មានសង្ឈឹមច្រើន! ចិនអាចនឹងមានវ៉ាក់សាំងកូវីដប្រើប្រាស់នាខែកញ្ញា និងសម្រាប់សាធារណៈជននាដើមឆ្នាំក្រោយ​



ប្រទេសចិនអាចនឹងផលិតវ៉ាក់សាំងជំងឺកូវីដ១៩សម្រាប់ការប្រើប្រាស់បន្ទាន់នៅខែកញ្ញា និងសម្រាប់សាធារណៈជននៅដើមឆ្នាំក្រោយ នេះបើយោងតាមអ្នកជំនាញសុខភាពសាធារណៈចិន ចុះផ្សាយដោយ SCMP។

ប្រភពរូប៖ Financial times

នេះគឺជាលើកដំបូងហើយដែលប្រទេសចិនបានបានចេញជាផ្លូវការនូវពេលវេលាក្នុងការអភិវឌ្ឍវ៉ាក់សាំងវីរុសកូរ៉ូណា ខណៈរដ្ឋបាលម្ហូបអាហារនិងថ្នាំពេទ្យអាមេរិក (US Food and Drug Administration) រំពឹងថាអាមេរិកអាចនឹងត្រូវការពេល១ឆ្នាំទៀតដើម្បីផលិតវ៉ាក់សាំងជោគជ័យ និងអង្គការសុខភាពពិភពលោក (WHO) រំពឹងថាត្រូវការពេល ១២ ទៅ១៨ខែទៀតទើបមានវ៉ាក់សាំងសម្រាប់សាធារណៈជន។ 

លោក Gao Fu ប្រធានមជ្ឈមណ្ឌលការពារនិងគ្រប់គ្រងជំងឺឆ្លងចិន ( Chinese Centre for Disease Control and Prevention) បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ប្រាប់ បណ្ដាញទូរទស្សន៍សកលចិន (China Global Television Network) ថាវ៉ាក់សាំងដែលបានឆ្លងកាត់ដំណាក់កាលទី២ ឬទី៣ក្នុងការធ្វើតេស្តវិជ្ជសាស្រ្តអាចនឹងប្រើប្រាស់ក្នុងរលកការផ្ទុះជំងឺកូវីដ១៩ជាលើកទី២។ 

បើយោងតាមកាសែត SCMP ដដែល ប្រទេសចិនបានផលិតវ៉ាក់សាំងចំនួន៣ដែលកំពុងអភិវឌ្ឍបានឆ្លងកាត់ដំណាក់កាលទី១ និងទី២រួចហើយ។

លោក Gao Fu បានមានប្រសាសន៍ថា៖ «យើងស្ថិតនៅលើខ្សែបន្ទាត់ជួរមុខក្នុងការអភិវឌ្ឍវ៉ាក់សាំង។ យើងអាចនឹងផលិតវ៉ាក់សាំងរួចរាល់ក្នុងករណីបន្ទាន់ណាមួយក្នុងខែកញ្ញាខាងមុខនេះ»។

លោកបន្តថា៖ «វ៉ាក់សាំងទាំងនោះគឺជាវ៉ាក់សាំងដែលទើបនឹងអភិវឌ្ឍថ្មីដែលស្ថិតក្នុងដំណាក់កាលធ្វើតេស្តលើកទី២ និងទី៣ ដែលអាចធ្វើការប្រើប្រាស់លើក្រុមមនុស្សពិសេសដូចជាអ្នកធ្វើការផ្នែកថែទាំសុខភាពជាដើម»។

«យើងអាចនឹងមានវ៉ាក់សាំងសម្រាប់ប្រើប្រាស់សម្រាប់សាធារណៈជននាដើមឆ្នាំក្រោយ ប៉ុន្តែភាពអាចទៅរួចនេះកីត្រូវពឹងផ្អែកលើដំណើរការនៃការអភិវឌ្ឍរបស់ពួកយើងផងដែរ»។

