លក្ខណសម្បត្តិ ១០ យ៉ាងរបស់សហគ្រិនដែលអ្នកវិនិយោគចង់បានបំផុត
មនុស្សមិនតិចទេដែលមានបំណងប្រាថ្នាចង់ក្លាយជាសហគ្រិន ប៉ុន្តែអ្នកដែលមានបំណងប្រាថ្នាទាំងនោះក៏មិនមែនសុទ្ធតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្លាយជាសហគ្រិននោះដែរ។ វាមានរឿងស្មុគស្មាញ និងឧបសគ្គជាច្រើននៅពីក្រោយវា ហើយមានតែសហគ្រិនពិតប្រាកដប៉ុណ្ណោះដែលអាចដឹងថា វាជាអ្វី។
ជាក់ស្ដែង វិធីធ្វើយ៉ាងណាអាចទាក់ទាញអ្នកវិនិយោគមកបោះទុនរកស៊ីជាមួយអ្នក គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាទាំងនោះ។ ក្រៅពីមានគំនិតល្អផ្ដួចផ្ដើមបង្កើតអ្វីមួយហើយនោះ អ្នកត្រូវរៀបចំខ្លួនឲ្យបានត្រឹមត្រូវជាពិសេសលក្ខណសម្បត្តិ ១០ យ៉ាងខាងក្រោមនេះ ដើម្បីក្លាយជាអ្នកជំនួញប្រកបដោយវិជ្ជាជីវៈម្នាក់ដែលទទួលបានទំនុកចិត្តពីអ្នកវិនិយោគ។
១.ស្រេកឃ្លាននឹងមហិច្ឆតា ប៉ុន្តែធ្វើដោយប្រុងប្រយ័ត្ន
ក្នុងនាមជាសហគ្រិនត្រូវមានមហិច្ឆតាមើលឃើញពីអនាគតរបស់អ្នក ហើយនេះគឺជាភាពចាំបាច់មួយ។ ប៉ុន្តែអ្នកត្រូវមានចំណុចខ្លាំងរបស់អ្នក និងការតស៊ូដើម្បីកសាងផែនការជាក់ស្ដែង និងល្អសម្រាប់អនុវត្តជាប្រចាំ។ នេះមានន័យថា អ្នកកំណត់គោលដៅ និងបទដ្ឋានជាមុនសម្រាប់ដើរដោយប្រុងប្រយ័ត្ននៅក្នុងមុខជំនួញរបស់អ្នក ហើយអាចផ្ដល់ការព្យាករណ៍ហិរញ្ញវត្ថុដើម្បីគាំទ្រដល់តម្រូវការទន់នៅពេលខាងមុខ។
២.បង្ហាញពីភាពវៃឆ្លាត និងក្ដីកង្វល់ចំពោះសង្គមជាតិ
នៅក្នុងពិភពជំនួញនាពេលបច្ចុប្បន្ននេះ វាត្រូវបានជំរុញយ៉ាងសកម្មដោយសារតែអ្នកមើលឃើញពីបញ្ហាសង្គម និងមានក្តីកង្វល់ចំពោះបរិស្ថានជុំវិញរបស់អ្នក។ សហគ្រិនដែលមានភាពវាងវៃក្នុងសង្គម អាចប្រើឱកាសទាំងនេះដើម្បីទាញប្រយោជន៍ដោយការផ្ដល់ដំណោះស្រាយត្រឹមត្រូវ និងសមស្របឆ្លើយតបនឹងតម្រូវការ។ ពួកគេបានបង្កើតជំនួញមួយចូលប្រកួតប្រជែងនៅលើទីផ្សារ ដោយការអនុវត្តយុទ្ធសាស្ត្រទីផ្សារប្រកបដោយប្រសិទ្ធភាពខ្ពស់។
៣.ពូកែស្តាប់ និងបើកចិត្តទូលាយទទួលយកការរិះគន់ពីអ្នកដទៃ
ប្រសិនបើអ្នកជាលសហគ្រិន អ្នកត្រូវបើកចិត្តទូលាយទទួលស្តាប់គំនិត និងទទួលយកការរិះគន់ពីមនុស្សជុំវិញអ្នកដូចជា អតិថិជន បុគ្គលិក ដៃគូជំនួញ និងអ្នកជំនាញជាដើម។ វាជាមូលដ្ឋានគ្រឹះមួយសម្រាប់ជួយពង្រឹងសមត្ថភាពដើម្បីស្វែងរកចំណុចខ្វះខាត និងចំណុចខ្សោយដែលមានទាំងនៅក្នុងមុខជំនួញក៏ដូចជានៅក្នុងខ្លួនរបស់ អ្នក។
៤.បង្ហាញគំនិតវិជ្ជមាន
នៅក្នុងទិដ្ឋភាពជាក់ស្តែងនៃការធ្វើអាជីវកម្ម សហគ្រិនគួរជាមនុស្សដែលតែងតែមានភាពសុទិដ្ឋិនិយម និងគំនិតវិជ្ជមាន ជានិច្ច។ ប្រសិនបើ អ្នកបង្ហាញគំនិតវិជ្ជមាន អ្នកវិនិយោគនឹងមើលឃើញថា អ្នកជាមនុស្សដែលគួរឲ្យជឿជាក់មានការប្ដេជ្ញាចិត្តខ្ពស់ចំពោះអនាគតអាជីវកម្មរបស់អ្នក ហើយអាចផ្ដល់ដំណោះស្រាយសម្រាប់ភាពជោគជ័យក្នុងជំនួញជាជាងនាំយកតែបញ្ហា។
