និងធ្វើតេស្តដើម្បីស្វែងរកជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា៖  «តាមស្វែងរកជនដែលគេចវេស មិនគោរពតាមការណែនាំ របស់ក្រុមការងារនៅតាមច្រកចូល នាំយកមក ធ្វើចត្តាឡីស័ក និងធ្វើតេស្ត ហើយដាក់ពិន័យ ឬទោសទណ្ឌ តាមអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល»។

អនុក្រឹត្យស្តីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់និងឆ្លើយតប ការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល  ក្នុងជំពូកទី ៥ ផែ្នកទណ្ឌកម្ម បានបញ្ជាក់ថា អ្នកដំណើរដែលគេចវេះមិនឲ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យឬមិនសហការជាមួយនឹងមន្រ្តីចត្តាឡីស័កក្នុងការអនុវត្តវិធានការសុខភាពមិនបំពេញតាមបែបបទដែលមានកំណត់ក្នុងអនុក្រឹត្យនេះ ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ ពីរសែនរៀល ដល់ មួយលានរៀលទៅតាមទំហំនៃបទល្មើស និងតម្រូវឲ្យអនុវត្តវិធានការសុខាភិបាល។ 

ជាមួយគ្នានេះដែរ ជនណាដែលក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាព ក្នុងគោលបំណងគេចវេះពីការអនុវត្តវិធានការចត្តាឡីស័ក ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។

គួរបញ្ជាក់ផងដែលថា គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នគិតត្រឹមថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០ អ្នកមានវីរុសកូវីដ ១៩ ក្នុងប្រទេសកម្ពុជា មានចំនួនសរុប ១២៤ នាក់ស្រី ៣៩នាក់បុរស ៤៥នាក់ ជាសះស្បើយ ១២២នាក់ ហើយអ្នកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមានចំនួនពីរនាក់ ស្ត្រី ១ នាក់ និងបុរស ១នាក់៕

ដោយ៖ នូ វិរៈ

 

X
5s