បើយោងតាមអង្គការសុខភាពពិភពលោក ខណៈវីរុសកុវីដ១៩បានវាយប្រហារពិភពលោកនិងឆម្លងទៅដល់មនុស្សជាង ២,៧លាននាក់ និងបង្កឲ្យមានអ្នកស្លាប់ជិត ២០០ ០០០នាក់ អ្នកវិទ្យសាស្ត្រកំពុងដុតដៃដុតជើងអភិវឌ្ឍវ៉ាក់សាំងដើម្បីប្រឆាំងនឹងជំងឺសាហាវមួយនេះ។ បើគិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន មានបេក្ខជន៦រូបបានធ្វើការធ្វើតេស្តក្នុងដំណាក់កាលតេស្តសាកល្បងវិជ្ជសាស្ត្រ និង៧៧នាក់ទៀតស្ថិតក្នុងការសិក្សាវិជ្ជសាស្ត្របឋម។

ក្នុងចំណោមក្រុមអ្នកវិទ្យាសាស្រ្តផលិតវ៉ាក់សាំង ក្រុមអ្នកវិទ្យាសាស្រ្តមួយក្រុមរបស់សកលវិទ្យាល័យ Oxford ក៏បានធ្វើតេស្តសាកល្បងធ្វើការចាក់វ៉ាក់សាំងទៅលើអ្នកស្ម័គ្រចិត្ត២រូបកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រើប្រាស់បច្ចេកវិទ្យាដើម្បីផលិតវ៉ាក់សាំងជំងឺ Mers។

លោកស្រីវេជ្ជបណ្ឌិត Sarah Gilbert ប្រធានក្រុមស្រាវជ្រាវវ៉ាក់សាំងក្នុងសកលវិទ្យាល័យខាងលើ បានបង្ហាញនូវក្ដីសង្ឈឹមថាវ៉ាក់សាំងចំនួន ១លាននឹងផលិតរួចរាល់សម្រាប់ការប្រើប្រាស់ក្នុងខែកញ្ញាខាងមុខនេះ។

Moderna ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក បានចាប់ផ្ដើមការធ្វើតេស្តសាកល្បងវិជ្ជសាស្រ្តលើវ៉ាក់សាំង mRNA  ដំបូងគេក្នុងពិភពលោកក្នុងខែមីនា ហើយក្រុមហ៊ុនអាមេរិកមួយទៀត  Inovio Pharmaceuticals បានធ្វើតេស្តលើមនុស្សដំបូងកាលពីខែមុន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតវ៉ាក់ស៊ាំងចិនចំនួន៣មានដូចជាក្រុមហ៊ុន Tianjin, វិទ្យាស្ថានជីវបច្ចេកវិទ្យាប៉េកាំង ( Beijing Institute of Biotechnology) និងវ៉ាក់សាំងផលិតរួមដោយវិទ្យាស្ថានផលិតផលជីវវិទ្យាសាស្ត្រទីក្រុងវ៉ូហាន (Wuhan Institute of Biological Products) និងការអភិវឌ្ឍនិងស្រាវជ្រាវ Sinovac (Sinovac Research & Development) ដែលបានឆ្លងកាត់ការធ្វើតេស្តលើកទី១ ដើម្បីរកអំពីសុវត្ថិភាព និងបានចាប់ផ្ដើមធ្វើតេស្តលើកទី២ ដែលមានអ្នកចូលរួមចំនួន ១ ០០០នាក់ ដើម្បីរកប្រសិទ្ធភាព។ ប៉ុន្តែវ៉ាក់សាំងទាំងនេះត្រូវឆ្លងកាត់ដំណាក់កាលទី៣ ថែមទៀតដើម្បីស្វែងរកអំពីប្រសិទ្ធភាពទៅលើអ្នកជំងឺ៕

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ SCMP

 

 

X
5s