៥.ត្រូវចេះបង្កើតការសន្ទនាជាមួយទស្សនៈ និងគំនិតយល់ឃើញផ្សេងៗគ្នា
លក្ខណសម្បត្តិមួយនេះ នឹងបញ្ចុះបញ្ចូលអ្នកដទៃថា អ្នកជាមនុស្សដែលមានឆន្ទៈក្នុងការស្វែងយល់គំនិត និងបទពិសោធន៍ថ្មីៗ ហើយបង្ហាញការគោរពឲ្យតម្លៃទៅដល់ទស្សនៈ និងគំនិតរបស់មនុស្សជុំវិញខ្លួន។ មិនតែប៉ុណ្ណោះ លក្ខណៈសម្បត្តិមួយនេះ វានឹងជួយឲ្យអ្នកបានរៀនសូត្រពីគំនិតល្អៗទាំងនោះ និងអាចអភិវឌ្ឍខ្លួនបានយ៉ាងឆាប់រហ័សឆ្លើយតបទៅនឹងការវិវត្តថ្មីៗដែលអាចកើតមាននៅក្នុងបរិយាកាសជំនួញ។
៦.មានភាពម្ចាស់ការលើចំណុចខ្លាំង និងចំណុចខ្សោយផ្ទាល់ខ្លួនរបស់អ្នក
អ្នកវិនិយោគនឹងស្វែងរកសហគ្រិនណាដែលមានការប្ដេជ្ញាចិត្តខ្ពស់ ជាមនុស្សដែលបន្តស្វែងរកការពង្រឹងសមត្ថភាពគ្មានដែនកំណត់ទាំងនៅក្នុង និងក្រៅមុខជំនួញរបស់ខ្លួន។ គ្មាននរណាម្នាក់ដែលគ្មានចំណុចខ្សោយនោះទេ ប៉ុន្តែមនុស្សគ្រប់គ្នាអាចរៀនសូត្រ និងកែលំអវាឲ្យកាន់តែមានប្រសិទ្ធភាព។
៧.មិនភ័យខ្លាចក្នុងការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន
មនុស្សម្នាក់ៗសុទ្ធតែមានប្រវត្តិផ្ទាល់ខ្លួន។ ប៉ុន្តែសំខាន់ត្រង់ថា តើអ្នកចេះប្រើប្រវត្តិរបស់អ្នកឲ្យក្លាយជារឿងនិទានមួយសម្រាប់ការលើកទឹកចិត្ត ឬគាំទ្រដល់មនុស្សនៅជុំវិញខ្លួនដែរឬទេ? មានមនុស្សមិនតិចទេដែលចង់ដឹងថា តើអ្នកបានប្រែក្លាយបទពិសោធន៍ជីវិតរបស់អ្នកឲ្យក្លាយទៅជាឱកាសជោគជ័យដោយរបៀបណា? តើអ្នកបានឆ្លើយតបទៅនឹងព្រឹត្តិការណ៍ថ្មីៗទាំងនោះយ៉ាងដូចម្ដេច?
៨.មានអ្នកបង្ហាញ ផ្លូវ
សហគ្រិនអស្ចារ្យម្នាក់ តែងតែស្វែងរកនរណាម្នាក់មកធ្វើជាគំរូរបស់ពួកគេដូចជា គ្រូ គ្រូបង្គោលឬបុគ្គលជាច្រើនទៀតដែលមានឥទ្ធិពលក្នុងមុខជំនួញ។ នេះនឹងជំរុញឲ្យអ្នកក្លាយជាបុគ្គលម្នាក់ដែលចេះស្វែងរកមនុស្សល្អៗមកពង្រឹងបណ្ដាញទំនាក់ទំនងរបស់អ្នកដែលជាគុណសម្បត្តិមិនអាចខ្វះបានក្នុងមានជាសហគ្រិន។
៩.ចេះស្វែងរកជំនួយ
សហគ្រិនទាំងអស់មិនមែនសុទ្ធតែពូកែគ្រប់រឿងនោះទេ។ នោះហើយគឺផ្នែកមួយ នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ។ ប៉ុន្តែគន្លឹះដ៏សំខាន់គឺត្រង់ថា តើអ្នកចេះស្វែងរកជំនួយដែលឬទេនៅពេលជួបបញ្ហាទាំងនោះ? ក្នុងនាមជាសហគ្រិនវៃឆ្លាត និងពូកែ អ្នកត្រូវចេះស្វែងរកជំនួយពីអ្នកដទៃ នៅពេលដែលអ្នកជួបបញ្ហាពិបាកដោះស្រាយទាំងនោះ៕
១០.ភាពស្មោះត្រង់ និងសុចរិតភាពគឺជាមូលដ្ឋានគ្រឹះរបស់អ្នកជំនួញ
ភាពស្មោះត្រង់ និងសុចរិតភាពគឺជាមូលដ្ឋានគ្រឹះរបស់អ្នកជំនួញទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ។ ក្នុងមានជាសហគ្រិនគួរមានសេចក្ដីថ្លៃថ្នូរខ្ពស់ ធ្វើជំនួញតាមគោលការណ៍សុចរិតភាព និងមានសីលធម៌គ្រប់ទិដ្ឋភាពនៅក្នុងជីវិតអាជីវកម្ម។ អ្នកវិនិយោគនឹងសាកល្បងធ្វើតេស្តអ្នក មិនមែនផលិតផលរបស់អ្នកនោះទេនៅពេលពួកគេចង់ធ្វើតេស្តភាពស្មោះត្រង់របស់អ្នក៕
ប្រភព៖ Inc