អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ផ្តល់អំណោយថវិកាចំនួន ៥០ ម៉ឺនដុល្លារជូន កាកបាទក្រហមកម្ពុជា
អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បានបរិច្ចាគនូវថវិកាចំនួន ៥០ ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរសាទរខួបគម្រប់លើកទី ១៥៧ នៃទិវាកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហមពិភពលោក ដែលនឹងប្រារព្ធឡើងនៅក្នុងទិវា៨ ឧសភា ឆ្នាំ ២០២០។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ តាមរយៈការផ្តល់ជូនវិញ្ញាបនប័ត្រថ្លែងអំណរគុណដល់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះលោកអគ្គនាយក និងលោកជំទាវ ដែលបានបន្តក្តីអាណិតអាសូរ និងជួយគាំទ្រយ៉ាងធំធេងដល់ប្រជាជាតិខ្មែរ។
នេះគឺជាប្រពៃណីស្វាគមន៍មួយរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកអគ្គនាយក អ្នកឧកញ៉ា គិត ម៉េង ក្នុងការសន្យាផ្តល់អំណោយជារៀងរាល់ឆ្នាំជូនដល់កាកបាទក្រហមកម្ពុជា នៅរៀងរាល់ទិវា ៨ ឧសភា ដើម្បីជួយគាំទ្រដល់ការងារសប្បុរសធម៌ និងចាំបាច់នានាផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។
ទង្វើដ៏ថ្លៃថ្លារបស់លោកអគ្គនាយក គឺសមឥតខ្ចោះជាមួយនឹងប្រធានបទនៃពិធីគម្រប់ខួបរបស់កាកបាទក្រហមឆ្នាំនេះ ដែលមានខ្លឹមសារ៖ “ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា” ។
អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា៖ “យើងបានយល់ច្បាស់ថា ក្នុងនាមជាក្រុមហ៊ុនដែលគ្រប់គ្រងដោយជនជាតិខ្មែរ និងជាមោទនភាពរបស់ពលរដ្ឋខ្មែរទាំងមូល យើងត្រូវតែធានាថា យើងអាចបន្តជួយគាំទ្រដល់អង្គការដែលមានភាពសក្ដិសម និងសមត្ថភាពអស្ចារ្យ ដូចជាកាកបាទក្រហមកម្ពុជា ក្នុងគ្រាដ៏លំបាកបែបនេះ” ។
គួរបញ្ជាក់ផងដែរថា កាលពីខែកន្លងទៅ អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ធ្លាប់បានបរិច្ចាគនូវថវិកាចំនួន ៥០មឺុនដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដោះស្រាយជាមួយនឹងបញ្ហាជម្ងឺកូវីដ ១៩ ។ នេះគឺជានិមិត្តរូបដ៏រឹងមាំមួយទៀតនៃសារៈសំខាន់របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីជួយឱ្យប្រទេសកម្ពុជាមានសុខសុវត្ថិភាព និងអភិវឌ្ឍន៍ឆ្ពោះទៅមុខ។
អំណោយដែលផ្តល់ជូនដោយអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ត្រូវបានទទួលស្គាល់ជាផ្លូវការតាមរយៈលិខិតថ្លែងអំណរគុណ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។
ដោយឡែកផងដែរ ក្នុងអំឡុងឆ្នាំ ២០១៩ អ្នកឧកញ៉ា គិត ម៉េង ក៏បានចូលរួមបរិច្ចាគថវិកាចំនួន ១០ ម៉ឺនដុល្លារជួយដល់ជនរងគ្រោះក្នុងការបាក់រលំអគារ ៧ ជាន់នៅខេត្តកែប និងផ្តល់នូវថវិកាចំនួន ៣ លានដុល្លារទៀត សម្រាប់គម្រោងទំនើបកម្មនៃមន្ទីរពេទ្យកាល់ម៉ែតក្នុងរាជធានីភ្នំពេញ៕